កំពង់ស្ពឺៈ នគរបាល​បាន​បញ្ជូន​បុរស​ម្នាក់​អាយុ​ ៣០ ​ឆ្នាំ​ ទៅកាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​កាលពី​ម្សិលមិញ ក្រោយពី​ចាប់ខ្លួន​បាន​ជាមួយ​វត្ថុតាង​គ្រឿងញៀន និង​កាំភ្លើង​កែច្នៃ​ និង​កាំបិត ដាវ​ជាច្រើន​ដើម​។

លោក ម៉ាត់ ធុច ស្នងការរង​ទទួល​ផែន​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ ទ្រី ឡិន ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ​មាន​លំនៅ​ភូមិ​ក្រាំងទំនប់ ឃុំ​ចាន់សែន ស្រុក​ឧដុង្គ ខេត្ត កំពង់ស្ពឺ​ដែល​ជន​រូបនេះ​មិន​ត្រឹមតែ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​មាន​លាក់​កាំភ្លើង​កែច្នៃ​ និង​កាំបិត​ទៀតផង​។

លោក ធុច ថ្លែង​ថា​៖ «​ករណី​នេះ​ច្បាប់​នឹង​រក​ហេតុផល​គាត់​បន្តទៀត​។ ជន​នោះ​សមត្ថកិច្ច​ជំនាញ​របស់ខ្ញុំ​បាន​សាកសួរ​គាត់​តាម​នីតិវិធី​ចប់​ហើយ​ហើយ​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​គាត់​បន្តទៅ​តុលាការ​»​។

លោក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា មុន​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​សមត្ថកិច្ច​បាន​ប្រើពេល​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាច្រើន​ថ្ងៃ​មកហើយ​ព្រោះថា មាន​អ្នកភូមិ​ឲ្យ​ដំណឹង​ថា​ក្នុងភូមិ មានមុខ​សញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ ប៉ុន្តែ​គេ​មិនដឹងថា​ជនសង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ប្រាកដ​ទេ​។

លុះ​វេលា​ម៉ោង​ ៣ ​និង​ ១០ ​នាទី​រសៀល​ថ្ងៃទី​ ២៧ ​មីនា​ ជនសង្ស័យ​បានធ្វើ​សកម្មភាព​បម្រុង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​ភូមិ​ក្រាំងទំនប់ ឃុំ​ចាន់សែន ស្រុក​ឧដុង្គ ។ សមត្ថកិច្ច​បាន​ចុះ​ដល់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ហើយ​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​តែម្តង​ហើយ​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេរ​ខ្លួន​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ចំនួន​ ៤ ​កូន​ថង់​តូច​ដើម្បី​យកទៅ​ចែកចាយ​បន្ត​។

លោក​ថា​៖ «​ពេល​យើង​ឃាត់ខ្លួន​គាត់​ហើយ​យក​គាត់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ទើប​លេច​ចេញ​ពី​ការ​លាក់​កាំបិត​នេះ​»​។

លោក​បាន​ឲ្យ​ដឹងថា ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​រួមមាន​៖ ថ្នាំញៀន​ ៤ ​កញ្ចប់​ (៣ ​តូច និង មធ្យម​ ១), កាំភ្លើង​កែច្នៃ​ចំនួន ២ ​ដើម ដាវ​ចំនួន​ ៧ ដើម និង​កាំបិតផ្គាក់​ចំនួន​ ១០ ​ដើម​រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀត​។

ដោយឡែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ចំនួន​ ៤ ​កញ្ចប់​នេះ​គាត់​បាន​ទិញ​ពី​បុរស​ម្នាក់​តែ​គាត់​មិន​ស្គាល់ឈ្មោះ​បុរស​នោះទេ ហើយ​គាត់​ទិញ​ថ្នាំញៀន​នេះ​មក​គឺ​ដើម្បី​បំណង​រំលែក​លក់ ប៉ុន្តែ​គាត់​មិនទាន់​ចាត់ចែង​យក​គ្រឿងញៀន​ទៅ​រំលែក​លក់​ផង ក៏​ស្រាប់តែ​សមត្ថកិច្ច​ឃាត់ខ្លួន​គាត់​តែម្តង​។

លោក​ថ្លែងថា ជនសង្ស័យ​បាន​ប្រាប់ថា​ពាក់ព័ន្ធ​នឹង​ដាវ កាំបិត​ដែល​គេ​បាន​លាក់ទុក​នោះ​គឺ​គេ​មិនបាន​យកទៅ​ធ្វើ​សកម្មភាព​អ្វី​ទេ​ប៉ុន្តែ​បើទោះជា​ជនសង្ស័យ​មិន​បាន​សារភាព​ប្រាប់​ត្រង់​ក៏ដោយ​ក៏​សមត្ថកិច្ច​ជឿថា កាំបិត​ដាវ​ទាំងនោះ​អាច​ជនសង្ស័យ​យកទៅ​ធ្វើ​សកម្មភាព​ល្មើស​ផ្សេងៗ​។ ព្រោះ​បើសិនជា​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​ក៏​មិន​អាចមាន​ចំនួន​ច្រើនបែប​នេះដែរ​។ ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ទៀត​ដើម្បី​ស្វែងរក​បក្ខពួក​របស់​ជន​នេះ​៕