តាកែវៈ នគរបាលកំពុងស្វែងរកចាប់ខ្លួន អ្នកបើកបររថយន្តដែលគេសង្ស័យថា បានដេកមួយភាំង ធ្វើឲ្យរថយន្តដែលកំពុងបើកបរក្នុងល្បឿនលឿន បានទៅបុកដើមស្វាយពេញមួយទំហឹងបណ្តាលឲ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលចំនួន ៤ នាក់ដែលក្នុងនោះមានជនជាតិអូស្ត្រាលីម្នាក់ផងបានស្លាប់ និង ៤ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីរសៀលថ្ងៃសុក្រនៅក្នុងស្រុកត្រាំកក់។
លោក សុខ សំណាង ស្នងការខេត្តតាកែវបានឲ្យដឹងថា បុគ្គលិកអង្គការសង្គ្រោះកុមារ (Save the Children) ចំនួន ១៤ នាក់ បានធ្វើដំណើរតាមរថយន្ដឯកជន ១ គ្រឿងចេញពីខេត្តកំពតឆ្ពោះទៅកាន់រាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៣ ហើយក៏បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងដោយសារតែអ្នកបើកបរងងុយដេក។ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។ បុគ្គលិកអង្គការទាំងនេះបានស្នាក់នៅខេត្តកែបចំនួន ២ យប់ បន្ទាប់មកក៏ធ្វើដំណើរត្រឡប់មកវិញឆ្លងកាត់តាមខេត្តកំពត និងតាកែវដើម្បីឆ្ពោះមកភ្នំពេញ។
លោកបន្ថែមថា៖ «ផ្អែកលើការសន្និដ្ឋានគឺអ្នកបើកបរបានដេកលក់មួយភាំងហើយរថយន្តកំពុងបើកបរក្នុងល្បឿនលឿនផងដូច្នេះទើបធ្វើឲ្យរថយន្តរអិលធ្លាក់ចេញពីផ្លូវជ្រុលទៅបុកដើមស្វាយនៅក្បែរនោះតែម្តង»។
រថយន្ដនោះបានដាច់ជា ២ បំណែក ហើយគេឃើញអ្នកដំណើរជាច្រើន នៅក្នុងរថយន្តនោះធ្លាក់ចេញពីរថយន្តរដូករណែល។ បុគ្គលិកដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ លោកបញ្ជាក់ថា៖ «ពួកគេបានរងរបួសខាងក្នុងយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តនោះបើកទៅបុកផ្ទប់នឹងដើមស្វាយហើយមិនឃើញមានឈាមហូរច្រើននៅកន្លែងកើតហេតុនោះទេ»។
ស្ត្រីម្នាក់ដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុបានប្រាប់ប៉ូលិសថា គាត់បានឮសំឡេងបុកយ៉ាងខ្លាំងហើយគាត់ក៏បានឃើញមនុស្សជាច្រើនធ្លាក់ចេញពីរថយន្តដោយអ្នកខ្លះវារចេញពីរថយន្ត អ្នកខ្លះសន្លប់ និងអ្នកខ្លះស្លាប់បាត់ទៅហើយ។
លោក សុខ សំណាង ថ្លែងទៀតថា៖ «យើងចោទប្រកាន់គាត់ចំពោះការបើកបរធ្វេសប្រហែស។ ឥឡូវនេះយើងកំពុងស្វែងរកចាប់ខ្លួនគាត់ ហើយយើងកំពុងស្នើសុំការសហការពីអង្គការក្រៅរដ្ឋាភិបាលនោះ ប៉ុន្តែដោយសារតែបុគ្គលិកអង្គការនោះកំពុងមានរបួសដូច្នេះហើយពួកគេមិនទាន់បានរាយការណ៍អំពីក្រុមហ៊ុនដែលពួកគេបានជួលនោះមកយើងនៅឡើយទេ ដើម្បីស្វែងរកអ្នកបើកបរ ហើយយើងក៏កំពុងរង់ចាំអង្គការក្រៅរដ្ឋាភិបាលនោះផ្តល់ព័ត៌មានមកយើងដែរ»។
អង្គការ Save the Children បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ដោយបាននិយាយថា ក្រៅពីអ្នកស្លាប់ចំនួន ៤ នាក់បុគ្គលិករបស់ខ្លួន ៤ នាក់ទៀតបានរងរបួលធ្ងន់ធ្ងរ ហើយកំពុងស្ថិតនៅក្នុងការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ហើយបុគ្គលិកមួយចំនួនទៀតក៏កំពុងទទួលការព្យាបាលផងដែរ។
សេចក្តីប្រកាសនោះបញ្ជាក់ថា៖ «នេះគឺពិតជាព្រឹត្ដិការណ៍ដ៏គួរឲ្យសោកស្តាយបំផុតមួយ ហើយយើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្លាប់ និងអ្នករបួសផង»។
«ការព្រួយបារម្ភចម្បងរបស់យើងគឺក្រុមគ្រួសារពួកគេហើយយើងកំពុងផ្តល់ការគាំទ្រជួយពួកគេនៅក្នុងពេលវេលាដ៏លំបាកនេះ។ យើងក៏កំពុងជួយដល់បុគ្គលិករបស់យើងដែរដែលភាគច្រើននៃពួកគេបានរងគ្រោះ និងបាត់បង់ជីវិត នៅក្នុងសោកនាដកម្មដ៏រន្ធត់នោះ»។
អង្គការនេះបានធានាថារាល់សមាជិកក្រុមការងាររបស់ពួកគេទាំងអស់នឹងទទួលបានការព្យាបាល និងការថែទាំល្អបំផុត ហើយអង្គការនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើបានដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារ និងមិត្តរួមការងាររបស់ពួកគេដែលកំពុងសោកសង្រេងនូវអ្វីដែលបានកើតឡើងនោះ។
លោកស្រី Elizabeth Pearce នាយិកាអង្គការសង្គ្រោះកុមារប្រចាំកម្ពុជាថ្លែងតាមរយៈអ៊ីមែលកាលពីម្សិលមិញថា វាពិតជារឿងសោកសៅខ្លាំងណាស់ ដែលបុគ្គលិកអង្គការ Save the Children ចំនួន ៤ នាក់បានស្លាប់ក្នុងនោះរួមមានស្ត្រីចំនួន ៣ នាក់ និងបុរសម្នាក់។ ជនរងគ្រោះចំនួន ៣ នាក់គឺជាជនជាតិខ្មែរ និងជនរងគ្រោះម្នាក់ទៀតគឺជាបុគ្គលិកអន្តរជាតិ ហើយអង្គការបានជូនដំណឹងទៅស្ថានទូតរបស់គាត់រួចហើយ ហើយនឹងជួយសម្រួលដល់ក្រុមគ្រួសាររបស់គាត់នៅក្នុងពេលវេលាដ៏លំបាកនេះ។ បុគ្គលិកចំនួន ៤ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ខណៈដែលបុគ្គលិកផ្សេងទៀតក៏កំពុងទទួលការព្យាបាលផងដែរប៉ុន្តែរបួសមិនសូវធ្ងន់ធ្ងរទេ។
លោកស្រី Elizabeth បញ្ជាក់ថា៖ «នេះគឺជាព្រឹត្ដិការណ៍ដ៏រន្ធត់បំផុតមួយហើយយើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ពួកគេទាំងអស់ដែលបានរងគ្រោះក្នុងឧប្បត្តិហេតុនោះ»។
បើតាមលោកស្រី Elizabeth អាជ្ញាធរក្នុងតំបន់កំពុងស្វែងរកមូលហេតុនៃគ្រោះថ្នាក់នោះរហូតទាល់តែពួកគេដឹងការពិត ដោយលោកស្រីមិនចង់គិតស្មានៗអំពីមូលហេតុនៃគ្រោះថ្នាក់នោះទេ។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបានថ្លែងថា ប៉ូលិសចរាចរណ៍បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីបន្តត្រួតពិនិត្យនៅតាមដងផ្លូវអំពីល្បឿននិងជាតិអាល់កុល ដូចនេះហើយទើបគេមានរបាយការណ៍ជារៀងរាល់ថ្ងៃ។ «អ្វីដែលសំខាន់បំផុតគឺយើងបានស្នើឱ្យប្រជាពលរដ្ឋគោរពច្បាប់ ហើយទី ២ គឺពង្រឹងការអនុវត្តច្បាប់ ការផាកពិន័យជាពិសេសគឺត្រូវយកយានយន្តទៅរក្សាទុករយៈពេល ៣ ថ្ងៃនៅពេលដែលពួកគេបំពានច្បាប់»៕ NS