
យុវជន ៣ នាក់កាប់ជនជាតិចិនឲ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។ រូបថត នគរបាល
ព្រះសីហនុៈ នគរបាលខេត្តព្រះសីហនុកាលពីម្សិលមិញនៅកំពុងបន្តសាកសួរយុវជន ៣ នាក់ បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាពាក់ព័ន្ធទៅនឹងការកាប់ទៅលើជនជាតិចិន ៣ នាក់ឲ្យរងរបួសធ្ងន់ចំនួន ២ លើកជាអ្វីដែលយុវជនទាំងនោះបានចោទប្រកាន់ថា ជនជាតិចិនទាំងនេះបានរាំឱបមិត្តស្រីរបស់ពួកគេ ហើយតែងតែបង្កភាពរញ៉េរញ៉ៃនៅក្នុងក្រុងទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
តាមកំណត់ហេតុនគរបាលខេត្ដព្រះសីហនុបានបង្ហាញថាករណីទី ១ នៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅផ្លូវជិតព្រះរាជដំណាក់ស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ មានជនសង្ស័យ ៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពប្រើដាវកាប់ វាយទៅលើបុរសជនជាតិចិន ១ នាក់ដែលកំពុងឈរបត់ជើងតូចក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយជនល្មើសបានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
ករណីទី ២ នៅយប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅផ្លូវកាស៊ីណូឡាយអិនស៊ីធី ចាស់ ភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុជនសង្ស័យចំនួន ៤ នាក់ជិះម៉ូតូ ២ គ្រឿងដដែលបានធ្វើសកម្មភាពប្រើដាវកាប់ និងវាយទៅលើបុរសជនជាតិចិន ២ នាក់ដែលកំពុងដើរតាមផ្លូវបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយជនល្មើសបានជិះម៉ូតូគេចខ្លួនទៅបាត់ទៀត។
លោក កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាន ស្នងការនគរបាលខេត្តបានចាត់ឲ្យកម្លាំងជំនាញ គ្រប់ផ្នែកសហការគ្នាបើកការស៊ើបអង្កេតរុករកមុខសញ្ញាបង្កហេតុជាបន្ទាន់ រហូតដល់យប់ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១០ នាទីសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន ៣ នាក់។
កំណត់ហេតុនគរបាលឲ្យដឹងថា ជនសង្ស័យទី ១- ឈ្មោះ យ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរកម្មករសំណង់ផ្នែកជាងភ្លើងមានទីលំនៅភូមិ ៥ សង្កាត់លេខ ៤ (ជនដៃដល់អ្នកបើកម៉ូតូ) ទី ២- ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកជាងភ្លើងមានទីលំនៅភូមិ ៥ សង្កាត់លេខ ៤ (ជនដៃដល់ជិះពីក្រោយកាន់ដាវកាប់) និង ទី ៣- ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ ៥ សង្កាត់ ៤ (ជនដៃដល់ជិះពីក្រោយកាន់ដាវកាប់)។
លោក ផាលី បានបញ្ជាក់ថា៖ «នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេបានប្រព្រឹត្តបទល្មើស ប៉ុនប៉ងមនុស្សឃាតទៅលើជនជាតិចិនទាំង ២ លើកពិតប្រាកដមែនដោយសារពួកគេខឹងជនជាតិចិនដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ហើយរាំឱបមិត្តស្រីរបស់ពួកគេធ្វើឲ្យជនសង្ស័យខឹងបាននាំគ្នា ៤ នាក់ជិះម៉ូតូ ២ គ្រឿងតាមកាប់ជនរងគ្រោះតែម្តង»។
លោកបានបន្ថែមថា៖ «ជនសង្ស័យបានសារភាពថាពួកគេស្អប់ជនជាតិចិន ពីព្រោះជនជាតិចិនមកដល់ប្រទេសកម្ពុជាពេលផឹកស៊ី និងចេញពីធ្វើការដើររញ៉េរញ៉ៃពាសពេញផ្លូវគ្មានសណ្តាប់ធ្នាប់ពេលពួកគេស៊ីប្លេ ម៉ូតូឲ្យចៀស បែរជាស្រែជេរពួកគេទៅវិញ»។
បើតាមរបាយការណ៍នគរបាលខេត្ដដដែលបង្ហាញថា ជនរងគ្រោះជាជនជាតិចិនក្នុងអំពើប៉ុនប៉ងមនុស្សឃាតនេះរួមមាននៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI ស្នាក់នៅភូមិ ៣ សង្កាត់លេខ ៣ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ចំណែកនៅថ្ងៃទី ២១ ខែវិច្ឆិកា ដដែលជនរងគ្រោះចំនួន ២ នាក់ទី ១- ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ ឆ្នាំ អ្នកទេសចរស្នាក់នៅកាស៊ីណូ យ៉ាឌួលី ក្នុងភូមិ ៤ សង្កាត់ ៤ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទី ២- ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ ឆ្នាំអ្នកទេសចរស្នាក់នៅភូមិ ៤ សង្កាត់លេខ ៤ ខេត្តព្រះសីហនុរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ។
លោក កុល ផាលី បញ្ជាក់ថាករណីខាងលើកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនសង្ស័យ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុលោកស្រី ជៀប សុធារី បានឲ្យដឹងថា៖ «ចិនមួយចំនួនគាត់មកធ្វើការ និងរស់នៅក្នុងខេត្ដព្រះសីហនុនេះមានគេនាំមក និងគ្រប់គ្រងមិនសូវមានបញ្ហាអីទេ ប៉ុន្ដែមានមួយចំនួននោះ គាត់មកជាក្រុមរបស់ពួកគាត់ពេលផឹកស៊ី ឬមានបញ្ហាអីគាត់អាងគ្នាមិនសូវខ្លាចខ្មែរទេ»។
លោកស្រីបានសំណូមពរដល់អាជ្ញាធរសូមបង្កើនការរឹតបន្តឹងផ្នែកច្បាប់ដល់ជនជាតិចិន ដើម្បីបញ្ចៀសការមានអំពើហិង្សាកើតឡើងទៀត៕