ស្ទឹងត្រែងៈ នគរបាល​ស្រុក​​សេសាន​ពី​ម្សិលមិញ​បាន​យក​​អាវុធ​កែច្នៃ​ ៣៩ ​ដើម​ ដែល​ប្រមូល​​បាន​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មក​ប្រគល់ជូន​ការិយាល័យ​អាវុធ​ជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​រក្សាទុក និង​ចាត់ចែង​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ទេស ភាលាប អធិការស្រុក​សេសាន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា បន្ទាប់ពី​យល់ច្បាស់​ពី​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការកាន់កាប់​អាវុធ​ខុសច្បាប់​រួច​​មក​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុង​​ឃុំ​ទាំង​ ៧ ​នៃ​ស្រុក​សេសាន ជាពិសេស​អ្នក​ធ្លាប់​បរបាញ់​សត្វព្រៃ​បានភ្ញាក់រឭក​នាំយក​អាវុធ​​ និង​អាវុធ​កែច្នៃ​របស់​ពួកគេ​មក​​ប្រគល់ជូន​សមត្ថកិច្ច​ជា​បន្តបន្ទាប់ ដើម្បី​រក្សាទុក និង​កម្ទេចចោល​តាម​នីតិវិធី​ច្បាប់​។

លោក ភាលាប បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ភាព​រីករាយ​ណាស់​​នៅពេល​ឃើញ​ពលរដ្ឋ​យើង​ភ្ញាក់រឭក​នាំយក​អាវុធ​ទាំងនេះ​មក​ប្រគល់ជូន​សមត្ថកិច្ច​យើង​រក្សាទុក​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ អាវុធ​ទាំង​ ៣៩ ​ដើម​នោះ​រួមមាន​ AK44 ​ចំនួន ១ ​ដើម​, AK47 ចំនួន​ ២ ​ដើម​,CKC ​ចំនួន​ ១ ​ដើម​ហើយ​ក្រៅពី​នោះ​ជា​អាវុធ​កែច្នៃ​»​។

បើ​តាម​លោក ភាលាប បច្ចុប្បន្ន​នេះ​អាវុធ​ទាំង​ ៣៩ ​ដើម​នោះ​ត្រូវបាន​មន្ត្រី​នគរបាល​ខេត្ត​នាំយក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​​ ដើម្បី​បន្ត​តាម​នីតិវិធី​៕