ព្រះសីហនុ៖ បុរស​ជនជាតិ​ចិន ៣ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​រឿង​អំពើ​ប្លន់​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃទី ១៤ ​ខែ​ឧសភា ក្រោយ​ពី​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ក្នុង​អំឡុង​ពេល​ចុះ​បង្ក្រាប នឹង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ១៦ ខែ​ឧសភា​នេះ។

លោក​ឧត្តម​សេនីយ៍ត្រី កុល ផាលី ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ពី​ម្សិល​មិញ​ថា៖ «ជន​ទាំង ៣ នាក់​នេះ ក្រៅ​ពី​ពាក់ព័ន្ធ​អំពើ​ប្លន់​ក៏​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ប្រើ​អាវុធ​ខុស​ច្បាប់​ផង​ដែរ ពួក​គេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់»។

លោក​បាន​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ ZHANG DONG ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជា​អ្នក​កាន់​កាំភ្លើង ឈ្មោះ YUE XIAO BING ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ និង​ឈ្មោះ YANG TIANYIN ភេទ​ប្រុស​ អាយុ ២៦ ឆ្នាំ។

លោក ផាលី ថ្លែង​ថា៖ «ជន​សង្ស័យ​ទាំង ៣ នាក់​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ប្លន់​ជនជាតិ​ចិន​ដូច​គ្នា»។

លោក ផាលី បាន​ឱ្យ​ដឹង​ថា មុន​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពី​មូលដ្ឋាន​កើត​ហេតុថា មាន​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា ៣ នាក់ បាន​ធ្វើ​សកម្មភាព​ភ្ជង់​កាំភ្លើង​ប្លន់​បុរស​ជនជាតិ​ចិន​នៅ​ចំណុច​ក្រុម​ទី៧ ភូមិ ២ សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ ដោយ​មាន​កាំភ្លើង​ខ្លី ១ ដើម ភ្ជង់ និង​មាន​ផ្ទុះ​អាវុធ​ចំនួន ១ គ្រាប់​ផង។

កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស​ និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​គេច​ខ្លួន​អស់។

ក្រោយ​ពី​គេច​ខ្លួន សមត្ថកិច្ច​បាន​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ដល់​ចំណុច​ចំណោទ​សេតេ​ត្រង់​ផ្លូវ​លំ​តូច​មួយ​ស្ថិតនៅ ភូមិ ២ សង្កាត់ ៣ ក្រុង-ខេត្ត​ព្រះសីហនុ ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​នោះ។

នៅ​ពេល​នោះ​ជន​សង្ស័យ​ម្នាក់​បាន​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច​ចំនួន​ ២ គ្រាប់ តែ​មិន​ត្រូវ ហើយ​ជន​សង្ស័យ​បាន​រត់​ចូល​ទៅ​ពួន​ក្នុង​ផ្ទះ ដែល​គេ​ទុក​ចោល​គ្មាន​មនុស្ស​នៅ។

សមត្ថកិច្ច​បាន​ប្រើ​ពេលវេលា​រហូត​ម៉ោង ៧ យប់ នៅ​ថ្ងៃទី ១៤ ឧសភា ទើប​ចាប់​បាន​ជនសង្ស័យ​បាន ដោយ​រឹប​អូស​បាន​កាំភ្លើង​ខ្លី ១ ដើម ម៉ាក K59 បង់​កាំភ្លើង ១ មាន​គ្រាប់ ចំនួន ៤ គ្រាប់ និង​សំបក​គ្រាប់​បាញ់​រួច​ចំនួន ៥ គ្រាប់៕