ក្រចេះ៖នគរបាល​ស្រុក​សំបូរ​បាន​បញ្ជូន​បុរស ៣ នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​នៅថ្ងៃនេះ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី ២៥ មេសា​ពាក់ព័ន្ធ​ករណី​លួច​ជីក​យក​រ៉ែ​មាស​នៅ​ទីតាំង ១ កន្លែង​របស់​ក្រុមហ៊ុន​ចិន​នៅ​តំបន់​អូរត្រូន​នៃ​ឃុំ​ក្បាលដំរី។

លោក ជ្រិន សុទ្ធា អធិការ​ស្រុក​សំបូរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី ២៦ ខែមេសា​នេះ​ថា បុរស​ជា​ជនសង្ស័យ​ទាំងនោះ​រួមមាន ឈ្មោះ​ ស៊ិន សុខេត អាយុ ៥២ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​អូរពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ និង​បក្ខពួក ២ នាក់​ទៀត ឈ្មោះ អាន រ៉ាវី អាយុ ២៩ ឆ្នាំ និង​ឈ្មោះ ជឹម សុឡា អាយុ ២៤ ឆ្នាំ ដែល​ពួកគេ​រស់នៅ​ក្នុងភូមិ​ជាមួយ គ្នា។ ការឃាត់ខ្លួន ខណៈ​ពេល​ពួកគេ​កំពុង​ជីក​យក​រ៉ែ​មាស​ក្នុង​ទីតាំង​អាជីវកម្ម​រ៉ែ​មាស ១ កន្លែង​របស់​ក្រុមហ៊ុន [ចិន] ស៊ីង យ័ងគ័ងយិ កាលពី​យប់ ២៥ ខែ​មេសា។

លោក​ សុទ្ធា បាន​ថ្លែងថា៖ «ជនសង្ស័យ​ទាំង ៣ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​ចោទប្រកាន់​ក្នុង​បទល្មើស​អំពើ​លួច ហើយ​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី ២៦ ខែមេសា នេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់»។

ចំណែក លោក ប៊ុន ឈឿន ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះដែរ​ថា ក្រុម​ការងារ​របស់លោក​បានទទួល​សំណុំរឿង និង​ជនសង្ស័យ​ទាំង ៣ នាក់​នោះ​ហើយ និង​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​យក​ចម្លើយ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​នៃ​បទល្មើស​បញ្ជូន​ទៅ​តុលាការ។

លោក​បាន​បញ្ជាក់ថា៖ «នៅពេលនេះ ការស៊ើបសួរ​ចម្លើយ​លើ​ជនសង្ស័យ​ទាំង ៣ ខាង​លើ​នេះ នៅ​មិន​ទាន់​ចប់សព្វគ្រប់​នៅឡើយ​ទេ។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ក្រុមមន្ត្រី​ជំនាញ​យើង​គ្រោង​នឹង​បញ្ជូន​សំណុំរឿង និង​ពួកគេ​ទាំង ៣ នាក់​ទៅ​កាន់​តុលាការ​ខេត្តក្រចេះ​​នៅ​ថ្ងៃទី ២៧ ខែ​មេសា​ស្អែក​នេះ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់»។

ករណី​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​តំបន់​អូរត្រូន​នៃ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​កម្មករ​ជាច្រើន​នាក់​មកហើយ​ដែល​បាន​ស្លាប់ ដោយសារ​ការបាក់​ដី​មាត់​រណ្ដៅ​រ៉ែ​មាស​សង្កត់​លើ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត​ក៏​ធ្លាប់បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​បង្ក្រាប​ជាច្រើន​លើក​រួច​មក​ហើយ​ដែរ ជុំវិញ​ការលួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីង យ័ងគ័ងយិ ៕