កណ្ដាល: មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ពី​ម្សិលមិញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ២ ​នាក់​ ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ចែង​តាម​នីតិវិធី បន្ទាប់ពី​ឃាត់ខ្លួន​ពីថ្ងៃ​ទី​ ១៧ ខែវិច្ឆិកា ក្នុងអំឡុង​ពួកគេ​វាយបំផ្លាញ​រូបសំណាក​បូជនីយដ្ឋាន​សាសនា​នៅលើ​ភ្នំ​ប្រសិទ្ធិ៍​ក្នុង​វត្ត​ត្រ័យត្រឹង្ស ស្ថិត​នៅ​ភូមិ​តាពិជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។

លោក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ២ ​នាក់​ឈ្មោះ គង់ សំណាង និង​ឈ្មោះ ប៊ិន សុភា ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ១៨ ​ខែ​វិច្ឆិកា ដើម្បីឱ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​ពាក់ព័ន្ធ​ការធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​បូជនីយដ្ឋាន​សាសនា ឬ​បូជនីយដ្ឋាន​វត្ថុ​ក្នុង​ព្រះពុទ្ធសាសនា នៅ​ចំណុច​លើ​ភ្នំ​ប្រសិទ្ធិ៍ ក្នុង​បរិវេណ​វត្ត​ត្រ័យត្រឹង្ស​។

ជនសង្ស័យ​បាន​ធ្វើឱ្យ​ខូចខាត​រូបសំណាក​ព្រះ​នាង​គ្រប់លក្ខណ៍​ ១ រូបសំណាក​ព្រះនាងពៅ​ ១ រូបសំណាក​កុមារពេជ្រ​ ១ រូបសំណាក​ព្រះអង្គ​ចេក​១ ព្រះក្លស្ស​ចំនួន ៣ ផើងផ្កា​ ១ ពាង​ ២ បង្គោល​សូឡា​ ១ គ្រឿង​សក្ការៈ​ដូចជា បាយសី​ផ្កាភ្ញី​មួយចំនួន រូបសំណាក​ព្រះនាង​ទេពប្រណម្យ​ ៤ រូបសំណាក​ក្បាលនាគ ២ អាស្រម​អ្នកតា​ ១ និង​របារ​ដែក​ទ្វារ​ព្រះវិហារ​។

លោក ដួង តេង បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ គង់ សំណាង ជា​អ្នកប្រព្រឹត្ត រីឯ​ឈ្មោះ ប៊ិន សុភា ជា​អ្នករត់​តាក់ស៊ី​ដឹក​ជនសង្ស័យ​មក​កន្លែង​កើតហេតុ​។ ចំពោះ​មូលហេតុ​នៃ​ការវាយបំផ្លាញ​នេះ គឺ​មិនមែន​ដោយសារ​កំហឹង​បន់ស្រន់​អ្វីមួយ​មិន​បាន​សម្រេច​ទេ គឺ​ជនសង្ស័យ​មាន​ជំងឺ​សរសៃប្រសាទ​ (​បញ្ហា​ខួរក្បាល​) ប៉ុន្ដែ​គ្មាន​លិខិត​ពេទ្យ​បញ្ជាក់​ទេ ជំងឺ​គាត់​រើ​ឡើង​ម្ដង​។ ​

បុរស​ឈ្មោះ ប៊ិន សុភា មិនមាន​ទោសកំហុស​រហូត​ដល់​ការឃុំខ្លួន​ទេ ដោយសារ​គាត់​ជា​អ្នក​រត់​តាក់ស៊ី ហើយ​ត្រូវ​ជន​សង្ស័យ​ជួល​ឱ្យ​ដឹក​មករក​កន្លែង​ស័ក្តិសិទ្ធិ​អុជ​ធូប​បន់ស្រន់ ប៉ុន្ដែ​មិន​នឹកស្មាន​ថា ជនសង្ស័យ​ទៅ​វាយបំផ្លាញ​រូបសំណាក​ទេ​។

លោក សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក សូត្រ ស៊ីម មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកណ្ដាល​ដែលជា​អ្នកអភិរក្ស​ភ្នំ​ប្រសិទ្ធិ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឈ្វាំង ដោយសារ​មាន​បុរស​ ២ ​នាក់​បាន​ជិះ​រថយន្ត​មក​ឈប់​លើ​ភ្នំ​ប្រសិទ្ធិ៍ ហើយ​ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ សំណាង បាន​រត់​សំដៅទៅ​ព្រះវិហារ​រួច​ធ្វើ​សកម្មភាព​ធាក់​ទ្វារ​ព្រះវិហារ និង​វាយកម្ទេច​វត្ថុ​បូជា​៕