ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាប់ផ្ដើមអនុវត្ដវិធានការក្តៅក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅពេលយប់ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ២ កន្លះរំលងអធ្រាត្រដោយមិនមានការលើកលែងចំពោះអ្នកបើកបរល្មើសឡើយ ខណៈគ្រាន់តែ ១ យប់ថ្ងៃចន្ទ ទី ៩ ខែមីនា សមត្ថកិច្ចបានចាប់ឃាត់រថយន្ត និងម៉ូតូរហូតដល់ជាង ៤០០ គ្រឿងយកទៅស្នងការដ្ឋានដើម្បីធ្វើការអប់រំ និងផាកពិន័យ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃម្សិលមិញថាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលយប់នេះគឺមានការត្រួតពិនិត្យសារជាតិស្រវឹងការបើកបរដោយមិនពាក់មួកសុវត្ថិភាពករណីគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ជាដើមនៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ២ កន្លះរំលងអធ្រាត្រដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយករណីបទល្មើសផ្សេងៗ ឱ្យមានការថយចុះរឹតតែខ្លាំងថែមទៀត។
លោកស្នងការបានបញ្ជាក់ថា៖ «យើងរឹតបន្ដឹងទាំងការបើកបរដោយមិនពាក់មួកទាំងបើកបរក្នុងស្ថានភាពស្រវឹងក្រុមក្មេងទំនើងការប្រើប្រាស់អាវុធខុសច្បាប់គឺរួមទាំងអស់មិនមែនតែធ្វើតែលើរឿងចរាចរណ៍តែមួយមុខទេគឺធ្វើទាំងអស់សំដៅឱ្យបទល្មើសផ្សេងៗមានការថយចុះកាន់តែខ្លាំង»។
លោកបន្តថា ការរឹតបន្តឹងច្បាប់នេះមិនមានពេលកំណត់នោះទេ ប៉ុន្ដែចាប់ធ្វើពីថ្ងៃទី ៩ ខែមីនា រហូតដល់ពេលមានការកែសម្រួលអនុក្រឹត្យថ្មីលើការបង្កើនការផាកពិន័យ។
លោក ស ថេត បញ្ជាក់ថា៖ «យើងធ្វើជារៀងរាល់យប់ក្នុង ១ យប់យើងដាក់កម្លាំងចល័តចំនួន ៧ គោលដៅក្នុង ១ គោលដៅមានកម្លាំង ៤៥ នាក់។ ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះព្រោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់មានសភាពធ្ងន់ធ្ងរ បើមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង មិនសូវមានអ្នករបួសទេ ឱ្យតែមានកើតឡើងគឺស្លាប់តែម្ដង ព្រោះអ្នកបើកបរពេលយប់ភាគច្រើនបើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ហើយអ្នកបើកបរច្រើនជាយុវជន»។
លោកបញ្ជាក់ថា ការអនុវត្ដការរឹតបន្តឹងច្បាប់នេះនៅពេលឃាត់បានអ្នកល្មើសច្បាប់ និងនាំយកទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញតែម្ដង ដើម្បីធ្វើការណែនាំ និងផាកពិន័យដោយមិនមានករណីឃាត់ខ្លួន ហើយទៅទិញមួក ឬឱ្យអ្នកផ្សេងយកមួកមកឱ្យហើយអាចទៅវិញបានទៀតនោះទេគឺផាកពិន័យតែម្ដង ដើម្បីឱ្យពលរដ្ឋគោរពច្បាប់ ដោយមិនមានការយោគយល់ ឬកិច្ចអន្តរាគមន៍អ្វីទាំងអស់។
លោកបន្ថែមថា៖ «យើងមិនចង់យកប្រាក់ពីប្រជាពលរដ្ឋទេ ប៉ុន្ដែធ្វើក្នុងគោលបំណងល្អដើម្បីថែរក្សាអាយុជីវិតប្រជាពលរដ្ឋ និងធ្វើយ៉ាងណា ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សំខាន់ឱ្យពលរដ្ឋចេះគោរពច្បាប់ការពារអាយុជីវិតរបស់ពួកគាត់ ព្រោះយើងមិនចង់ឃើញប្រជាពលរដ្ឋខ្មែរស្លាប់ជារៀងរាល់ថ្ងៃបែបនេះទេ»។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្ដីពីលទ្ធផលត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅយប់ថ្ងៃចន្ទទី ៩ ខែមីនាបានបង្ហាញថា បានឃាត់អ្នកបើកបរម៉ូតូអត់ពាក់ពួកសុវត្ថិភាពបានចំនួន ៣៧៤ គ្រឿង អត់កញ្ចក់ ១ គ្រឿងបើកបររថយន្តក្នុងស្ថានភាពស្រវឹង ១៤ គ្រឿង និងបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ១៥ គ្រឿង និងឃាត់បានករណីគ្រឿងញៀន ១ ករណីផងដែរ។ របាយការណ៍នេះបញ្ជាក់ថា សរុបក្នុង ១ យប់ថ្ងៃទី ៩ ខែមីនាសមត្ថកិច្ចឃាត់បានម៉ូតូ ៣៨៩ គ្រឿង និងរថយន្ត ១៤ គ្រឿងយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំ ណែនាំ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពេលធ្វើជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅកោះពេជ្រកាលពីម្សិលមិញដោយបានឯកភាពចំពោះការអំពាវនាវរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានដោយឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាចចំព្រោះគ្រោះថ្នាក់ចរាចរណ៍ដូចទៅនឹងការភ័យខ្លាច ការឆ្លងវីរុស កូវីដ ១៩ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់ប្រជាពលរដ្ឋលើផ្លូវថ្នល់ជារៀងរាល់ថ្ងៃ។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា៖ «ខ្ញុំឯកភាពជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ ម្សិលមិញ (ថ្ងៃ ៩ មីនា) គាត់ប្រកាស គាត់ថា ប្រសិនបើប្រជាពលរដ្ឋខ្មែរយើងភ័យខ្លាចគ្រោះថ្នាក់ចរាចរណ៍ស្មើនឹងភ័យខ្លាចកូវីដ ១៩ ប្រហែលជាជីវិតមនុស្សនៅគង់វង្សរាប់ពាន់នាក់។ រឿងនិយាយការពិត ខ្មែរយើងមិនបានយកការភ័យខ្លាចលើគ្រោះថ្នាក់ចរាចរណ៍ស្មើនឹងការភ័យខ្លាចកូវីដ ១៩ ទេ។ ឥឡូវនាំគ្នាខ្លាចគ្រោះថ្នាក់ចរាចរណ៍វិញម្ដងមើល បើមិនកាត់បន្ថយការស្លាប់មនុស្ស។ ប៉ុន្ដែរឿងមិនគួរខ្លាចទៅជានាំគ្នាខ្លាចពេញទឹកពេញដី ខ្លាចជ្រុល»។
លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសាទរចំពោះការអនុវត្ដវិធានការចំគោលដៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ ខណៈដែលករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៦១ ភាគរយនៅពេលយប់ដែលបណ្ដាលឱ្យមនុស្សស្លាប់ក្នុងរាជធានីភ្នំពេញយ៉ាងហោចណាស់ ២ ថ្ងៃមានចំនួន ៣ នាក់។
លោកស្រីបានបញ្ជាក់ថា៖ «យន្តការដែលធ្វើឡើងនៅពេលយប់នេះ គឺស្របទៅនឹងបញ្ហាដែលកំពុងប្រឈម និងកំពុងឆ្លើយតបទៅនឹងស្ថានភាពប្រឈមចំបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ»។
លោកស្រីបន្តថា៖ «ឥរិយាបថរបស់ពលរដ្ឋយើងនៅពេលយប់ ពួកគាត់បើកបរមិនសូវគោរពច្បាប់ និងស្ថិតនៅក្នុងស្ថានភាពស្រវឹង។ ដូច្នេះការអនុវត្ដវិធានការរឹតបន្ដឹងច្បាប់នេះ គឺពិតជាអាចជំរុញឱ្យអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍អាចថយចុះបាន»៕