ខេត្តតាកែវ៖ កម្លាំង​នគរបាល​ស្រុក​គិរីវង់​បាន​កាប់​ដុត​បំផ្លាញ​ចោល​នូវ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន ៨ ទីតាំង ដែល​មាន​ផ្ទៃដី​ប្រមាណ ៩៧៥ ម៉ែត្រ​ការ៉េ កាល​ពី​ធ្ងៃ​ទី ១៧ ខែមីនា នៅ​ចំណុច​ខ្នងភ្នំ​ដុប​ខាង​លិច​ប្រាសាទ​បាយ៉ង់​កោរ ស្ថិត​ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់។

លោក ស៊ុត ខុន អភិបាល​ស្រុក​គិរីវង្ស​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា នៅ​ក្នុង​មូលដ្ឋាន​ស្រុក​គិរីវង្ស តែង​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ទៅ​លួច​ដាំ​ដំណាំ​កញ្ឆា​នៅតា​ម​ភ្នំ ហើយ​សមត្ថកិច្ច​ស្រុក តែងតែ​ទៅ​បង្ក្រាប​ជា​បន្តបន្ទាប់ ប៉ុន្តែ​ហាក់​នៅ​តែ​មាន​សកម្មភាព​ដាំ​នៅ​តែ​បន្ត​មាន។

ទោះ​យ៉ាង​ណា សមត្ថកិច្ច​មិន​ដែល​ព្រងើយ​កន្តើយ​នឹង​សកម្មភាព​នេះ​នោះ​ទេ គឺ​នៅ​តែ​បន្ត​ចុះ​ស្រាវជ្រាវ ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​ការ​ដាំ​ដំណាំ​កញ្ឆា​នេះ​ជា​ហូរហែ ខណៈ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដាំ​ដំណាំ​កញ្ឆា​ទាំង​នោះ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។

លោក ស៊ុត ខុន ថ្លែង​ថា៖ «កិច្ចការ​នេះ យើង​ធ្វើ​ជា​ប្រចាំ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ថា បាន​ធ្វើ ​និង​ចាប់​ជន​ល្មើស​បញ្ជូន​ជនល្មើស​ប៉ុន្មាន​រួច​មក​ហើយ​ដែរ។ យើង​ធ្វើ​ម្តង​នៅ​ទីនេះ ម្តង​នៅ​ទីនោះ​ដែល​ភាគ​ច្រើន​ជន​ខិលខូច​បាន​ដាំ​នៅ​ចន្លោះ​ថ្ម និង​នៅ​លើ​ភ្នំ ដែល​ពិបាក​ដល់​សមត្ថកិច្ច​ក្នុង​ការ​ចុះ​ស្រាវជ្រាវ ដើម្បី​កាប់​ដុត​កម្ទេច​ចោល»។

លោក ស៊ុត ខុន ប៉ាន់​ស្មាន​ថា អ្នក​ដែល​ដាំ​ដំណាំ​កញ្ឆា​នេះ គឺ​ជា​អ្នក​រស់នៅ​ក្នុង​ស្រុក​នេះ ហើយ​អាជ្ញាធរ​ក៏​កំពុង​ស្វែងរក​អ្នក​ទាំង​នោះ និង​អ្នក​នៅ​ពី​ក្រោយ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ប៉ុន្តែ​មាន​ការ​លំបាក​ខ្លះ​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ទីតាំង​ដាំ​កញ្ឆា និង​អ្នក​ដាំ ព្រោះ​គេ​ដាំ​នៅ​លើ​ភ្នំ​មិនមែន​ដាំ​លើដី​ឯកជន​របស់​គេ​នោះ​ទេ​។

លោក ហៀ​ម ស្រ៊ីម អធិការរង​ស្រុក​គិរីវង់​ទទួល​បន្ទុក​ផ្នែក​គ្រឿង​ញៀន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ​ជុំវិញ​ករណី​នេះ ដោយ​បាន​ថ្លែង​ថា លោក​មិនមែន​ជា​អ្នក​ទទួល​បន្ទុក​ឆ្លើយតប​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ទេ។ លោក​បាន​ស្នើ​ឱ្យ​ទាក់​ទៅ​លោក យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់។ លោក ​យុគ សារ៉ាត់ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​ឡើយ។

ចំណែក លោក អិន វុធ នាយប៉ុស្ដិ៍​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ថ្លែងថា លោក​ក៏​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ជូន ​ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​ដែរ​លុះត្រា​តែ​មាន​គោលការណ៍​អនុញ្ញាត​ពី​លោក យុគ សារ៉ាត់។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​គ្រឿងញៀន​បាន​ថ្លែង​ថា ការ​ដាំ​កញ្ឆា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​មុន គឺ​មិន​ខុស​ច្បាប់​នោះ​ទេ ដោយ​ពលរដ្ឋ​គាត់​ដាំ​យក​ទៅ​ដាក់​ក្នុង​សម្ល ឬ​យក​ទៅ​ធ្វើ​អ្វីៗ​ផ្សេង​ទៀត​បាន​ប៉ុន្តែ ក្រោយ​មក​រដ្ឋាភិបាល​បាន​ពិនិត្យ​ឃើញ​ថា កញ្ឆា​នេះ គឺ​ជា​គ្រឿង​ផ្សំ​មួយ​ផ្នែក​នៃ​ការ​ផលិត​គ្រឿង​ញៀន​ទើប​រដ្ឋាភិបាល​បង្កើត​ច្បាប់​មិន​ឱ្យ​មាន​ការ​ដាំ​កញ្ឆា​បន្ត​ទៀត។

ទោះបីជា​យ៉ាង​ណា លោក មាស សុវណ្ណ បញ្ជាក់​ថា លោក​មិន​បាន​ចាំ​ពី​ទំហំ​ទោសទណ្ឌ​កម្រិតណា ឬ​ការ​ផាក​ពិន័យ​ចំនួន​ប៉ុន្មាន​នោះ​ទេ ចំពោះ​អ្នក​ដាំ​កញ្ឆា​ដោយ​ចំនួន​ទោសទណ្ឌ គឺ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន។

លោក​បាន​ថ្លែង​ថា៖ «ពី​សង្គម​ចាស់ ចាស់ៗ ដាំ​ជក់​លេង​ធ្វើ​មិន​ដឹង ប៉ុន្តែ​ក្រោយ​មក​កម្ពុជា​យើង​បាន​ដាំ​កញ្ឆា​នេះ សម្រាប់​ធ្វើ​ការ​នាំចេញ​រ៉ាប់​រយ​ហិកតា ហើយ​ត្រូវ​បាន​គេ​គិត​ថា វា​អាច​កែច្នៃ ឬ​ផ្សំ​ទៅ​ជា​គ្រឿង​ញៀន និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរសៃប្រសាទ​បាន។ អ៊ីចឹង​ហើយ​បាន​គេ​ហាម​មិន​ឱ្យ​ដាំ​បន្ត​ទៀត»៕