ភ្នំពេញៈ លោក ឆាយ គឹមខឿន អគ្គស្នងការ​រង​ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ ៦ ​ថ្ងៃ​​ នៃ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​គឺ​មន្ត្រី​នគរបាល​បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ជាង​ ១២ ​ពាន់​ (១២ ៧៣២) ​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៩ ៩១៥ ​គ្រឿង​ និង​រថយន្ត​ចំនួន​ ២ ៨១៧ ​គ្រឿង​។

លោក ឆាយ គឹមខឿន បាន​ថ្លែង​ពី​ម្សិលមិញ​ថា សម្រាប់​អ្នកបើកបរ​ម៉ូតូ​ដែល​ល្មើសច្បាប់​គឺ​ភាគច្រើន​មិន​ពាក់មួក បំពាន​ស្លាក​សញ្ញា និង​អត់​មាន​ស្លាកលេខ រីឯ​អ្នកបើកបរ​ឡាន​វិញ មិន​ពាក់​ខ្សែក្រវាត់ គ្មាន​បណ្ណបើកបរ និង​ប្រើប្រាស់​ទូរស័ព្ទ​។ លោក​បន្តថា ការផាកពិន័យ​ទាំងនេះ​គឺ​បង្ខំ​ពលរដ្ឋ​ឱ្យ​រាងចាល និង​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍​។

លោក​ថា​៖ «​កងកម្លាំង​នគរបាល​ជាតិ​នៅ​តែ​ប្តេជ្ញាចិត្ត​បន្ត​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​...​ដើម្បី​ចាប់បង្ខំ​ឱ្យ​អ្នក​ដែល​មិន​គោរព​ច្បាប់ ងាក​មក​គោរព​ច្បាប់​ទាំងអស់​គ្នា ហើយ​យើង​សង្ឃឹម​ថា អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​ដែលមាន​ទម្លាប់​មិន​គោរព​ច្បាប់ ងាក​មក​ភ្ញាក់រឭក​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា​»​។

លោក​បាន​ថ្លែងថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នឹង​ខិតខំ​អប់រំ​ណែនាំ​ដល់​នគរបាល​ចរាចរណ៍​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ត្រឹមត្រូវ មាន​តម្លាភាព ដោយ​គ្មាន​ការរើសអើង​ត្រូវ​ប្រកប​ដោយ​កាយវិការ​ទន់ភ្លន់ សុភាពរាបសា​។

យោង​ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបញ្ជាក់​ថា​ក្នុង​រយៈពេល​ ៦ ​ថ្ងៃ ​ក្នុង​ខែឧសភា​នេះ​នៅ​ទូទាំង​ប្រទេស​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៣៦ ​លើក​បណ្ដាល​ឱ្យ​ស្លាប់​ ១៩ ​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​ ៣៩ ​នាក់​។ យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា ក្នុង​រយៈពេល​ ៦ ​ថ្ងៃ​មកនេះ​ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ភ្នំពេញ​គឺ​បាន​ថយចុះ និង​គ្មាន​អ្នកស្លាប់​ឡើយ​៕