ភ្នំពេញៈ ​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ឪពុកម្ដាយ និង​អាណាព្យាបាល​ឲ្យ​បញ្ឈប់​ការប្រើ​កុមារ​ដែលមាន​អាយុ​ក្រោម​ ១៣ ​ឆ្នាំ​ ឲ្យ​ធ្វើការ​ណា​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ បន្ទាប់ពី​មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​សប្ដាហ៍​មុន​នៅក្នុង​រាជធានីភ្នំពេញ​ដែល​បាន​បង្ក​ឲ្យ​ក្មេង-ចាស់​ប្រុស-ស្រី​ចំនួន ៦ ​នាក់​បាន​ស្លាប់ និង​រងរបួស​។

លោក ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ចុង​សប្ដាហ៍​មុន​ថា​៖ «​ការប្រើ​កូនចៅ​ក្រោម​អាយុ​ ១៣ ​ឆ្នាំ​ ឲ្យ​ជួយ​ដាំ​ស្ល ឬ​​ចាក់​ផ្ទេរ​សាំង​ពី​ធុង​ចូល​ដប​ ឬ​​ពី​ដប​ចូលទៅក្នុង​គ្រឿងចក្រ​អ្វីមួយ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ ដែល​ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ​ និង​អាយុជីវិត​មនុស្ស​ទាំង​ក្នុង​គ្រួសារ និង​សហគមន៍​»​។

លោក​បាន​បន្តថា ករណី​គ្រោះ​អគិ្គភ័យ​កាលពី​សប្ដាហ៍​​មុន​នៅក្បែរ​ផ្សារ​ដេប៉ូ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បាន​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ យន ស្រ៊ីប​អាយុ​ ៧១ ​ឆ្នាំ​ស្លាប់ និង​សមាជិក​គ្រួសារ​គាត់ ៥ ​នាក់​ទៀត រួមមាន​ឈ្មោះ ប៊ុន សោរ៉ន អាយុ​ ៤១ ត្រូវជា​កូនប្រុស​បង្កើត និង​ឈ្មោះ​ ស៊ូ ស៊ីថា អាយុ​ ៣៧ ​ឆ្នាំ​ត្រូវ​ជា​កូនប្រសា​ស្រី​, កុមារី ភឿន លីដា អាយុ ១២ ​ឆ្នាំ និង​កុមារីភឿន លីកា អាយុ​ ៨ ​ឆ្នាំ​ដែលជា​ចៅស្រី​របស់គាត់ និង​ឈ្មោះ គៀត ឡាង អាយុ​ ៦៥ ​ឆ្នាំ​ត្រូវ​ជា​ដន្លងស្រី​របស់​គាត់​បាន​រងរបួស​ធ្ងន់​។ ចំណែក​ទំនិញ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ត្រូវបាន​ឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង​។

លោក យ៉ន បាន​បញ្ជាក់ថា​៖ «​គ្រោះ​អគ្គិភ័យ​នោះ​គឺ​បណ្ដាល​មកពី​កុមារី​ក្រោម​អាយុ​ ១៣ ​ឆ្នាំ​ម្នាក់​ឈោង​យក​ដប​សាំង​មួយ​ដប​ទៅ​ចាក់​ម៉ូតូ ហើយ​បាន​រអិល​ជើង​ដួល​កំពប់​សាំង​ទៅលើ​ដី ហើយ​បាន​ខ្ទាត​ទៅ​ប៉ះ​នឹង​ចំហេះ​នៃ​ម៉ាស៊ីន​ម៉ូតូ​បង្ក​​ឲ្យ​មាន​វិនាសកម្ម​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​អាយុ​ ៧១ ​ម្នាក់ និង​រងរបួស​មនុស្ស​ ៥ ​នាក់​ដែល​ក្នុង​​នោះ​រួមទាំង​ក្មេងស្រី​អាយុ​ ៨ ​ឆ្នាំ​ម្នាក់​ផង​»​។

ករណី​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​បាន​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ដោយសារ​គ្រោះ​អគ្គិភ័យ​គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែ មីនា ឆ្នាំ​ ២០២០ ​មាន​ការកើនឡើង​ដល់ ៦ ​នាក់ ខណៈ​ដែល​អ្នករងរបួស​បាន​​កើន​ដល់​ចំនួន​ ៣១ ​នាក់​។ នេះ​យោង​បើ​តាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​នាយកដ្ឋាន​បង្ក​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​គរបាលជាតិ​កាលពី​ចុង​សប្ដាហ៍​មុន​។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញថា នៅក្នុង​រាជធានីភ្នំពេញ​មាន​ជនរងគ្រោះ​ស្លាប់​ និង​របួស​ដោយសារ​គ្រោះអគ្គិភ័យ​ច្រើនជាងគេ​គឺ​ស្លាប់​ ២ ​នាក់​ និង​របួស​ ៨ ​នាក់ ​បន្ទាប់មក​ខេត្ត​ប៉ៃលិន សៀមរាប ព្រៃវែង និង​ខេត្តកំពង់ចាម​។ ចំណែក​ខេត្តកំពង់ឆ្នាំង​នៅតែ​ជា​ខេត្ត​ «​គំរូ​» ​ដដែល​ដែល​គ្មាន​ករណី​ភ្លើង​ឆេះ​កើតឡើង​នៅ​ដើម​​ឆ្នាំ​នេះ​គិត​ត្រឹម​ថ្ងៃ​ ២៦ ខែមីនា​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​បណ្ដាល​មកពី​ទូស្សេ​ចរន្តអគ្គិសនី​មាន ៤១ ​ភាគរយ​ បណ្ដាល​មកពី​ការប្រើប្រាស់​ភ្លើង ៣៩ ​ភាគរយ និង ២០ ​ភាគរយ​ទៀត គឺ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​។

របាយការណ៍​ដដែល​នោះបាន​​បញ្ជាក់ថា​៖ «​ស្ថានីយ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៨ ៥៩២ ​ទីតាំង​ គឺជា​គោលដៅ​ដែល​ងាយ​រងគ្រោះ​​ពី​អគ្គិភ័យ​ជាងគេ​បំផុត​ក្នុង​នោះ​នៅ​ក្រុងភ្នំពេញ​មាន​ចំនួន​ ៥៩៥ ​ទីតាំង​»​។

ទាក់ទិន​នឹង​បញ្ហា​នេះ​លោក យ៉ន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ជា​មាតាបិតា និង​អាណាព្យាបាល​នៅក្នុង​គ្រួសារ​នីមួយៗ​ឲ្យ​បញ្ឈប់​ការប្រើ​កូនចៅ​តូចៗ​អាយុ​ក្រោម​ ១៣ ​ឆ្នាំ​ ឲ្យ​ជួយ​ធ្វើការ​ណា​ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ និង​ស្នើ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ​បន្ថែមទៀត​ដោយ​ត្រូវ​ពន្លត់​ភ្លើងចង្ក្រាន ទៀន ធូប និង បិទផ្ដាច់​ចរន្តអគ្គិសនី​ឲ្យ​អស់​មុនពេល​ចាកចេញ​ពី​ផ្ទះ​។

ជុំវិញ​ករណី​នេះ​អ្នកស្រី ខៀវ ស៊ីថា អាយុ​ ៥៣ ​ឆ្នាំ​ ជា​កសិករ​ម្នាក់ រស់នៅ​ឃុំ-ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​​គ្រួសារ​អ្នកស្រី​ធ្លាប់បាន​ជួបប្រទះ​ករណី​ភ្លើង​ឆេះ​ផ្ទះ កាលពី​ក្នុង​ខែមិថុនា ឆ្នាំ​ ២០១៨ ​ដែល​ពេលនោះ​ស្ទើរតែ​បាត់បង់​អស់​កូន​ ៣ ​នាក់​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​នៅពេល​រសៀល​ថ្ងៃនោះ​ខ្ញុំ​ និង​ប្ដី​បាន​ទៅធ្វើ​ចម្ការ​ដោយ​ទុក​កូន​ ៣ ​នាក់​អាយុ​ពី​ ៨ ​ឆ្នាំ​ដល់​ ១២ ​ឆ្នាំ​ឲ្យ​នៅចាំ​ផ្ទះ​។

មុន​ចាកចេញ ខ្ញុំ​បាន​ប្រាប់​កូនស្រី​ច្បង​ឲ្យ​ជួយ​ដាំបាយ​ទុកជាមុន​។ ប៉ុន្តែ​ពេល​នាង​បង្កាត់ភ្លើង​ដាំបាយ​ក៏​កំពប់​ប្រេងកាត​ពី​ដប​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះបាយ​រាល​ដល់​ផ្ទះ​ធំ​តែម្ដង​។

សំណាង​ដែល​នាង​បាន​នាំ​ប្អូនៗ​​រត់​ចេញ​ពី​ផ្ទះ​ទាន់ពេល​»​។

អ្នកស្រី ស៊ីថា បាន​បន្ថែមថា​៖ «​វា​មិន​ប្រសើរ​ឡើយ ដែល​យើង​ជា​ឪពុកម្ដាយ​ប្រើ​កូនតូចៗ​​ឲ្យ​ជួយ​ដាំ​ស្ល​បែបនេះ​។ បទពិសោធ​គ្រួសារ​ខ្ញុំ​គឺ​គ្រប់គ្រាន់​សម្រាប់​​ពលរដ្ឋ​ទាំងអស់​យក​ពិចារណា និង​បញ្ឈប់​ប្រើ​កូនតូចៗ​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនេះ​»៕