ព្រៃវែងៈ បុរស​ជា​កូនបង្កើត​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា​មាន​សតិ​មិន​គ្រប់ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​កាប់​ឪពុក​របស់ខ្លួន​ចំនួន​ ២ ​កាំបិត​ផ្កាក់​ស្លាប់ ខណៈ​ជនរងគ្រោះ​កំពុង​ដេកលក់​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ៩ ​មីនា​ប្រព្រឹត្ត​នៅ​ភូមិ​ដីថុយ ឃុំ​បឹងព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

លោក មុំ សារុំ អធិការនគរបាល​ស្រុក​បាភ្នំ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ស៊ិន ថាវ័ន្ត អាយុ​ ២៨ ​ឆ្នាំ​រស់នៅ​ខេត្តកំពង់ធំ​មាន​ប្រពន្ធ​ និង​មាន​កូនស្រី​ម្នាក់​អាយុ​ ៣ ​ខែ រីឯ​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ​ ស៊ិន ពៅ អាយុ​ ៥៥ ​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ-ឃុំ​កើតហេតុ ហើយ​ត្រូវបាន​សមត្ថកិច្ច​​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងព្រះ​ចុះ​ចាប់ខ្លួនបាន​នៅ​កន្លែងកើតហេតុ​។

លោក សារុំ ថ្លែងថា​៖ «​ខ្ញុំ​សួរ​វា​ទៅ​វា​និយាយ​មិនដឹង​ណា​ណី​ទេ វា​មាន​សតិ​មិន​គ្រប់​ព្រោះ​តាម​ម្តាយចុង​វា​និយាយប្រាប់​ខ្ញុំ​គឺ​វា​កាប់​ឪពុក​វា​ដូចជា​គ្មាន​រឿង​អី​ទេ​»​។

លោក​ប្រាប់​បន្ត​ដោយ​យោងតាម​សម្តី​ម្តាយចុង​របស់​ជនសង្ស័យ​ថា ជនសង្ស័យ​មាន​ប្រពន្ធ និង​មាន​កូនស្រី​ម្នាក់ និង​រស់នៅ​ខេត្តកំពង់ធំ​ហើយ​​រូបគេ​ទើប​ទៅ​ដល់​ផ្ទះ​ឪពុក​កាលពី​ថ្ងៃទី​ ៨ ​មីនា​គឺ​បាន​ ១ ​ថ្ងៃ ហើយ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ឌុប​ឪពុក​ជា​ជនរងគ្រោះ​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ផង​។ លុះ​ពេល​ជនសង្ស័យ​ត្រឡប់​មក​ដល់ផ្ទះ​វិញ​ក៏បាន​ទៅ​មើលល្ខោន​នៅ​យប់​មុនពេល​កើតហេតុ​ផង​។

លោក​ សារុំ បន្តថា ក្រោយពី​ជនសង្ស័យ​ត្រឡប់​មកពី​មើលល្ខោន​វិញ​បាន​ដាំ​បបរស​ហូប​ជាមួយ​ម្តាយចុង​ និង​ឪពុក​ដោយ​អង្គុយ​ជជែក​គ្នា​លេង​បណ្តើរ​ហូប​បបរសរ​បណ្តើរ​រហូត​ដល់​ម៉ោងជាង​ ១ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ៩ ​មីនា ដែល​នៅពេល​នោះ​ជនរងគ្រោះ​ និង​ប្រពន្ធ​របស់គាត់​បាន​ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ​។ ខណៈ​ឃើញ​ឪពុក​កំពុង​ដេក​លង់លក់​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិត​ផ្កាក់​ដែល​ជនរងគ្រោះ​ដាក់​នៅលើ​ក្បាល​ដំណេក​ស្រាប់​នោះ​កាប់​ចំ​កញ្ចឹង ក ១ ​កាំបិត​ និង​មួយ​កាំបិត​ទៀត​ចំ​ស្មា​ខាងស្តាំ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

លោក​បន្តថា​៖ «​ជនសង្ស័យ​ដូចជា​មាន​សតិ​មិន​គ្រប់​ផង និយាយ​រួម​ទៅ​ពេល​ខ្ញុំ​សួរ​គាត់​គឺ​គាត់​និយាយ​តែម្នាក់ឯង​រវើរវាយ​ស្តាប់​គ្នា​មិនបាន​ផង​ទេ ម្តាយ​គាត់​ថា​ឲ្យ​តែ​ថ្ងៃសីល​គឺ​វា​មិន​ដឹងអី​ទេ​»​។

លោក យី ធឿន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងព្រះ​បាន​ឲ្យ​ដឹង​បន្ថែម​ពី​ម្សិលមិញ​ដែរ​ថា​ជនរងគ្រោះ​មាន​ប្រពន្ធ​ ៣ ​នាក់​ដែល​គាត់​យកប្រពន្ធ​ទី​ ១ ​បាន​កូន​ ២ ​នាក់​ ប៉ុន្តែ​ប្រពន្ធ​នោះបាន​ស្លាប់​ហើយ​ជនរងគ្រោះ​បាន​យក​ប្រពន្ធ​ទី​ ២ ​បានកូន​ ២ ​នាក់​តែ​ប្រពន្ធ​នោះ​បាន​ស្លាប់​ទៀត​។ ក្រោយមក​ជនរងគ្រោះ​បាន​យកប្រពន្ធ​ទី​ ៣ ​និង​បានកូន​ ២ ​នាក់​ដែរ តែ​ជនសង្ស័យ​ជា​កូន​របស់​ប្រពន្ធ​ទី​ ២ ​ទេ​។

ចំណែក​ជនសង្ស័យ​វិញ​មិនដែល​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់គេ​ទេ​តាំងពី​មាន​ប្រពន្ធ​មក​ដោយ​គេ​ទៅ​រស់នៅ​ឯ​ស្រុកកំណើត​ខាង​ប្រពន្ធ​នៅ​ខេត្ត​កំពង់ធំ​ដោយ​ប្រកបរបរ​ជា​អ្នក​ស៊ីឈ្នួល​បោក​អ៊ុតខោអាវ​ឲ្យ​គេ​។ ពាក់ព័ន្ធ​នឹង​ជំងឺសរសៃ​ប្រសាទ​នេះ​បើតាម​ការអះអាង​របស់​ស្ត្រី​ជា​ម្តាយចុង​ប្រាប់ថា ជនសង្ស័យ​បាន​ទៅពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ហើយ​មន្ទីរពេទ្យ​បាន​បើក​ថ្នាំ​សរសៃប្រសាទ​ឲ្យ​លេប​ផង​។ ​ទន្ទឹមនឹងនេះ​ខាង​មន្ទីរពេទ្យ​បាន​ចេញ​លិខិត​បញ្ជាក់ថា គាត់​មាន​ជំងឺសរសៃប្រសាទ​ដែរ​។

លោក​បន្តថា​៖ «​បើទោះជា​គាត់​ត្រូវ​អះអាង​ថា មាន​ជំងឺ​សរសៃប្រសាទ​ក្តី​ ប៉ុន្តែ​ពាក់ព័ន្ធ​មនុស្សឃាត ដូច្នេះ​ខ្ញុំ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ហើយ​។ ​ចាំ​ទៅ​តុលាការ​គិត​យ៉ាងណា​នោះ​ក៏​ស្រេច​តែ​ច្បាប់​ចុះ​។ សាច់ញាតិ​គាត់​ក៏​ឲ្យ​ចាត់ការ​តាមច្បាប់​ដែរ​»​។

លោក​ថ្លែង​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយនៅ​ខ្លួន​ជនសង្ស័យ​មាន​ប្រឡាក់​ឈាម​ពេញ​ខ្លួន ហើយ​បាន​អង្គុយ​លុតជង្គង់​សុំទោស​ជនរងគ្រោះ​ (​ឪពុក​)​។ ចំណែក​កាំបិត​ជា​វត្ថុតាង​ក៏មាន​ប្រឡាក់​ឈាម​នៅក្បែរ​ជនសង្ស័យ​ដែរ​៕