កណ្តាលៈ ជនសង្ស័យ​ជា​ឪពុកបង្កើត​ដែល​បាន​វាយ​កូនប្រុស​ ២ ​នាក់ ​បណ្តាលឱ្យ​ឈាម​ខ្នង និង​បែកក្បាល ​នៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ កាលពី​ថ្ងៃទី​ ១៦ ​តុលា ​ត្រូវ​បាន​នគរបាល​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​រសៀល​ម្សិលមិញ​។

លោក រស់ សាវិន ​ប្រធាន​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តកណ្តាល​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ កែវ ភា អាយុ​ ៣៩ ​ឆ្នាំ ​ជា​កសិករ រីឯ​កូនប្រុស​រងគ្រោះ​ម្នាក់​ឈ្មោះ​ ភឿន សុភាព អាយុ​ ១៥ ​ឆ្នាំ និង ​ភឿន សុផាន់ អាយុ​ ៣ ​ឆ្នាំ​រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​វាយ​កូន​បង្ក​ឱ្យ​មាន​របួសស្នាម​ធ្ងន់ធ្ងរ​ដែល​នេះ​ ជា​ការរំលោភ​លើ​សិទ្ធិ​របស់​ក្មេង​ដែល​ការពារ​ដោយ​ច្បាប់​។

លោក ព្រំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ថ្លែង​ពី​ម្សិលមិញ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​ថា មូលហេតុ​ដែល​ជនសង្ស័យ​ខឹង​វាយ​កូនៗ ដោយសារ​តែ​កូន​របស់គាត់​មិន​ធ្វើតាម​ការបង្គាប់​របស់គាត់ ដែល​ហាម​មិនឱ្យ​ដើរចោល​ផ្ទះ នៅពេល​ណា​ដែល​គាត់​មិន​នៅផ្ទះ​។

កាលពី​ថ្ងៃទី ១៦ ​តុលា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះ​ស្រាប់តែ​វាយ​កូនប្រុស​បង​នឹង​ខ្សែ​ភ្លើង​បណ្តាល​ឱ្យ​ត្រូវ​ខ្នង​ចេញឈាម​ប្រមាណ​ជា​ ២ ​រំពាត់ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​។ នៅពេល​ឃើញ​បង​ត្រូវ​ឪពុក​វាយ ក្មេង​ជា​ប្អូន​បាន​ស្ទុះ​ទៅ​ឱប​បង តែ​ឪពុក​ដែល​កំពុង​វាយ​កូនប្រុស​បង​នោះ​មិន​បាន​បង្អង់​ដៃ​ទេ ដែល​ធ្វើឱ្យ​ខ្សែភ្លើង​នោះ​វាត់​ត្រូវ​ក្បាល​កូន​ប្អូន​ចេញ​ឈាម​។

លោក​បន្តទៀត​ថា បន្ទាប់ពី​ជនសង្ស័យ​វាយ​កូន​មក​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ឈើទាល បំណង​ឱ្យ​សមត្ថកិច្ច​ហៅ​ប្តី​មក​អប់រំ​ណែនាំ​កុំ​ឱ្យ​ប្រព្រឹត្ត​ហិង្សា​លើ​កូនៗ​ទៀត​។ ប្រពន្ធ​ជនសង្ស័យ​ថា ពេលនោះ​ប្តី​គាត់​ស្រវឹងស្រា​។ ពេល​ជនសង្ស័យ​កំពុង​វាយ​កូន​នោះ​ដែរ ប្អូនប្រុស​ជនសង្ស័យ​បាន​ថត​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក ហើយ​ក៏​មាន​ការចែករំលែក​បន្ត​គ្នា​ពី​ ១ ​ទៅ​ ១​។

លោក​ សំណាង ​ថ្លែងថា​៖ «​តាម​ពិនិត្យ​ទៅ​របួស​ត្រូវ​ក្មេង​នោះ​ហាក់​មិន​ធ្ងន់​ទេ​ប៉ុន្តែ​ពេល​វ៉ៃ​ភ្លាមៗ​ថត​បាន​ថ្មីៗ​មាន​ឃើញ​ឈាម​មើល​ទៅ​ដូចជា​ធ្ងន់ធ្ងរ​ដែរ​។ ទើប​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឪពុក​នោះ​ទៅ​»៕