ភ្នំ​ពេញៈ ​អ្នក​នាំពាក្យ​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​បាន​ចេញ​សេចក្ដី​​ប្រកាស​ជា​ផ្លូវ​ការ​ដល់​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការ​អនុវត្ត​ដីកា​របស់​តុលាការ​ ក្នុង​ការ​ស្វែងរក​ និង​ចាប់​ខ្លួន​ទណ្ឌិត​ សម​ រង្ស៊ី និង​បក្ខពួក​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា៖ ​«​ក្នុង​​ស្មារតី​រួម​ចំណែក​ពង្រឹង​ និង​ការពារ​នីតិ​រដ្ឋ​ ព្រម​ទាំង​ធានា​ការ​រក្សា​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​សូម​អំពាវនាវ​ដល់​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ ចូលរួម​គាំទ្រ​ដល់​ការ​អនុវត្ត​ភារកិច្ច​របស់​កង​កម្លាំង​អនុវត្ត​ច្បាប់ ​និង​កុំ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ ដែល​កំពុង​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ដែល​សកម្មភាព​នេះ​ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់​ ហើយ​ក៏​ជា​ទង្វើ​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម​។​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ​សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការ​អនុវត្ត​ដីកា​របស់​តុលាការ​ ព្រោះ​ សកម្មភាព​រារាំង​ការ​អនុវត្ត​ដីកា​របស់​តុលាការ​ ​គឺ​ជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​»​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ​ បាន​ធ្វើ​ឡើង​ជួន​គ្នា​ ក្រោយ​ពី​លោក​ សម​ រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ បាន​ប្រកាស​ជា​ញយៗ​ថា​ នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​នៅ​ក្នុង​ខែ​កញ្ញា​ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​ចលនា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​។​

លោក​ ឆាយ​ គឹមខឿន​ អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ផង​ដែរ​កាល​ពី​ម្សិលមិញ​ថា ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ស្នើសុំ​ឲ្យ​ប្រទេស​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស ​កម្ពុជា ជួយ​សហការ​ក្នុង​ការ​ស្វែងរក​ ​និង​ចាប់​ខ្លួន​លោក ​សម​ ​រង្ស៊ី​ ​និង​បក្ខពួក​។​

លោក​ គឺមខឿន​ ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​នឹង​កិច្ច​សហការ​ ​វា​អាស្រ័យ​ទៅ​លើ​ប្រទេស​ជា​ដៃគូ​យើង​ យើង​បាន​ស្នើសុំ​ ហើយ​ពេល​ដែល​គេ​សហការ​​ចាប់ ​(​លោក ​សម​ ​រង្ស៊ី​)​ ​ឲ្យ​យើង​ ​យើង​មាន​ក្ដី​ត្រេកអរ​»​។​

លោក​ ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ បាន​អះអាង​ថា​ ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​គ្រាន់​តែ​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​តែ​ប៉ុណ្ណោះ​ពុំ​មាន​អ្វី​ប្លែក​នោះ​ទេ​។

គួរ​រំឭក​ផង​ដែរ​ថា​ គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧​ ពី​អំពើ​ក្បត់​ជាតិ​ និង​ហាម​ឃាត់​មនុស្ស​នៅ​ក្នុង​បក្ស​នេះ​ជាង ១០០ នាក់ ​​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ លោក​ រង្ស៊ី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ និង​ជាប់​ទោស​ជា​ច្រើន​ឆ្នាំ ហើយ​បាន​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ កម្ពុជា។

លោក រង្ស៊ី កាល​ពី​ម្សិលមិញ​ មិន​បាន​ឆ្លើយ​តប​តាម​រយៈ​អ៊ីមែល​ ក្នុង​ការ​សុំ​អត្ថាធិប្បាយ​ពី​ភ្នំ​ពេញ​ប៉ុស្តិ៍ អំពី​ពេលវេលា​ពិត​ប្រាកដ​នៃ​ការ​កៀរគរ​មនុស្ស​ឲ្យ​វិល​ត្រឡប់​មក​ជាមួយ៕