ព្រះសីហនុ៖ មន្ត្រីជំនាញនគរបាលខេត្តព្រះសីហនុគ្រោងបញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោម ៣ នាក់ ទៅសាលាដំបូងខេត្តបន្ទាប់ពីបានឃាត់ខ្លួនពីថ្ងៃទី ៩ ខែកញ្ញា ពាក់ព័ន្ធការកាប់ទន្ទ្រានដីនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានថ្លែងនៅថ្ងៃទី ១០ កញ្ញា នេះថា ជនសង្ស័យម្នាក់ (មិនចាំឈ្មោះ) ក្នុងចំណោម ៣ នាក់ កំពុងត្រូវបានមន្ត្រីជំនាញនគរបាលខេត្តព្រះសីហនុសាកសួរតាមនីតិវិធីច្បាប់។ បន្ទាប់ពីសួរចប់មន្ត្រីនឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ប៉ុន្ដែលោកថា មិនទាន់អាចបញ្ជាក់ពីវេលាបញ្ជូនជាក់លាក់បានទេ។
លោកបញ្ជាក់ថា៖ «យើងបានទទួលសំណុំរឿងនេះពីមន្ត្រីបរិស្ថាន គឺខាងបរិស្ថានគាត់ចុះល្បាតចាប់បានជនសង្ស័យម្នាក់ក្នុងចំណោម ៣ នាក់ នៅតំបន់ក្បាលឆាយហ្នឹង។ អ៊ីចឹងគាត់ក៏បានបញ្ជូនទាំងសំណុំរឿង និងវត្ថុតាងមកឲ្យយើងជាអ្នកចាត់ចែងហើយឥឡូវនេះ យើងកំពុងសាកសួរពេលសាកសួរចប់យើងនឹងបញ្ជូនទៅតុលាការហើយតែខ្ញុំមិនអាចបញ្ជាក់ពេលវេលាច្បាស់ទេ»។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មិនអាចទាក់ទងសុំការបញ្ជាក់ពីករណីនេះបានទេនៅថ្ងៃទី ១០ កញ្ញា នេះ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
តាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុចុះថ្ងៃទី ៩ ខែកញ្ញា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបាននៅថ្ងៃទី ១០ កញ្ញា ឲ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយកាលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ មក មន្ទីរបរិស្ថានខេត្តសង្កេតឃើញមានសកម្មភាពបទល្មើស កាប់ឆ្ការព្រៃឈើ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធយកដីបានកើតជាបន្តបន្ទាប់ តែសមត្ថកិច្ចក៏បានចុះបង្ក្រាបជាហូរហែដែរ។
សេចក្ដីប្រកាសដដែលថា ប៉ុន្តែថ្មីៗនេះកម្មភាពល្មើសនេះបានកម្រើកឡើងវិញ ជាពិសេសនៅក្នុងភូមិសាស្ត្រ ឃុំបិតត្រាង ស្រុកព្រៃនប់។ជាក់ស្ដែងនៅថ្ងៃទី ៩ ខែកញ្ញា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានចុះល្បាតនៅទីនោះក៏បានឃើញរោងប្រកតង់ចំនួន ២ និងវត្ថុតាងប្រព្រឹត្តបទល្មើសរួមមាន រណារយន្ត ១ គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២ គ្រឿង កាំបិតផ្គាក់ ២ និងពូថៅ ១ ទៀត។
សេចក្ដីប្រកាសនេះបញ្ជាក់ថា៖ «ក្រុមការងារយើងសង្ស័យថាមានមនុស្សនៅក្បែរនោះហើយបានចុះពិនិត្យមើលទីតាំងជុំវិញតង់ ក៏ឃើញមានមនុស្ស ៣ នាក់ ពួននៅក្បែរៗនោះ។ ក្រោយដឹងថា ក្រុមការងារយើងឃើញពួកគេមនុស្សប្រុសទាំង ៣ នាក់ បានរត់គេចចេញពីកន្លែងនោះ ហើយក្រុមការងារដេញឃាត់ខ្លួនបានមនុស្សប្រុសម្នាក់ ខណៈ ២ នាក់ផ្សេងទៀតរត់ចូលព្រៃបាត់»។
សេចក្ដីប្រកាសបន្ថែមថា ដោយអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រះសីហនុ មន្ត្រីឧទ្យានុរក្សក៏បាននាំខ្លួនបុរសម្នាក់នោះ រួមទាំងវត្ថុតាង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរតាមនីតិវិធីច្បាប់។
លោក អ៊ឹង សារ៉ុម មេឃុំបិតត្រាងនៅថ្ងៃទី ១០ កញ្ញា នេះ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តព្រះសីហនុបានថ្លែងនៅថ្ងៃទី ១០ កញ្ញា នេះថា លោកស្រីគាំទ្រចំពោះការអនុវត្តច្បាប់ ប៉ុន្ដែបានជំរុញឲ្យអាជ្ញាធរកំណត់ព្រំដែនដីអភិរក្ស និងដីដែលបានកាត់ឆ្វៀលចែកជូនពលរដ្ឋឲ្យបានច្បាស់លាស់ព្រោះតំបន់ក្បាលឆាយនេះមានលក្ខណៈទូលំទូលាយហាក់ដូចជាមិនទាន់កំណត់ព្រំដែនអភិរក្សឲ្យច្បាស់លាស់នៅឡើយ។
លោកស្រីបន្តថា តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយនេះ ត្រូវបានអាជ្ញាធរចុះបង្ក្រាបជាញឹកញាប់ ប៉ុន្ដែមិនសូវមានប្រសិទ្ធភាព ព្រោះបង្ក្រាបមួយក្រុមបែរជាមានក្រុមផ្សេងមកទន្ទ្រានយកដីនេះ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំចង់ឲ្យកំណត់ដែនអភិរក្សតំបន់ក្បាលឆាយហ្នឹងឲ្យបានច្បាស់លាស់ ហើយតំបន់នេះ ត្រូវបានមន្ត្រីជំនាញណាខ្លះដែលគ្រប់គ្រង ថែរក្សា ហើយអាជ្ញាធរមូលដ្ឋានគួរតែចូលរួមបែបណា ដើម្បីឲ្យការបង្ក្រាបមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែងកន្លែងខ្លះមានពលរដ្ឋទៅសាងសង់ផ្ទះ ដាំដំណាំ ៣ ឬ ៤ ឆ្នាំហើយ ទើបអាជ្ញាធរចុះទៅបង្ក្រាប។ អ៊ីចឹងរឿងវាទៅជាស្មុគស្មាញពិបាកដោះស្រាយ»៕