ភ្នំពេញៈ បុរសអាយុ ៣៣ ឆ្នាំម្នាក់ ជាថៅកែនំប៉ាវត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅសាលាដំបូងកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការបង្កហិង្សាលើកូនឈ្នួលម្នាក់ឲ្យរងរបួស ដែលបានប្រព្រឹត្តនៅភូមិសំបួរ សង្កាត់-ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ៩ តុលា។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យឈ្មោះ សៀវ ទី ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានលំនៅផ្ទះជួលផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មករដឹកនំប៉ាវដាក់ឲ្យម៉ួយ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២តុលា។ ប៉ុន្តែបើតាមរយៈការស៊ើបអង្កេតគឺទំនាស់ក្នុងរឿងនេះកើតឡើងពីបញ្ហាលុយកាក់ហើយក៏វាយគ្នាទៅវិញទៅមកប៉ុណ្ណោះ។
លោក ស៊ីថា ថ្លែងថា៖ «ទំនាស់នេះមិនមែនជារឿងធំដុំទេគ្រាន់តែវាយប្រតាយប្រតប់គ្នា ប៉ុណ្នឹងមិនមែនជាការបង្ករបួសស្នាមធ្ងន់ធ្ងរអីទេ»។
យ៉ាងណាបើតាមមន្រ្តីនគរបាលប៉ុស្តិ៍សង្កាត់ដង្កោមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះប្រាប់ពីម្សិលមិញថា មុនកើតហេតុជនរងគ្រោះត្រូវបានជនសង្ស័យជាម្ចាស់ហាងនំប៉ាវប្រើឲ្យយកកេះនំប៉ាវជាង ២៦ កេះ ទៅដាក់ឲ្យម៉ួយដូចសព្វដង។ បន្ទាប់ពីជនរងគ្រោះដើរបោះឲ្យម៉ូយគ្រប់កន្លែងហើយក៏ត្រឡប់មកផ្ទះថៅកែវិញដើម្បីរាយការណ៍។
ពេលនោះថៅកែបានគិតបញ្ជីលុយឃើញថា មានអតិថិជនម្នាក់បានជំពាក់មិនទាន់ទូទាត់លុយនំប៉ាវចំនួន ៤ កេះ ប៉ុន្តែជនរងគ្រោះនិយាយទៅជនសង្ស័យថាអតិថិជនម្នាក់នោះនៅជំពាក់តែ ៣ កេះទេ តែជនសង្ស័យមិនជឿហើយក៏មានការទាស់ពាក្យសម្តីគ្នាទៅ។
ក្រោយជជែកមិនចុះសម្រុងគ្នានោះជនសង្ស័យបានយកដៃវាយលើជនរងគ្រោះហើយស្រែកគំរាមឲ្យជនរងគ្រោះអង្គុយនៅមួយកន្លែង។ បន្ទាប់មកជនសង្ស័យបានដើរទៅផ្ទះបាយកាន់កាំបិតប៉័ងតោមកហើយវាយទាត់ធាក់និង ច្របាច់កនិងយកកាំបិតវាយផ្ទប់ទៅលើផ្ទៃមុខជនរងគ្រោះបណ្តាលបែកក្បាលចេញឈាម និងហើមក្បាលខ្លាំង។ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ៕