សៀមរាបៈ ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​សៀមរាប​បាន​បញ្ជូន​បុរស​ជា​ឪពុកចុង​អាយុ​ ៣៤ ​ឆ្នាំ​ម្នាក់​ ទៅ​សាលាដំបូង​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ​បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា ពាក់ព័ន្ធ​ចាប់​កូនស្រី​ចុង​អាយុ​ទើប ៥ ​ឆ្នាំ រំលោភ​សេពសន្ថវៈ​ចំនួន​ ២ ​លើក​នៅ​ឃុំ​ល្វាក្រាំង ស្រុក​វ៉ារិន​កាលពី​អំឡុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​។

លោក​ ជា ហេង ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ ព្រឿង សំ ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​សកម្មភាព​ប្រព្រឹត្ត​របស់គេ​។

លោក​ថ្លែង​ថា​៖ «​ករណីនេះ ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ពី​ទង្វើ​ប្រព្រឹត្ត​ទៅលើ​កូនស្រី​ចុង​របស់​គាត់​មែន ហើយ​ជននេះ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​»​។

លោក ប៊ូយ សុគន្ធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កុមារី​រងគ្រោះ​ឈ្មោះ ស.ច. រ . អាយុ ៥ ​ឆ្នាំ ដែល​ឪពុកចុង​ចាប់រំលោភ​នោះ​ត្រូវ​បាន​សមាគមនារី ស្រុក​វ៉ារិន នាំ​ទៅ​មន្ទីរពេទ្យបង្អែក ខេត្ត​សៀមរាប​ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​។

លោក​បញ្ជាក់ថា​៖ «​ដំបូង​ខាង​មន្ទីរពេទ្យបង្អែក​ស្រុក​វ៉ារិន ធ្វើ​កោសល្យវិច័យ​ដែរ តែ​មិន​ច្បាស់​។ ដូច្នេះ​ក៏​យក​ក្មេង​ទៅ​មន្ទីរពេទ្យ​ខេត្ត​ទៅ​។ ប៉ុន្តែ​ប្រដាប់ភេទ​ក្មេង​គ្រាន់​តែ​ដាច់​រលាត់ស្បែក​ទេ​»​។

បើ​តាម​លោក​ សុគន្ធ ម្តាយ​ក្មេងស្រី​រងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ ៣ ​នាក់ ហើយ​ក្មេងរងគ្រោះ​ជា​កូន​ទី​ ៣ និង​បាន​យក​ជនសង្ស័យ​ជា​ប្តី​បាន​ ៥ ​ឆ្នាំ ហើយ និង​មាន​កូន​មួយ​ជាមួយ​គ្នា​។ កាលពី​អំឡុង​ខែ​កញ្ញា​ឆ្នាំ​ ២០១៩ ជនសង្ស័យ​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​រួមភេទ​បាន​ម្តង​ហើយ​មក​ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​ក្មេងរងគ្រោះ​ម្តង​ទៀត​នៅផ្ទះ តែ​ចៃដន្យ​ត្រូវ​បាន​យាយ​របស់​នាង​បាន​ឃើញ​សកម្មភាព​ជនសង្ស័យ ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង​។

លោកបញ្ជាក់​ថា​ ក្រោយ​ចាប់ខ្លួនជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ថា គាត់​រំលោភ​កូនស្រី​ចុង​បាន​ ២ ​លើក​ពិតប្រាកដ​មែន​។ ចំណែកឯ​ក្មេងរងគ្រោះ​នាង​ឆ្លើយ​មិន​បាន​ច្បាស់​ទេ ដោយសារ​នាង​នៅ​ក្មេង​ពេក តែ​ចម្លើយ​របស់​នាង​មាន​ចំណុច​ខ្លះ ស៊ីចង្វាក់​នឹង​ចម្លើយ​របស់​ជនសង្ស័យ​។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «​រឿងនេះ​ជនសង្ស័យ​បាន​សារភាព តែ​ប្រពន្ធ​របស់​គាត់​ (​ម្តាយ​ក្មេងស្រី​រងគ្រោះ​) ថា​ប្តី​គាត់​មិន​អាច​ធ្វើ​រឿង​អាក្រក់​បែបនេះ​លើ​កូនស្រី​ខ្លួន​ទេ​។ តែ​ទោះ​ជា​យ៉ាងណា ទុក​ជូន​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​»៕