ពោធិ៍សាត់ៈ នគរបាល​ក្រុង​ពោធិ៍សាត់​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ដ​សាកសួរ និង​កសាង​សំណុំរឿង​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ចំនួន ៧ ​នាក់ ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ករណី​បើក​ហ្គេម​អនឡាញ (Game Online) ​និង​ភ្នាល់​បាល់​ក្នុង​ទីតាំង​ផ្ទះជួល​ ១ ​កន្លែង​ ស្ថិត​ក្នុងភូមិ​បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយដី ក្រុង​ពោធិ៍សាត់ ក្រោយពី​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ២៤ ខែសីហា​។

លោក យឹម សាងហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា តាម​បទបញ្ជា​ពី​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ទីតាំង ហ្គេម​អនឡាញ និង​ភ្នាល់​បាល់​នេះ​ក្នុង​នោះ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ៧ ​នាក់ ប្រុស ៤ ​នាក់​។

លោក​អធិការ​ក្រុង​បាន​ថ្លែងថា​៖ «​ពួកគាត់​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​។ ​ក្នុង​ចំណោម ៧ ​នាក់​នេះ ពួកគាត់​ជា​ពលរដ្ឋ​រស់នៅក្នុង​ខេត្ដ​ពោធិ៍សាត់​ ៥ ​នាក់ ២ ​នាក់​ មកពី​ខេត្ដ​បាត់ដំបង​។ ពេលនេះ​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​អនុវត្ដ​នីតិវិធី​ច្បាប់​បន្ត​»​។

បើ​តាម​លោក សាងហៃ កាលពី​មុន​ខេត្ដ-ក្រុង​ពោធិ៍សាត់ មិន​ដែល​មាន​បទល្មើស ល្បែង​ហ្គេម​អនឡាញ​បែបនេះ​ទេ​។ ករណី​នេះ​គឺជា​ករណី​ថ្មី ហើយ​ជនសង្ស័យ​ទើប​មក​បើក​ដំណើរការបាន​ជិត​ ២ ​ខែ​ប៉ុណ្ណោះ​។

លោក​បន្តថា អាជីវកម្ម​ហ្គេម​អនឡាញ​នេះ គឺជា​អាជីវកម្ម​គ្មាន​ច្បាប់ និង​មិនទាន់​ដឹងថា អ្នកណា​ជា​ម្ចាស់​នៅឡើយ​ទេ​។ ប៉ុន្ដែ​ម្ចាស់​ផ្ទះជួល​ឱ្យ​បើក​ហ្គេម​អនឡាញ​នេះ មាន​ឈ្មោះ សឿន សុខចំរើន ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ រស់នៅ​ភូមិ សង្កាត់ ខាងលើ​។

បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង ៧ ​នាក់​នេះ រួមមាន ១- ​យិន រីណា ភេទ​ស្រី អាយុ ២៨ ​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិពាល​ញែក​ ១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ ២- តែ ហៃរិទ្ធ ភេទ​ប្រុស អាយុ ៦១ ​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ភូមិពាល​ញែក​ ២ សង្កាត់​ផ្ទះព្រៃ​។ ៣- គីម សួរ ភេទ​ប្រុស អាយុ ៣៦ ​ឆ្នាំ មុខរបរ​ប្រកប​អាជីវកម្ម​ខ្លួនឯង ទីលំនៅ​ភូមិពាល​ញែក​ ១ សង្កាត់​ផ្ទះព្រៃ​។ ៤- ឆាន ហួន ភេទ​ស្រី អាយុ ១៧ ​ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ​។ ទី​៥- វ៉ា សុខពិសី ភេទ​ស្រី អាយុ ១៥ ឆ្នាំ មុខរបរ​កម្មករ​។ ៦- ​សឿន សុខចំរើន ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ មុខរបរ​កម្មករ និង​ទី​ ៧ សួន សុខនិត ភេទ​ប្រុស អាយុ ២៣ ​ឆ្នាំ មុខរបរ​ជា​កម្មករ អ្នកទាំង​ ៤ ស្នាក់នៅ​ភូមិ​បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយដី ក្រុង​ពោធិ៍សាត់​។

របាយការណ៍​នគរបាល​បាន​បង្ហាញថា សម្ភារ​ដកហូត​មាន​ដូចជា​ផ្ទាំង​ស្លាយ​អេឡិចត្រូនិក​សម្រាប់​ចាក់​លេខ ចំនួន ៧ ​ផ្ទាំង ទូរទស្សន៍​ចំនួន​ ៥ ​គ្រឿង​។ កុំព្យូទ័រ​ចំនួន ៥ ​គ្រឿង ។ ប្រាក់រៀល​ជាង​ ១ ​លាន ៣ ​សែន​រៀល ប្រាក់​ដុល្លារ​ចំនួន ៧៥ ​ដុល្លារ​។ ទូរស័ព្ទ​ចំនួន ៨ ​គ្រឿង​។ កាមេរ៉ា​សុវត្ថិភាព​ ១ ​ឈុត​ចំនួន ៤ ​គ្រាប់​។ ក្រៅពីនេះ​មាន​សៀវភៅ​ទូទាត់​លុយ​ហ្គេម​ចំនួន​ ១ ​ក្បាល និង​ម៉ូតូ​ចំនួន ៤ ​គ្រឿង​៕