ឧត្តរមានជ័យៈ នគរបាលខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃម្សិលមិញបានបញ្ជូនជនសង្ស័យដែលជាពេទ្យនៅតាមភូមិម្នាក់ទៅសាលាដំបូងខេត្តឧត្តរមានជ័យ បន្ទាប់ពីពេទ្យរូបនេះបានព្យាបាលបុរសម្នាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី ២ ខែមីនា។
លោក យិន ណារ៉េត ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា បុរសជាពេទ្យឈ្មោះ អ៊ុក រ៉ែន អាយុ ២៩ ឆ្នាំ រស់នៅភូមិគោកសំព័រ ឃុំលំទង។ រីឯជនរងគ្រោះឈ្មោះ ឈន់ ឈយ អាយុ ៧២ ឆ្នាំ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែងដូចគ្នា។ «ជនសង្ស័យខាងខ្ញុំបញ្ចូនគាត់ទៅតុលាការព្រោះគាត់ពាក់ព័ន្ធបាត់បង់ជីវិតមនុស្ស»។
លោក សិន វណ្ណៈ អធិការស្រុក អន្លង់វែង ថ្លែងថាក្រុមគ្រួសារជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចរបស់លោក។ គ្រូពេទ្យម្នាក់នេះបានបើកព្យាបាលអ្នកជំងឺយូរមកហើយ ហើយបើតាមលោកទៅពិនិត្យនៅកន្លែងកើតហេតុឃើញថា គាត់មានលិខិតបញ្ជាក់ថា គាត់ជាគ្រូពេទ្យកម្រិតមធ្យម។ ប៉ុន្តែដោយសារពាក់ព័ន្ធនឹងការស្លាប់មនុស្ស ដូច្នេះលោកត្រូវតែឃាត់ខ្លួន។ «សមត្ថកិច្ចខ្ញុំមាននាទីតែឃាត់ខ្លួនទេតែខាងបច្ចេកទេសព្យាបាលយ៉ាងណានោះមិនមែនកិច្ចការខ្ញុំទេ»។
លោកវេជ្ជបណ្ឌិត ឃួន ប៉ោង អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យដែលចុះស៊ើបអង្កេតពីករណីនេះថ្លែងថា ពេទ្យរូបនោះបានប្រមូលយកសម្បកថ្នាំដែលគាត់បានប្រើយកទៅដុតចោលអស់ហើយដូច្នេះលោកគ្មានអ្វីវិភាគ ឬជាភ័ស្តុតាងដើម្បីស្រាវជ្រាវរកឲ្យឃើញពីមូលហេតុពិតបានទេ។
លោកបន្តថា ពេទ្យនោះបានប្រាប់សមត្ថកិច្ចចម្រុះថា គាត់ប្រើតែថ្នាំដែលគាត់បានបង្ហាញជូនសមត្ថកិច្ចនោះទេ។ តែតាមការពិតថ្នាំដែលគាត់ប្រើទៅធ្វើឲ្យមានប្រតិកម្មដល់ជនរងគ្រោះគឺគាត់ដុតចោលអស់ហើយ។ សាច់ញាតិនិយាយថា ក្រុមគ្រួសារបានដឹកអ្នកជំងឺមកឲ្យពេទ្យនេះព្យាបាលតាំងពីថ្ងៃទី ១៧ ខែកុម្ភៈ ដោយមុនដំបូងជនរងគ្រោះគ្រាន់តែក្តៅខ្លួនអស់កម្លាំងប៉ុណ្ណោះ៕