ភ្នំពេញៈ ប្រភេទ​ថ្នាំ​គ្រាប់ និងម្សៅ​សារធាតុ​មិន​ច្បាស់លាស់​ជាច្រើន​ប្រភេទ ដែល​សង្ស័យ ថា​ជា​សារធាតុ​ញៀន​សរុប​ប្រមាណ​ជាង ២០០ គីឡូក្រាម​និង​ម្សៅ​សារធាតុ​គីមី​ផ្សំ ៥៨៧ គីឡូក្រាម ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ បង្ក្រាប​ចាប់​និង​រឹប​អូស​បាន​កាលពី​រសៀល​ថ្ងៃ​អង្គារ នៅ​ចំណុច​ផ្ទះ​លេខ ២៨៥ AE0 ផ្លូវ​លេខ ៣៧១ ក្រុម ៦ ភូមិ-សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក ម៉ក់ ជី​តូ អគ្គស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា ការចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ផលិត​គ្រឿង​ញៀន​នៅ​ទីតាំង​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ភ្លាមៗ​ពី​ម្ចាស់​ផ្ទះ​ឈ្មោះ អ៊ុយ រ៉ាស៊ី។

លោក​ ជី​តូ បាន​បន្តថា តាម​សម្ដី​របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ រ៉ាស៊ី បាន​ជួល​ឲ្យ​ជនជាតិ​ចិន​មួយ​ក្រុម​ស្នាក់​នៅ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ គាត់​បាន​ទៅ​ពិនិត្យ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​គ្មាន​មនុស្ស​នៅ។ គាត់​បាន​ធុំ​ក្លិន​ស្អុយ​ចម្លែក​ភាយ​ចេញ​តាម​ចន្លោះ​ប្រហោង​ទ្វារ ដែល​បាន​ចាក់​សោ​ជាប់​ពី​ខាង​ក្រៅ ធ្វើ​ឲ្យ​គាត់​សង្ស័យ​ហើយ​បាន​ពិនិត្យ​មើល​តាម​ប្រហោង​ទ្វារ​នោះ​ឃើញ​មាន​ឧបករណ៍​និង​សម្ភារ​ជាច្រើន​នៅ​ក្នុង​នោះ បន្ទាប់​មក​គាត់​បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដើម្បី​ចូល​ពិនិត្យ​មើល។

លោក​បាន​ថ្លែង​ទៀតថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ និង​ក្រោម​កិច្ច​សម្រប​សម្រួល​ផ្នែក​ច្បាប់​ពី​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ កម្លាំង​មន្ទីរប្រឆាំង​គ្រឿង​ញៀន​ នៅ​វេលា​ម៉ោង​ ​១:​៣​០ ​នា​ទី​​ថ្ងៃ​ទី​ ២​ ​ខែ​ មេសា ឆ្នាំ​ ២០១៩ ​បាន​ចុះ​ទៅ​ដល់​ហើយ​បាន​កាត់​សោ​ទ្វារ​ផ្ទះ​នោះ​ចូល​ទៅ​ពិនិត្យ​មើល​ ហើយ​បាន​រក​ឃើញ​​វត្ថុ​ ​ដែល​គួរ​ឲ្យ​សង្ស័យ​ពាក់​ព័ន្ធ​ការ​ផលិត​និង​កែ​ច្នៃ​គ្រឿង​ញៀន​មួយ​ចំនួន។

​លោក ​ជីតូ​ ​បាន​បញ្ជាក់​ថា​៖ «​ក្រោយ​ការ​ត្រួត​ពិនិត្យ​ ​ក្រុម​សមត្ថ​កិច្ច​យើង​បាន​រក​ឃើញ ​ប្រភេទ​ថ្នាំ​គ្រាប់​ដែល​សង្ស័យ​ជា​មេ​តំ​ហ្វេតា​មីន​ ១​៨ ​គី​ឡូ​ក្រាម​,​ ​កេ​តា​មីន ​៦០ ​គីឡូ​ក្រាម,​ ម្សៅ​​សារ​ធាតុ​មិន​ច្បាស់​លាស់​ ៥០,២ ​គីឡូក្រាម,​ ម្សៅរូប​ពោត​ ៨០ ​កេស,​ ម្សៅពណ៌​ស​មិន​ច្បាស់​លាស់​ ៤៥ ​​គីឡូ​ក្រាម,​ ម៉ា​ស៊ីន​លាយ​ថ្នាំ​ ៩ ​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ ២ ​គ្រឿង​,​ ពុ​ម្ព​គ្រាប់​ថ្នាំ​ ១៨០ ​ដើម​ និង​សម្ភារ​មួយ​ចំនួន​ទៀត»។

​លោក​​បាន​បន្ថែម​ថា​៖ ​«​​វត្ថុ​តាង​ទាំង​នេះ​ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​យក​ទៅ​រក្សា​ទុក​ ដើម្បី​ពិសោធ​និង​ស្រាវជ្រាវ​​រក​ការ​ពិត ថា​តើ​វា​ពិត​ជា​សារ​ធាតុ​ញៀន​ពិត​ប្រាកដ​ឬ​យ៉ាងណា​ ប៉ុន្តែ​បើ​យោង​តាម​វត្ថុ​​តា​ង​ទាំង​នោះ​ វា​អាច​ពាក់​ព័ន្ធ​ករណី​ផលិត​និង​កែ​ច្នៃ​គ្រឿងញៀន​ ​ឬ​​ឱសថ​ក្លែង​ក្លាយ​ខុ​ស​ច្បាប់​ ​ដែល​បំផ្លាញ​ដល់​សុខុ​មាល​ភាព​ប្រជា​ពលរដ្ឋ​យើង»។

​លោក​បាន​បន្ត​ថា​​ នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ ​និងស៊ើប​អង្កេត​បន្ត​តាម​នីតិ​វិធី​ច្បាប់​ ហើយ​ទី​តាំង​ផ្ទះ​ខាង​លើ​នេះ​ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន។

​ជា​មួយ​គ្នា​នេះ​ ​លោក​ ​អ៊ុយ​ ​រ៉ាស៊ី​ អ​នុ​ប្រធាន​សា​ខា​គយ​ និង​រដ្ឋាករ​រាជ​ធានី​ភ្នំ​ពេ​ញ​ ដែល​ជា​ម្ចាស់​ផ្ទះ​ជួល​ខាង​លើ​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លី​ថា​៖​ «​នៅ​ពេ​ល​នេះ​ខ្ញុំ​កំ​ពុង​បន្ត​កិច្ច​សហ​ការ​ជា​មួយ​ក្រុម​សមត្ថ​កិច្ច​ជំនាញ​ ដូច្នេះ​ខ្ញុំសូ​ម​អធ្យា​ស្រ័យ ដែល​មិន​អាច​ប្រាប់​ឲ្យល​ម្អិត​ជុំវិញ​ករណី​នេះ​ ​ព្រោះ​វា​កំពុង​ស្ថិត​ក្រោ​ម​នី​តិ​វិធី​នៃ​ការ​ស៊ើប​អង្កេត»។​

យោង​តាម​របាយ​ការណ៍​ដែល​បា​ន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេ​ហ​ទំព័រ​ Facebook​ ផ្លូវ​ការរ​បស់​​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ កា​ល​ពី​រសៀល​ថ្ងៃ​ពុធ​ ​វត្ថុ​តាង​ដែល​បាន​រឹប​អូស​ពី​ទី​តាំង​ខាង​លើ​នេះ​ពិត​ជា​សារ​ធាតុ​ញៀន​ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ ដោយ​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។​

​របាយ​ការណ៍​នោះ​បញ្ជាក់​ថា​៖ ​«​សារ​ធាតុ​ញៀន​ប្រភេទ​ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន ​(Pyrovalerone)​ ទម្ងន់​ ២០០,២​ គីឡូ​ក្រាម​ វា​ជា​សារ​ធាតុ​ញៀន​ ​ដែល​មាន​នៅ​ក្នុង​តារាង​ទី៣​ ​នៃ​ច្បាប់​ត្រួតពិនិត្យ​គ្រឿង​ញៀន។​ ​វា​ក៏​ជា​ប្រភេទ​គ្រឿង​ញៀន​ថ្មី​ ដែល​ទើប​មាន​វត្ត​មាន​នៅ​កម្ពុ​ជា​ផង​ដែរ។​ ក្រៅ​ពី​នេះ​មាន​ម្សៅ​សារ​ធាតុ​គីមី​ផ្សំ​ចំនួន​ ៥៨៧,៥ ​គី​ឡូក្រាម​ និង ​ម៉ាស៊ីន​កែ​ច្នៃ​ចំនួន ១ ឈុត»។​

លោក​ ​ជីតូ​ ​បាន​និយាយ​ថា​ ​ករណី​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​ និ​ង​ករណី​ជន​ជាតិ​ឥណ្ឌូ​នេស៊ី​ ​ដែល​ទើប​បង្ក្រាប​ចាប់​បាន​នៅ​ឯ​ច្រក​ព្រំដែន​អន្តរ​ជាតិ​ត្រពាំង​ក្រៀល​ក្នុង​ខេត្ត​ស្ទឹងត្រែង​នោះ​ទេ។

ជា​មួយ​គ្នា​នេះ​ ​ការិយា​ល័យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម ​(UNODC)​ នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ​បាន​រៀប​ចំ​វេទិ​កាពិភា​ក្សា​មួយ​នៅ​ទី​ក្រុង​បាង​កក​ប្រទេស​ ថៃ​ ​ស្ដី​ពី​សន្តិ​សុខ​តំបន់​ព្រំដែន​ថ្នាក់​តំបន់​អាស៊ាន​ ដោយ​​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ធ្វើ​សមា​ហ​រ​ណ​កម្ម​ផែន​ការ​ពាណិ​ជ្ជ​កម្ម​ និង​សន្តិសុខ​ក្នុង​ការ​គាំទ្រ​អាស៊ាន​ឆ្នាំ ២០២៥។​

វេទិកា​នេះ​មាន​ការ​​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​តំបន់​អាស៊ាន​និង​សហ​គមន៍​អន្តរ​ជាតិ​មួយ​ចំនួន​ ដែលធ្វើ​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​កិច្ច​ការងារ​សន្តិ​សុខ​នៅ​តាម​ព្រំដែន។​

យោង​តាម​សេចក្ដី​ប្រ​កាស​ព័ត៌មាន​ ដែល​ចេញ​ផ្សាយ​ក្រោយ​បញ្ចប់​​ក្នុង​វេទិកា​នោះ ​លោក​ J​ereme​ Douglas ​តំណាង​ឲ្យ​អង្គការ​ UNODC ​បាន​និយាយ​ថា​​៖ ​«​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​នោះ​ បាន​ជះ​ឥទ្ធិ​ពល​លើ​គោល​នយោ​បាយ ​និង​ភាព​ខុស​គ្នា​នៃ​សមត្ថ​ភាព​ដើម្បី​ពង្រីក​ពាណិជ្ជ​​កម្ម​គ្រឿង​ញៀន​ និង​អាជី​វ​កម្ម​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​អាស៊ី​អា​​គ្នេយ៍​ ហើយ​យើង​ជឿជាក់​ថា​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​រួម​អាស៊ាន​មួយ​នឹង​ជួយ​ឲ្យ​មាន​ការ​ឆ្លើយ​តប​នៅ​ក្នុង​តំបន់»៕