ភ្នំពេញៈ នគរបាល​កម្ពុជា​ នៅតែ​បន្ត​តាមរក​ចាប់ខ្លួន​ក្រុម​ជនជាតិ​ចិន​ចំនួន ២០ នាក់​​ ដែល​​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​ គំរាម​បង្ក​​ធ្វើ​ឲ្យ​មាន​​អ​សន្ដិសុខ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ បើ​ទោះបី​​ជា​ស្ថានទូត​ចិន​ ​អះអាង​ថា ពលរដ្ឋ​ខ្លួន​ទាំង​នោះ​មិន​មាន​​​ចេតនា​​បង្កការ​អុក​ឡុក​ដល់​សន្ដិសុខរ​បស់​កម្ពុជា​ក្តី​​។

លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​កា​ល​​​ពី​ម្សិលមិញ​ថា នគរបាល​កម្ពុ​ជា​នៅតែ​បន្ត​​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​រក​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ២០ នាក់​ដដែល ថ្វី​ដ្បិត​បច្ចុប្បន្ន ពួក​គេ​ មិនបាន​ស្នាក់នៅ​ក្នុងប្រទេស​ កម្ពុជា ហើយ​បើទោះបីជា​មាន​ការ​​បកស្រាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ថា ក្រុម​ចិន​ទាំងនោះ មិនមាន​ចេតនា​ពិតប្រាកដ​ ក្នុង​ការ​បង្ក​ភាព​អសន្ដិសុខ​ដល់​ប្រទេស​​កម្ពុជា​ក៏ដោយ។

លោក​ថា៖ «យើង​អត់​បាន​រកឃើញ​វា​ផង ព្រោះ​វា​អត់​នៅ​ស្រុក​ខ្មែរ​ផង។ ប្រាកដ (នៅតែ​បន្ត​តាមរក​ចាប់ខ្លួន ប្រសិនបើ​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ) ។នៅ​អំឡុង​ដើមខែ​ឧសភា​នេះ មាន​ឃ្លី​ប​វីដេអូ​មួយ​ ត្រូវបាន​គេ​ចែករំលែកតៗគ្នា​ តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក ដែល​បង្ហាញ​អំពី​ក្រុម​ជនជាតិ​ចិន​ចំនួន ២០ នាក់ ភាគច្រើន​នាំគ្នា​ដោះអាវ​ថត​បង្ហោះ​ ដោយ​ពួកគេ​​និយាយ​​ក្អេងក្អាង ​ជា​មួយ​នឹង​ការ​​ព្រមាន​ចេញ​ធ្វើ​​សកម្មភាព​អុកឡុក​ធ្វើឱ្យមាន​ភាព​អសន្ដិសុខ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ ៣ ឆ្នាំ​ខាងមុខ។

ក្រោយ​មាន​ការ​បង្ហោះ​​វីដេអូ​នេះ ស្ថានទូត​ចិន ​បាន​​ចេញ​មុខ​​សម្របសម្រួល​ឱ្យ​នគរបាល​កម្ពុជា​ និង​ចិន​សហការគ្នា ធ្វើ​ការ​ស៊ើប​អង្កេត​តាមរក​ជនជាតិ​ចិន​ទាំងនេះ។ រហូតដល់​ថ្ងៃទី ១៧ ខែ ឧសភា​ ស្ថានទូត​ចិន​បា​ន​បង្ហោះ​ព័ត៌មាន​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ក្រុម​ជនជាតិ​ចិន​ ដែល​ថត​បង្ហោះ​វីដេអូ​ពាក់ព័ន្ធ​នឹង​សង្គមងងឹត​ តាម​ប្រព័ន្ធ​អីុនធឺ​ណិត ហើយ​អះអាងថា ពួកគេ​មកពី​ទីក្រុង Chongging ប្រទេ​ស​ ចិន ប៉ុន្តែ​បន្ទាប់ពី​ការ​ស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​ប្រទេស​ចិន​បាន​រកឃើញថា ក្រុម​ជនជាតិ​ចិន​ ដែល​ព្រមាន​ធ្វើឱ្យ​មាន​ភាពអសន្ដិសុខនៅ​ប្រទេស​ កម្ពុជា​ នេះ​ គឺ​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ព្រោះ​ធ្វើឡើង​ក្រោយ​ពី​ពួកគេ​ស្រវឹង​ស្រា។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ចិន ​«ក្រោយ​ការស៊ើបអង្កេត​យ៉ាង​ហ្មត់​ចត់​របស់​សមត្ថកិច្ច​ចិន រក​​ឃើញថា វីដេអូ​នេះ ត្រូវបាន​ថត​ដោយ​ជនជាតិ​ចិន​មកពី​ទីក្រុង Chongging ដែល​បានមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ​កាលពី​ខែមីនា ឆ្នាំនេះ ហើយ​ក្រោយពី​ស្រវឹងស្រា​ ពួកគេ​ បាន​ថត​វីដេអូ​មិនល្អ​បែបនេះ ដោយ​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ។ បុគ្គល​ទាំងឡាយ​នៅក្នុង​វី​ដេ​អូ​នេះ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត​ណាមួយ​ទេ»។

យ៉ាង​ណា​ក្តី បើ​តាម លោក ឆាយ គឹម​ខឿន ក្រុម​ជនជាតិ​ចិន​ទាំងនេះ គឺ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅក្នុង​ប្រទេស ​កម្ពុជា ប៉ុន្តែ​លោក​មិនអាច​បកស្រាយ​ចំពោះ​សំណួរថា តើ​នគរបាល​ប្រទេស ​ចិន មាន​វិធានការ​ផ្លូវ​ច្បាប់​យ៉ាងណា​ចំពោះជន​ជាតិ​ចិន​ទាំងនោះ ដើម្បី​ឱ្យមក​ប្រឈម​មុខ​ច្បាប់​របស់​កម្ពុជា​ឡើយ។

លោក​ថា៖ «នៅក្នុង​ប្រទេស​គេ ប្រជាពលរដ្ឋ​គេ គេ​អត់​ធ្វើ​អី អត់​ដឹងថា​ម៉េច​ដែរ ដូច​បញ្ជាក់​ក្នុង​សារ​របស់​ទូត។ អានេះ​ច្បាប់​ប្រទេស​យើង (បទល្មើស​ជាក់ស្ដែង) ហើយ​ច្បាប់​ប្រទេស​គេ អត់​ដឹង​ថា​ម៉េច»។

លោក​មេធាវី​ ឡោ ជុន​ធី បាន​លើកឡើងថា ជន​ជាតិចិន​ទាំងនោះ ​គួរ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​ប្រឈម​មុខនឹង​ផ្លូវច្បាប់​របស់​កម្ពុជា ពីព្រោះ​ពួកគេ ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ប្រឆាំង​ច្បាប់​កម្ពុជា និង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ កម្ពុជា។

លោក​​បន្តថា តាមច្បាប់ អាជ្ញាធរ​ ត្រូវ​រក​ឲ្យ​ឃើញ​ក្រុម​ជនជាតិចិន​ទាំងនោះ ដើម្បី​ចាប់​បញ្ជូន​ទៅ​តុលាការ ដោយ​​លោក​អះអាង​ថា ការ​ធ្វើ​វីដេអូ​គំរាម​ដល់​សន្ដិសុខ​ជាតិ​ គឺជា​ចេតនា​មួយ​ ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​សន្ដិសុខ​ជាតិ ហើយ​មិនអាច​យក​លេស​ថា​ ជាការ​លេងសើច​ ដោយសារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឡើយ។

លោក​ថា៖ «អ្នកឯង​ប្រើ​គ្រឿង​ស្រវឹងអ្នកឯង​មកលេង​សើច​អ៊ីចឹ​​ង អត់​ទេ តាមច្បាប់​ចាប់​ទាំងអស់ ដាក់ទណ្ឌកម្ម​ទាំងអស់ ហៅថា ​ចេតនា អត់​មាន​លេងសើច​អ៊ីចឹង​កើត​ទេ»។

លោក គិ​ន ភា ប្រធាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា ក៏​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ​ថា ក្រុម​ជនជាតិ​ចិន​ដែល​នាំគ្នា​ព្រមាន​​បង្ក​ភាពអសន្ដិសុខ​នៅ​កម្ពុជា​នេះ គឺ​មិនមែនជា​រឿង​តូចតាច​ដែល​ចាត់ទុកថា ​ជាការ​លេងសើច​​​បានទេ ព្រោះ​វា​ជា​រូបភាព​មួយ​ ធ្វើឱ្យប៉ះពាល់​ដល់​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជា និង​ធ្វើឱ្យ​អាប់​អួ​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដែរ។

លោក​ថា ប្រសិនបើ​ចិន​​ចង់​លាង​សម្អាត​ភាព​ស្អាត​​ស្អំ​របស់ខ្លួន ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ដើម្បី​រក្សា​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ឱ្យបាន​ល្អ គឺ​ចិន​ត្រូវតែ​ចាប់បញ្ជូន​ជនជាតិ​ខ្លួន​ទាំ​ងនោះមក​ប្រឈម​នឹង​ច្បាប់​របស់​កម្ពុជា។

លោក​ថា៖ «យើង​មើល ប្រជាពលរដ្ឋ​ខ្មែរ​គ្រាន់តែ​បង្ហោះ​សារ​តិចតួច​ខ្លះ ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់គុក រឿង​អី​ជនជាតិ​ចិន​មក​បង្ហោះ​បង្កចលាចល​នៅ​ស្រុ​ក​​ខ្មែរ ហេតុ​អី​អត់​មាន​ទោសទណ្ឌ ចាត់ទុកជា​រឿង​លេងសើច ត្រង់​គេ​បង្ហោះ​សារ​ប្រមាថ​ថ្នាក់ដឹកនាំ​ខ្លះ គឺ​ពួកគាត់​ជាប់គុក​បាត់ទៅ​ហើយ។ អ៊ីចឹង​ទេ រឿងនេះ មិនមែន​រឿង​តូច​ទេ ទោះជា​អ្នក​ហ្នឹង លេងសើច​ក៏ដោយ ក៏ត្រូវ​តែ​ចាប់​មក​ផ្តន្ទាទោស ​ក្នុង​ច្បាប់​របស់​កម្ពុជា ព្រោះ​បទល្មើស​នេះ​ប្រព្រឹត្ត​នៅ​កម្ពុជា»។

ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ ​លើ​បញ្ហា​នេះ​ទេ ​កាល​ពី​ម្សិលមិញ៕