ស្វាយរៀងៈ បុរសជាឪពុកម្នាក់ដែលបានផឹកស្រាស្រវឹង ហើយវាយដំកូនស្រីខ្លួនឯងរហូតដល់សន្លប់ ដោយសារតែខឹងកូនស្រីលេងទូរស័ព្ទដល់យប់ជ្រៅពេកកាលពីយប់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ នៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងកាលពីម្សិលមិញ។
លោក កៅ ហ៊ន អធិការរងក្រុងបាវិតទទួលផែនព្រហ្មទណ្ឌឱ្យដឹងថា បុរសជាឪពុកឈ្មោះ ចាន់ ចំរើន អាយុ ៤៤ ឆ្នាំ រីឯក្មេងស្រីអាយុ ១៦ ឆ្នាំ។ លោកនិយាយថា៖ «ជនជាឪពុកម្នាក់នោះខ្ញុំបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀងហើយ ហើយខាងមន្ត្រីជំនាញកំពុងចាត់ការបន្ត»។
លោក កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមិនអាចទាក់ទងសុំព័ត៌មានលម្អិតបានទេ។
បើតាមលោក កៅ ហ៊ន ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ នៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ប៉ុន្តែក្រោយកើតហេតុ កូនស្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឬនគរបាលក្រុងបាវិតនោះទេ។ រហូតដល់មានការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកទើបមានការភ្ញាក់ផ្អើលហើយថ្នាក់លើក៏បញ្ជាដល់កម្លាំងរបស់លោកឱ្យធ្វើការស្រាវជ្រាវក៏បានឈានទៅចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី ២១ ខែកញ្ញា។
លោក គឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានថ្លែងកាលពីម្សិលមិញថា ជនសង្ស័យម្នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងរួចហើយ កាលពីរសៀលថ្ងៃម្សិលមិញ ពីព្រោះជនម្នាក់នេះប្រើហិង្សាលើកូនបង្កើតខ្លួនឯងព្រៃផ្សៃពេក។ ចំពោះមូលហេតុនៃការវាយដំកូនខ្លួនឯងនោះគឺដោយសារជនសង្ស័យខឹងកូនលេងទូរស័ព្ទយប់ៗជ្រៅពេក ហើយគាត់ហាមមិនស្តាប់ទើបវាយដំកូនទៅ។
លោកថ្លែងថា៖ «គាត់ប្រដៅកូន តែគាត់វាយគ្នាដល់សន្លប់ និងប្រើអំពើហិង្សាព្រៃផ្សៃពេក។ គាត់មិនត្រូវធ្វើបែបនេះទេ»។
បើតាមមន្ត្រីនគរបាលនៅប៉ុស្តិ៍សង្កាត់ច្រកម្ទេស ក្រុងបាវិតមួយរូបប្រាប់ថា ជនជាឪពុកបង្កើតនោះរស់នៅជាមួយកូនស្រីចំនួន ៣ នាក់ ចំណែកប្រពន្ធជនសង្ស័យបានគេចទៅធ្វើការនៅរាជធានីភ្នំពេញ ដោយសារតែមិនចង់រស់នៅជាមួយជនសង្ស័យពីព្រោះបុរសម្នាក់នេះតែងប្រើហិង្សាវាយដំប្រពន្ធកូនពេលផឹកស្រាស្រវឹង។ ជនសង្ស័យជាមនុស្សផឹកស្រាច្រើន ហើយបង្កជម្លោះ និងតែងតែប្រើហិង្សាលើប្រពន្ធកូនខ្លួនឯង។
បើតាមសម្តីរបស់ក្មេងស្រីរងគ្រោះដែលបានសម្ភាសដល់បណ្តាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា កាលពីឪពុករបស់នាងវាយដំលើរូបនាងនោះ នាងបានប្រាប់ឪពុកកុំឱ្យវាយនាងហើយសួរគាត់ថា ខ្លាចគុកទេតែឪពុកនាងឆ្លើយថា មិនខ្លាចជាប់គុកអីទេ ហើយឪពុកនាងតែងតែវាយធ្វើបាបម្តាយនាងជានិច្ច រហូតម្តាយនាងទ្រាំលែងបានក៏រត់ទៅរស់នៅរាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះថា៖ «នេះបើថាខ្ញុំជាកូនចុងទៅមិនថាទេ តែខ្ញុំជាកូនបង្កើតសោះ គាត់វាយខ្ញុំដល់ថ្នាក់ហ្នឹង។ បើច្បាប់ឱ្យគាត់លែងលះជាមួយម្តាយខ្ញុំក៏ល្អ ព្រោះរស់នៅគ្មានសេចក្តីសុខទេ»៕