ភ្នំពេញៈ មន្ត្រីនគរបាល​ជំនាញ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា មន្ត្រី​នគរបាល​ដែល​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឲ្យ​របួស​កាលពីដើម​សប្ដាហ៍​នោះ ត្រូវបាន​រកឃើញ​ថា ញៀន​គ្រឿងញៀន​រហូត​បាត់បង់​សតិ​ដែល​មិនទាន់​អាច​ផ្ដល់​ចម្លើយ​ក្នុង​ការបន្ត​នីតិវិធី​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​ដែល​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​។

លោក ហេង សុភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ដំណើរការ​នីតិវិធី សួរចម្លើយ​លើ​ជនសង្ស័យ​។

លោក សុភា ថ្លែងថា​៖ «​នៅពេលនេះ​មន្ត្រី​ជំនាញ​យើង​នៅ​មិនទាន់​បញ្ចប់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ទៅលើ​ជនសង្ស័យ​នៅឡើយ​ទេ ដោយហេតុ​មន្ត្រីនគរបាល​រូបនោះ​សេព​គ្រឿងញៀន​រហូតដល់​បាត់ស្មារតី​ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​បង្ក​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស ជនសង្ស័យ​នៅ​មិន​ទាន់​អាច​និយាយស្ដី​បាន​ទេ ដូច្នេះ​មន្ត្រីនគរបាល​ជំនាញ​នៅ​មិនទាន់​អាច​យក​ចម្លើយ​ពី​ជនសង្ស័យ​នោះ​បាន​នៅឡើយ​ទេ​»​។

លោក សុភា ថ្លែងថា​៖ «​សង្ស័យ​អាច​នឹង​ប្រឈម​ចំពោះ​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​»​។

មន្ដ្រីនគរបាល​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ បន្ទាប់ពី​គេ​បាន​បំផ្ទុះ​អាវុធ​ចំនួន​ ៣ ​គ្រាប់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​ចំណុច​ផ្លូវ​លេខ​ ២៧១Z សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដោយ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​។

លោក គឹម កូលីដូ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹងសាឡាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ចន្ទ​ថា ជនសង្ស័យ​ឈ្មោះ សុង វិសិដ្ឋ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹងសាឡាង​មាន​ឋានន្តរស័ក្ដិ ថ្នាក់​ព្រឹន្ទបាលឯក ស្នាក់នៅ​ផ្ទះ​ជួល ក្បែរ​កន្លែង​កើតហេតុ​។ ចំណែក​បុរសរងគ្រោះ​ឈ្មោះ សឹង សុផល អាយុ ៥២ ​ឆ្នាំ​ ជា​អ្នក​រកស៊ី​ម៉ៅការ​សំណង់​មាន​ទីលំនៅ​ក្បែរ​គ្នា​នឹង​ផ្ទះ​ជនសង្ស័យ​។

លោក កូលីដូ មិនបាន​ប្រាប់​ឲ្យ​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មន្ត្រីនគរបាល​រូបនោះ​ផ្ទុះអាវុធ​ឡើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹង​ថា​ជនសង្ស័យ និង​ជនរងគ្រោះ​មាន​ទំនាស់​អ្វី​នឹង​គ្នា រហូត​ដល់​មាន​ការផ្ទុះអាវុធ​បែប​នេះ​នោះ​ទេ​»​។

លោក​បាន​បន្តថា ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ​ដើម្បី​សួរចម្លើយ​។ ចំណែក​​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យរុស្ស៊ី ដើម្បី​ព្យាបាល​របួស​។ នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​អាកា​ចំនួន​ ៣ ​គ្រាប់​។

កញ្ញា​ សឹង សុធី អាយុ​ ២៣ ​ឆ្នាំ​ ដែល​ជា​កូនស្រី​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មុនពេល​ផ្ទុះអាវុធ​បាន​ស្ពាយ​កាំភ្លើង​អាកា​មួយ​ដើម​ដើរចូល​ទៅកាន់​ច្រក​ផ្លូវលំ​មួយ​ដោយ​ស្រែក​ខ្លាំងៗ​ថា​​ «​អាហ៊ាង​អ្ហែង​នៅ​ណា​?» ជនសង្ស័យ​បាន​ស្រែក​រក​ឈ្មោះ ហ៊ាង នេះ​ជា​ច្រើនដង ហើយ​បាន​អាម៉េកាំភ្លើង​រួច​បាញ់​ឡើង​លើ​ ១ ​គ្រាប់​។

ដោយ​ឃើញ​សភាព​មិន​ស្រួល អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំគ្នា​ចូល​ទៅក្នុង​ផ្ទះ​ហើយ​បិទទ្វារ ចំណែក​ឪពុក​របស់​នាង គឺ លោក សឹង សុផល បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើ​ការងារ​ក៏​ត្រូវ​ជនសង្ស័យ​ផ្ទុះអាវុធ​ចំនួន​ ២ ​គ្រាប់​ទៀត​បណ្ដាល​ឲ្យ​រងរបួស​ខ្នង​។ ​កញ្ញា សុធី បាន​បន្តថា​៖ «​នៅពេល​នេះ​ប៉ា​របស់​ខ្ញុំ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត​»​។

លោក​ យី សុខសាន្ត មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទង្វើ​របស់​មន្ត្រីនគរបាល​រូបនោះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​សុំ​ទទូច​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចាត់វិធានការ​លើ​មន្ត្រីនគរបាល​រូបនោះ ដើម្បី​កុំ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀត​ប្រព្រឹត្ត​តាម​ព្រោះ​បទល្មើស​នេះ​ពាក់ព័ន្ធ​ការប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​ដែល​មិនត្រូវ​ទទួល​បាន​លើកលែងទោស​។

លោក​ថា​៖ «​យើង​មាន​ការបារម្ភ​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ប្រព្រឹត្ត​បទល្មើស​សេព​គ្រឿងញៀន ហើយ​បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដោយ​ការបាញ់បោះ​សេរី​ដែល​ជា​អំពើ​ល្មើសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​»៕