មណ្ឌលគិរីៈ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​ចំនួន​ ១៣ គ្រឿង នៅ​ចំណុច​អូររមាស ក្នុង​ក្រុង​សែនមនោរម្យ ដោយ​សង្ស័យថា រថយន្ត​ទាំងនោះ​ផ្ទុក​ឈើ​លើស​ទម្ងន់ ខុសពី​លិខិត​អនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ​។

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ទាក់ទង​ករណី​នេះ​ខាង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចុះ​ត្រួតពិនិត្យ និង​ឃើញ​មាន PC (​លិខិតអនុញ្ញាត​) ​ត្រឹមត្រូវ​ហើយ មុន​ឱ្យ​ចេញ​ដំណើរ​។ ប៉ុន្តែ​លោក​ថា ការឃាត់​រថយន្ត​ទាំងនោះ​ជា​សមត្ថកិច្ច​របស់​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។

លោក​ថា​៖ «​ថ្នាក់​ខេត្ត បង្កើត​គណៈកម្មការ​មួយ​ចុះ​វាស់វែង​ត្រួតពិនិត្យ​មាន PC ត្រឹមត្រូវ ប៉ុន្តែ​ខាង​លោក​ព្រះរាជអាជ្ញា និង​ប៉ូលិស​សេដ្ឋកិច្ច​សង្ស័យ​ថា ពិនិត្យ​មើលទៅ​អត់​ត្រឹមត្រូវ អ៊ីចឹង​ការងារ​នេះ​គាត់​ត្រួតពិនិត្យ​ថែម​ពីលើ បើ​មាន​ការខុសឆ្គង​អី គឺជា​ការងារ​របស់​ក្រុមប៉ូលិស​សេដ្ឋកិច្ច និង​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​ជួនកាល​គាត់​ដាក់​លើស​ទម្ងន់​»​។

បើតាម​លោក​ ឡោ សុខា សមត្ថកិច្ច​ជំនាញ​ពុំទាន់​អនុញ្ញាត​ឱ្យ​រថយន្ត​ចរាចរណ៍​ទៅ​នោះ​ទេ ខណៈ​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ឈើ​ទាំងនោះ​ឡើងវិញ​។

ជាមួយ​គ្នា​នេះដែរ អភិបាលរង​ខេត្តមណ្ឌលគិរី​លោក ជាក់ ម៉េងហ៊ាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​គម្រោង​ឡាន​ដឹកឈើ​ទាំងនោះ ដឹក​ចេញ​ពី​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ឆ្ពោះ​ទៅ​ខេត្ត​ក្រចះ ដើម្បី​ដឹក​ចូល​រោងចក្រ​កែច្នៃ​ឈើ​សម្រាប់​ធ្វើជា​គ្រឿងសង្ហារិម និង​ជើង​តុ​ផ្សេងៗ​។

លោក​ថា​៖ « ឡាន ​(១៣ ​គ្រឿង​) នេះ​របស់​ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់ ហើយ​ឈើ​នេះ​មាន PC ត្រឹមត្រូវ ដើម្បី​ដឹកជញ្ជូន​យក​មក​ដាក់​នៅ​រោងចក្រ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​ចិន​»។

លោក​បន្តថា​៖ «​ក្រោយពី​បាន​ពិនិត្យ ឈើ​នេះ​គឺជា​ឈើដុំ​ពន្លះ ដើម្បី​យកមក​ចូល​រោងចក្រ ដូច្នេះ​គណៈកម្មាធិការ (​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​) ​បាន​ពិនិត្យថា ឈើ​នេះ​ត្រឹមត្រូវ​អត់​មាន​អី​ខុស​ទេ ប៉ុន្តែ​ដោយសារ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចោទថា លើស​ដុំ​ឈើ​»​។

បើតាម​លោក ម៉េងហ៊ាង ឈើ​នេះ​មាន​ប្រមាណ​ ១៨ ​ម៉ែត្រគុប​ក្នុង​មួយ​ឡាន ទៅតាម​បរិមាណ​ឡានតូច​ ឬ​ឡានធំ ដែលមាន​ឈើ​ដុំ និង​ឈើ​សន្លឹក ដែល​គេ​ដឹក​យក​ទៅ​ចូល​រោងចក្រ​កែច្នៃ ដើម្បី​ផលិត​ទៅជា​របស់​ប្រើប្រាស់​ដូចជា​ជើង​តុ ជើង​កៅអី​តូចៗ​។

អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ជា​សកម្មជន​ព្រៃឈើ​លោក គ្រើង តុលា យល់ថា ក្នុងករណី​រកឃើញ​មាន​ភាពមិនប្រក្រតី​នៃ​ការដឹកជញ្ជូន​ឈើ សមត្ថកិច្ច​គួរ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​លោក​ចាត់ទុក​ថា នេះ​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ព្រៃឈើ​ដែល​កំពុង​រងគ្រោះ​ពី​ការកាប់បំផ្លាញ​ដោយ​ជនខិលខូច​មួយចំនួន​។ ​«​វា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​មួយ មិនគួរ​លើកលែង​ដោយសារ​កន្លងមក ឃើញ​មាន​ក្រុមហ៊ុន​បន្លំ​ច្រើន​មែនទែន​»​។ លោក​ថា ជារឿយៗ​អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ​ពាក់ព័ន្ធ​ការដឹកឈើ​ខុសច្បាប់ ឬ​លើស​ទម្ងន់ ប៉ុន្តែ​ហាក់ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​លោក អ៊ុំ វណ្ណសុភ័គ៌ ថ្លែង​ពី​ម្សិលមិញ​ថា រឿងនេះ​ក្រុមការងារ​កំពុង​ត្រួតពិនិត្យ​ចាំ​បាន​លទ្ធផល​យ៉ាងម៉េច លោក​នឹង​ផ្តល់​ព័ត៌មាន​តាម​ក្រោយ​។

មិនមាន​ប្រភព​ទាក់ទង​ទៅ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញស្ដុក ដើម្បី​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះ​បានទេ​កាលពី​ម្សិលមិញ​៕