ភ្នំពេញៈ អាជ្ញា​ធរ​រាជ​ធានី​ភ្នំ​ពេញ ​នឹង​ដាក់​ពង្រាយ​កម្លាំង​​ប្រមាណ​ជិត​ ២០​​ គោល​ដៅ​នៅ​ទូទាំង​រាជ​ធានី ​ដើម្បី​ត្រួត​ពិនិត្យ​អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ រួម​ទាំង​ការ​ដាក់​ពង្រាយ​ ២ គោល​ដៅ​ផ្សេង​ទៀត​ នៅ​ពេល​យប់ ​ដើម្បី​ត្រួត​ពិនិត្យ​រក​សារ​ធាតុ​ញៀន ព្រម​ទាំង​គ្រឿង​ស្រវឹង​ ចំពោះ​អ្នក​បើកបរ​រថយន្ត​ធំ។​

​លោក ​ស ​ថេត​ ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ ក្រោយ​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធ​នា​ការ​រឹត​បន្ដឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថា ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ ​យុទ្ធ​នា​ការ​រឹត​បន្តឹង​​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​តាម​បណ្ដា​គោល​ដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ។​

​លោក​បន្ត​ថា​ ការ​ពង្រាយ​កម្លាំង​​នេះ​ នឹង​ធ្វើ​ឡើង​ចំនួន​ ១៦​ គោល​ដៅ ទាំង​យប់​ទាំង​ថ្ងៃ ​ដោយ​មាន​កម្លាំង​​ជំនាញ ចន្លោះ​ពី​ ១៥ ​ទៅ​ ២​០ ​នាក់​ ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​វេន​គ្នា ​ដើម្បី​ត្រួត​ពិនិត្យ​​អ្នក​បើក​បរ​ម៉ូតូ ​និង​អ្នក​រួម​ដំណើរ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព។​

​លោក​បន្ត​ថា​៖​ «​មួយ​គោល​ដៅ​កម្លាំង​​មាន​ចំនួន​ ១៥​ នាក់​ ហើយ​ពេល​យប់​អាច​មាន​គ្នា​ច្រើន​ជាង​ហ្នឹង។​ ដាក់​កម្លាំង​​នេះ​ គឺ​ចាប់​អ្នក​មិន​ពាក់​មួក​ បើ​ពាក់​មួក​ទៅ ​មាន​ទៅ​អី។​ នៅ​ពេល​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ត្រូវ​ឃាត់ ហើយ​តម្រូវ​ឲ្យ​រក​មួក​សុវត្ថិ​ភាព​មក​ពាក់ ទើប​អនុ​ញ្ញាត​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។​ ប៉ុន្តែ​មិន​មាន​ការ​ផាក​ពិន័យ​ទេ ហើយ​បើ​មិន​ព្រម​ទៅ​យក​មួក​មក​ទេ​ យក​ម៉ូតូ​ទៅ​ទុក​នៅ​ខណ្ឌ​ហើយ»។​

​លោក ​ស ​ថេត ​អះអាង​ថា ​ចំណែក​ ២ គោល​ដៅផ្សេង​ទៀត ​នឹង​ដាក់​ពង្រាយ​នៅ​ពេល​យប់​ចាប់​ពី​ម៉ោង ​៩ យប់​ទៅ នៅ​លើ​​ផ្លូវ​វិមា​ន​ឈ្នះៗ​ និង​ផ្លូវ​ជាតិ​លេខ​ ៤​ ដើម្បី​ត្រួត​ពិនិត្យ​សារ​ធាតុ​ ញៀន ​និង​ជាតិ​ស្រវឹង​ ចំពោះ​អ្នក​បើក​បរ ​និង​ព្រូ​រថ​យន្ត​ធុន​ធំ​ផង​ដែរ។​ លោក​បញ្ជាក់​ថា ​នៅ​ពេល​ពិនិត្យ​នោះ ​បើ​រក​ឃើញ​អ្នក​បើក​បរ​រថ​យន្ត​ធុន​ធំ​ ឬ​ព្រូ ​មា​ន​សារ​ធាតុ​ញៀន​ គឺ​ត្រូវ​ឃាត់​រថ​យន្ត​ទុក​ ហើយ​ស្នើ​សុំ​បញ្ជូន​អ្នក​បើកបរ ​ឬ​ព្រូ​រថ​យន្ត​ យក​ទៅ​ស្ដារ​នីតិ​សម្ប​ទា ​នៅ​មណ្ឌល​អប់រំ កែ​ប្រែ ​ឬ​ឲ្យ​អា​ណាព្យា​បាល​ដើ​ម្បី​យក​ទៅ​បន្សាប​សារធាតុ​ញៀន។​

​លោក ​ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ធ្លាប់​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​គ្មាន​ការ​ថយ​ចុះ​សោះ ​ដែល​​​លោក​ជំរុញ​ឲ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​ដើ​ម្បី​ទប់ស្កាត់។​

លោក​បញ្ជាក់​ថា៖ ​«​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា ​ចំនួន ៦ ​ខែ​ដើម​ឆ្នាំ ២០១៨​ និង​២០១៩​ ជា​លទ្ធ​ផល​មិនជា​ទី​ពេញ​ចិត្ត​ទេ​តួលេខ​គឺ​ខុស​គ្នា​គួរ​ឲ្យ​បារម្ភ​ណាស់។ ​ពិសេស​គឺ​អ្នក​ស្លាប់​ និង​អ្នក​របួស។ ​អាច​ទុក​ថា​ នេះ​គឺ​គ្រោះ​អាសន្ន​មួយ​ដែរ​​ ជា​គ្រោះ​ថ្នា​ក់​មួយ​ ដែល​យើង​ត្រូវ​ប្រកាស​ទាំង​អស់​គ្នា ​ដើម្បី​យើង​ចាប់​អា​ម្មណ៍ ​ដើម្បី​យើង​រួម​គ្នា​ធ្វើ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្នុង​គោល​ដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ស្លាប់​ និង​របួស»។​

មន្ត្រី​នគរ​បាល​កំ​ពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ ហុង មិនា

​ជា​មួយ​នឹង​ការ​បារម្ភ​នេះ​ លោក ​ស ​ខេង​ បាន​ថ្លែង​ថា​ កំណើន​យាន​យន្ត​បាន​កើន​ឡើង​ជាង​ ៣០ ​ភាគ​រយ ​ជា​ពិសេស​ភាគ​ច្រើន​នៃ​យាន​យន្ត​ដែល​កើន​ឡើង​ គឺ​នៅ​ទី​ប្រជុំ​ជន​ ដូច​ជា​ភ្នំពេញ​ ខេត្ត​ព្រះ​សីហ​នុ​ និង​សៀម​រាប​ជា​ដើម​ ប៉ុន្តែ​ចំពោះ ស្ថាន​ភាព​ផ្លូវ​ គឺ​មិន​មាន​កំណើន​ដូច​ការ​ឡើង​នៃ​យាន​យន្ត​នោះ​ទេ ​ខណៈ​លោក​អះអាង​ថា​ គ្រោះ​ថ្នាក់​ដោយ​សារ​ម៉ូតូ មាន​ដល់​​ទៅ ​៥០​ ភាគ​រយ ​ស្រប​ពេល​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ម៉ូតូ​នេះ ​មាន​ដល់​ទៅ​ ៧០ ​ភាគរយ។​

លោក​បញ្ជាក់​ថា​៖​ ​«​អ៊ីចឹ​ង​នាំ​ឲ្យ​យើង​មាន​ការ​បារម្ភ​ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ ​ដែល​វា​ប៉ះ​ពាល់​ដល់​ធន​ធាន​មនុស្ស​របស់​យើង​យ៉ាង​សន្ធឹក​សន្ធាប់​ ហើយ​ដែល​យើង​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់។​ ការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដោយ​ផ្ទាល់​ផង​ តាម​ភូមិ​ឃុំ​រោងចក្រ​។​ កម្ម​ករ​ធ្វើដំណើរ​តាមការ​ដឹក​ជញ្ជូន​ ជិះ​រួម​ តែ​ឥឡូវ​គាត់​មាន​លុយ​ទិញ​ម៉ូតូ​ ជិះ​​រថ​យន្ត​ដឹក​ថយម៉ូតូ​កើន​។​ ប្រហែល​អ៊ីចឹង»។​ ​

​លោក ​គង់​ រតនៈ​ នា​យក​ស្ដី​ទី​វិទ្យា​ស្ថាន​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោកបាន​ថ្លែង​ថា​ ចំពោះ​វិធានការ​នៅ​ពេល​នេះ អាជ្ញា​ធរ​មាន​ចេត​នា​ក្នុង​ការ​ទប់​ស្កាត់​គ្រោះ​ថ្នា​ក់​ចរា​ចរ​ណ៍ ​ដែល​កំពុង​តែ​កើន​ឡើង​ ​ប៉ុន្តែ​យុទ្ធ​នា​ការ​នេះ ​វា​អាច​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុ​ណ្ណោះ ​ហើយ​ក៏​មិន​អាច​ចូល​រួម​ជួយ​ឲ្យ​ការ​គោរព​ច្បាប់​​របស់​ប្រជា​ពល​រដ្ឋ ​មាន​ប្រសិទ្ធភាព​​ខ្ពស់​ល្អ​ដែរ។​

លោក​បញ្ជាក់​ថា​៖​ ​«​អ្វី​ដែល​យើង​ចង់​ឲ្យ​មាន​តម្លាភាព​ ​គឺ​យើង​នៅ​តែ​ចង់​ឲ្យ​សមត្ថ​កិច្ច​ គួ​រ​តែ​អនុ​វត្ត​អ្វី​ដែល​មាន​នៅ​ក្នុ​ង​ច្បាប់​ ​ហើយ​អនុវត្ត​តាម​ច្បាប់​តែ​ម្ដង​ទៅ។​ ​ជា​ជាង​ធ្វើ​ឡើង​តាម​តែ​ការ​លើក​ឡើង​របស់​ប្រ​សាសន៍​សម្តេច​ក្រ​ឡា​ហោ​ម​ តែ​ម្ខាង​ ​ដោយ​អត់​មាន​ឆ្លង​កាត់​ការ​សិក្សា​អ្វី​ ​ការ​អនុ​វត្ត​បែប​នេះ​ ​មិន​មាន​ចែង​ក្នុង​ច្បាប់​ចរាច​រ​ណ៍​យើង​ទេ។​ ព្រោះ​សម្រា​ប់​ខ្ញុំ នៅ​ពេល​សមត្ថ​កិច្ច​ចាប់​គាត់​ ​រួច​បង្ខំ​ ​ទោះ​ចង់​មិ​ន​ចង់​គាត់​ត្រូវ​ទៅ​រក​មួក​ពី​ណា​មក​ឲ្យ​បាន​ ​ប៉ុន្តែ​មួក​នោះ​អាច​ពួក​គាត់​ខ្ចី​ពី​គេ ដោយ​មិន​មែន​ជា​របស់​ពួក​គាត់​នោះ​ទេ​»​។​

​សម្រាប់​លោក​ ​វិធាន​ការ​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​នោះ​ ​គឺ​ការ​អនុ​វត្ត​ច្បាប់​ចរា​ចរណ៍​ដោយ​មាន​តម្លា​ភាព​ ​និង​កា​រផ្សព្វ​ផ្សាយ​ ​ពន្យល់​ដោយ​ធ្វើ​យ៉ាង​ណា ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ទទួល​ស្គាល់​ថា ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ ​គឺ​ដើម្បី​ការ​ពារ​អាយុ​ជីវិត​រ​បស់​ពួក​គាត់​​ ​នោះ​ទើប​ជា​ការ​ប្រសើរ។​

តាម​​របាយ​ការណ៍​គណៈ​កម្មា​​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ បាន​បង្ហាញ​ថា​ រយៈ​ពេល ​៦ ​ខែ ​ឆ្នាំ ២០១៩​ គ្រោះ​ថ្នា​ក់​ចរាចរណ៍​នៅ​កម្ពុ​ជា​ បាន​កើត​ឡើង​ចំនួន​ ២ ១៧១ ​លើក​ កើន​ឡើង​ ៥៣៨ ​លើក ​ស្មើ​នឹ​ង​ប្រមាណ​ ៣៣ ​ភាគ​រយ ​បើ​ធៀប​នឹង​​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨។​ ជា​មួយ​នឹង​ការ​កើន​ឡើង​នេះ​របាយ​ការណ៍​ដដែល​ បាន​បញ្ជាក់​ថា​ ​ចំពោះ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នា​ក់​ចរាច​រ​ណ៍ក្នុង​រយៈពេល​នេះ​វិញ​ គឺ​មាន​​ចំនួន ១ ០៣៣ ​នា​ក់​ និង​​របួស​ចំនួន​ ៣ ២២៤ នាក់៕​​​