ភ្នំពេញៈ នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ លោក ហាក់ លី មន្ត្រីនគរបាល​ម្នាក់ បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​ និង​គំរាម​បាញ់​នារី​ម្នាក់​នៅក្នុង​ហាង​ផឹកស៊ី​មួយ​នៅ​ខេត្តព្រៃវែង​។

លោក ហាក់ លី នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ប្តឹង​ចោទ​ពី​បទ​ប្រើ​ហិង្សា និង​គំរាម​បាញ់​រូបនាង​នៅក្នុង​ហាង​ផឹកស៊ី «​ជំនោរ​មករា​» ស្ថិតនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​ ១២ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ដោយសារ​ខឹង​ស្ត្រី​រងគ្រោះ និង​នារី​ក្នុង​ហាង​ផ្សេងទៀត​មិន​ព្រមទៅ​ដេក​ជាមួយ​ខ្លួន​។

លោក​ សាន សុខសីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការចាប់​ឃាត់ខ្លួន​លោក ហាក់ លី កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ តាម​បញ្ជា​របស់លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ហើយ​នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ សមត្ថកិច្ច​កំពុង​បន្ត​សួរនាំ​។

លោក​ថ្លែងថា​៖ «​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម អគ្គស្នងការ​នគរបាលជាតិ​ក៏ដូចជា ឯកឧត្តម​ស្នងការ​យើង​បាន​ឃាត់ខ្លួន​គាត់ យកមក​ស្នងការ ដើម្បី​ធ្វើការ​សួរនាំ​ករណី​ហ្នឹង​។ ឥឡូវនេះ យើង​កំពុង​ធ្វើការ​សាកសួរ​ដើម្បី​បន្ត​តាម​នីតិវិធី​»​។

បើតាម​លោក សុខ សីហា សមត្ថកិច្ច​ក៏​កំពុងតែ​រង់ចាំ​ការសម្រេច​របស់​តុលាការខេត្ត​ព្រៃវែង ក៏​ដូចជា​ថ្នាក់ដឹកនាំ ផងដែរ ថា​តើ​ត្រូវធ្វើ​យ៉ាងណា​បន្តទៀត ចំពោះ​មន្ត្រី​នគរបាល​រូបនេះ​។ លោក​បញ្ជាក់ថា​៖ «​ព្រោះ​ពាក្យបណ្តឹង​ដាក់​នៅ​តុលាការ​ខេត្តព្រៃវែង ហើយ​ទីកន្លែង​កើតហេតុ​នៅ​ព្រៃវែង​។ អ៊ីចឹង​យើង​រង់​ចាំមើល​ការសម្រេច​របស់​តុលាការ​យ៉ាងម៉េច អាហ្នឹង​យើង​នឹងធ្វើ​ទៅតាម​ជាក់ស្តែង​»​។

លោក​ ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តព្រៃវែង បានឱ្យដឹងថា​​លោក​ទើបតែ​ទទួលបាន​សំណុំរឿង​ពី​សមត្ថកិច្ច​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ ហេតុនេះ​លោក​កំពុង​ពិនិត្យមើល​នីតិវិធី​បន្ត មិនទាន់​មាន​ការសម្រេច​យ៉ាងណា​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​ទើបតែ​ទទួលបាន​ការចាត់តាំង​ជា​ព្រះរាជអាជ្ញារង​ទទួលបន្ទុក​លើ​សំណុំរឿង​នេះដែរ អ៊ីចឹង​ឥឡូវនេះ ខ្ញុំ​កំពុងតែ​ពិនិត្យមើល​លំហូរ​នីតិវិធី​បន្តទៀត​»​។

លោក ម៉េង ឆានន់ ជា​កូន​របស់​ស្ត្រី​រងគ្រោះ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ថា នៅ​ថ្ងៃ​សុក្រ ទី​ ១២ ខែកុម្ភៈ លោក​ ហាក់ លី បាន​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​ម្តាយ​របស់​លោក ឈ្មោះ ឡោ សារុំ ព្រមទាំង​ដក​កាំភ្លើង​គំរាម​បាញ់​ថែម​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​មាន​អំពើហិង្សា​មកលើ​ម្តាយ​របស់​ខ្ញុំបាទ ឈ្មោះ ឡោ សារុំ។ អ្នកបង្ក​ហិង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុង​ហ្វេសប៊ុក ហាក់ លី មាន​ស្រុកកំណើត​នៅ​ភូមិ កំពង់ឫស្សី ស្រុក​ពោធិ៍រៀង ខេត្តព្រៃវែង​។ មាន​គ្នា​ ៥ ​នាក់ តែ​បង្ក​ហិង្សា​តែ ១ ​នាក់​ទេ ឈ្មោះ​ ហាក់ លី ហៅ ពៅ បាន​វ៉ៃ​ម្តាយ​របស់ខ្ញុំ ហើយ​អួតថា ខ្លួន​ជា​ប៉ូលិស​ក្រសួងមហាផ្ទៃ​»​។

លោក ឆានន់ បានបញ្ជាក់ ថា ក្រោយពី​បាន​វាយ​ទៅលើ​ម្តាយ​របស់លោក​ហើយ លោក ហាក់លី បាន​បើកទ្វារ​ឡាន​ដក​កាំភ្លើង​មក​គំរាម​រក​បាញ់​ថែម​ទៀត មូលហេតុ​ដោយសារ​ខឹង​ស្រីៗ​នៅក្នុង​ហាង ជំនោរមករា មិន​ព្រមទៅ​ដេក​ជាមួយ​គាត់​។ ហេតុនេះ លោក​បង្ហោះ​ហ្វេសប៊ុក​ «​ទទូច​សូម​សម្តេច ក្រឡាហោម ស ខេង ជួយ​រក​យុត្តិធម៌​»៕