
ភ្នំពេញៈ អ្នកតស៊ូមតិខាងសុវត្ថិភាពផ្លូវថ្នល់អាចនឹងបន្តរង់ចាំ ខណៈដែលនគរបាលនៅកម្ពុជា ត្រូវរង់ចាំរហូតដល់ដើមឆ្នាំក្រោយ ដើម្បីអនុវត្តច្បាប់ចរារណ៍ផ្លូវគោកថ្មី ដែលតម្រូវឲ្យពាក់មួកសុវត្ថិភាព និងបង្កើនការផាកពិន័យដែលមានចំនួនច្រើនជាងមុនរហូតដល់ ៥ ដង។
សេចក្តីព្រាងច្បាប់ថ្មី ដែលមិនទាន់អនុម័ត បានកំណត់ដាក់ពិន័យអ្នកបើកបរ និងអ្នកដំណើរ ១៥០០០ រៀល ដែលជាចំនួនកើនឡើង ៥ ដងបើប្រៀបធៀបទៅនឹងច្បាប់ចាស់។
លោក ឡុង ម៉េងសែ ស្នងការរងនគរបាលខេត្ត កំពង់ចាម ទទួលបន្ទុកចរាចរណ៍ បានថ្លែងថា នគរបាលក្នុងខេត្ត កំពង់ចាម មិនទាន់ទទួលបានបញ្ជាឲ្យចាប់ផ្តើមពិន័យអ្នកមិនពាក់មួកសុវត្ថិភាពទេ។ លោក ម៉េងសែ បានថ្លែងក្នុងបទសម្ភាសមួយថា៖ «ចាប់តាំងពីពេលបោះឆ្នោត យើងមិនទាន់ទទួលបានបញ្ជា ឲ្យពិន័យអ្នកបើកបរមិនពាក់មួកសុវត្ថិភាពទេ។ វានឹងចាប់ផ្តើមនៅឆ្នាំក្រោយ»។
នគរបាលចរាចរណ៍ក្នុងខេត្ត ទាំងអស់ បានទទួលការណែនាំអំពីការពាក់មួកសុវត្ថិភាព និងបានអប់រំសាធារណជន ប៉ុន្តែការពិន័យមិនទាន់ចាប់ផ្តើមទេ។ លោក ម៉េងសែ បានបន្ថែមថា៖ «យើងកំពុងអប់រំអ្នកធ្វើដំណើរ អំពីការពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ ប៉ុន្តែយើងមិនពិន័យពួកគេទេ»។
លោក ស៊ីន សុវណ្ណធី ស្នងការរងនគរបាលខេត្ត កំពង់ស្ពឺ ទទួលបន្ទុកចរាចរណ៍បានថ្លែងកាលពីម្សិលមិញថា លោកក៏កំពុងរង់ចាំបញ្ជាពីថ្នាក់លើ ដើម្បីចាប់ផ្តើមអនុវត្តពិន័យអ្នកមិនពាក់មួកសុវត្ថិភាពផងដែរ។ ប៉ុន្តែក្នុងខេត្ត កំពង់ស្ពឺ នគរបាល បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ដោយរំឭកអ្នកបើកបរ និងអ្នកធ្វើដំណើរ ឲ្យពាក់មួកសុវត្ថិភាព។
វិធីសាស្រ្តស្រដៀងគ្នា បានអនុវត្តដោយលោក ព្រំ ពៅ ស្នងការរងនគរបាលទទួលបន្ទុកចរាចរណ៍ខេត្ត ព្រះសីហនុ ផងដែរ។ លោកបានបញ្ជាក់ថា នគរបាលបានបញ្ឈប់អ្នកបើកបរ ដែលមិនពាក់មួកសុវត្ថិភាព ប៉ុន្តែមិនបានពិន័យពួកគេទេ។
លោក ពៅ បានលើកឡើងថា៖ «បើទោះបីជាយើងមិនពិន័យ យើងបន្តអនុវត្តច្បាប់ដែលតម្រូវឲ្យពាក់មួកសុវត្ថិភាព»។ លោក ពៅ ម៉ាលី អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនបានថ្លែងថា ក្រសួង សាធារណការ និងដឹកជញ្ជូន នឹងបញ្ជូនសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីទៅអន្តរក្រសួង និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យបន្ថែមទៀត។ លោក ម៉ាលី បានបញ្ជាក់ថា៖ «ខ្ញុំមិនអាចធានាថា ច្បាប់ថ្មីនឹងត្រូវអនុម័តទេ។ ប៉ុន្តែយើងពិតជាចង់ឲ្យអនុម័តក្នុងពេលឆាប់ៗ»។
លោក ព្រាប ចន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅក្រសួង សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ១០ ខែដើមឆ្នាំ ២០១៣ នេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦០៩ ករណីត្រូវបានរាយការណ៍ ដែលនេះជាការថយចុះ ៥៦ ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ លោកបានបន្ថែមថា មនុស្ស ១៥៨៩ នាក់បានស្លាប់ និង ៣៤៧៨ នាក់រងរបួសធ្ងន់៕ TK