ភ្នំពេញៈ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​ភ្លែន​អន្តរជាតិ បាន​និង​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ខ្លឹមសារ​សៀវភៅ​មគ្គុទ្ទេសក៍​ស្តីពី​នីតិវិធី​នគរបាល​យុត្តិធម៌ បែប​កុមារ​មេត្រី​ដើម្បី​ឲ្យ​សៀវភៅ​មគ្គុទ្ទេសក៍​នេះ​មាន​គុណភាព​ក្នុង​ការជួយ​ការពារ​សិទ្ធិ​អនីតិជន​។ នេះ​បើ​តាម​លោក​ សុន ពេញ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា​ឲ្យ​ដឹង​ពី​ម្សិលមិញ​។

ការត្រួត​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា​បាន​សហការ​ជាមួយ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​បង្កើត និង​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​មគ្គុទេ្ទសក៍​ស្តីពី​នីតិវិធី​នគរបាល​យុត្តិធម៌​បែប​កុមារ​មេត្រី​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ការអនុវត្ត​គន្លឹះ​សំខាន់ៗ​ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​ភ្លែន​អន្តរជាតិ ដោយ​បាន​បង្កើត និង​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​មគ្គុទ្ទេសក៍​នេះ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៧ ដែល​សៀវភៅ​នេះ​ឆ្លុះបញ្ចាំង​អំពី​គន្លឹះ​សំខាន់ៗ ដើម្បី​បង្កើន​ការអនុវត្ត​នីតិវិធី​នគរបាល​យុត្តិធម៌​បែប​កុមារ​មេត្រី និង​គុណភាព​នៃ​ការចូលរួម​របស់​កុមារ​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​នគរបាល​យុត្តិធម៌​ដែល​ស្រប​នឹង​ច្បាប់​ស្តីពី​យុត្តិធម៌ អនីតិជន ក្រម​ព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ព្រម​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​។

លោក​ សុន ពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា​៖ «​ដោយសារ​តែ​យើង​មើល​ឃើញ​ថា​សម្រាប់​និន្នាការ​នៃ​ការផ្លាស់ប្តូរ​នៃ​បទល្មើស និង​ដោយសារ​ព័ត៌មាន​មួយ​ចំនួន​ទៀត យើង​ត្រូវការ​ធ្វើ​បច្ចុប្បន្នភាព ពីព្រោះ​កាលពី​យើង​ធ្វើ​ដំបូង យើង​មិន​ទាន់​បាន​គិត​ពី​និន្នាការ​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​នៅក្នុង​ online និង​បទល្មើស Cyber Crime ដូច្នេះ​យើង​មាន​ចំណុច​មួយ​ចំនួន​ដែល​យើង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​សៀវភៅ​មគ្គុទ្ទេសក៍​នេះ​មាន​គុណភាព និង​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិតៗ និង​ជាក់ស្តែង ហើយ​នគរបាល​យុត្តិធម៌​អាច​យក​ទៅ​ប្រើប្រាស់​បាន​នៅក្នុង​ការរៀន​ និង​បង្រៀន​របស់​ខ្លួន​»​។

លោក​បញ្ជាក់​ថា​៖ «​ដោយសារ​យើង​មើល​ឃើញ​ថា​ការអន្តរាគមន៍​ ឬ​ក៏​ដោះស្រាយ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អាទិភាព​ពិសេស​កុមារ​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ពេល​ខ្លះ​មន្ត្រី​យុត្តិធម៌​អនុវត្ត​នីតិវិធី​តែមួយ​ដូចនឹង​មនុស្ស​ចាស់​ដែរ​»​។

លោក​ សុន ពេញ បន្ត​ថា​៖ «​ដូច្នេះ​ហើយ​យើង​ចង់​ជំរុញ និង​លើក​កម្ពស់​ឲ្យ​មាន​ការអនុវត្ត​នីតិវិធី​នគរបាល​កុមារ​មេត្រី​នៅក្នុង​ការដោះស្រាយ​ ឬ​អន្តរាគមន៍​នៅ​ដំណាក់កាល​នគរបាល ដូច្នេះ​យើង​បាន​រៀបចំ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ​ដែល​មាន​ការចងក្រង​ច្បាប់​ជាតិ និង​អន្តរជាតិ ជាពិសេស​អនុសញ្ញា​គោលការណ៍​សំខាន់ៗ​ស្តីពី​សិទ្ធិ​កុមារ​»​។

លោក​បន្ថែម​ថា​សៀវភៅ​មគ្គុទ្ទេសក៍​នេះ​ផ្តល់​ចំណេះដឹង​អំពី​កុមារ​ក្នុង​ការ​អនុវត្ត​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធយុត្តិធម៌​កុមារ និង​ហិង្សា​លើ​កុមារ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​នគរបាល​យុត្តិធម៌​ក្នុង​ការកសាង​សមត្ថភាព និង​ឆន្ទៈ​ដើម្បី​ជំរុញ​ដល់​ការអនុវត្ត​ច្បាប់ និង​ជួយ​ការពារ​សិទ្ធិ​អនីតិជន​។

លោក Jan Jaap Kleinrensink នាយក​អង្គការ​ភ្លែន​អន្ដរជាតិ​កម្ពុជា​ចាត់​ទុក​ការពិនិត្យ​ឡើង​វិញ​នូវ​ខ្លឹមសារ​សៀវភៅ​មគ្គុទ្ទេសក៍​ស្តីពី​នីតិវិធី​នគរបាល​យុត្តិធម៌​បែប​កុមារ​មេត្រី និង​ការបង្កើត​សៀវភៅ​ដៃ​សម្រាប់​គ្រូ​ស្តីពី​នីតិវិធី​នគរបាល​យុត្តិធម៌​បែប​កុមារ​មេត្រី គឺជា​ការ​ចាំបាច់​ដើម្បី​ធ្វើការ​អន្តរាគមន៍​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​ការ​ដែល​កុមារ​ជា​ជនល្មើស កុមារ ដែល​ជា​ជនរងគ្រោះ​កុមារ​ដែល​ជា​សាក្សី និង​កុមារ​ដែល​ត្រូវ​បាន​ចោទ​។

តាមរយៈ​អ្នក​បកប្រែ​លោក​ថ្លែង​ថា​៖ «​សៀវភៅ​មគ្គុទ្ទេសក៍​ស្តីពី​នីតិវិធី​នគរបាល​យុត្តិធម៌​បែប​កុមារ​មេត្រី​ដែល​បាន​និង​កំពុង​តែ​អនុវត្ត​ជាក់ស្តែង និង​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​គ្រូ​មិន​ត្រឹមតែ​ផ្តល់នូវ​ប្រសិទ្ធភាព​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​កុមារ​ផ្សេងៗ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​ឲ្យ​មន្ត្រី​នគរបាលជាតិ​កម្ពុជា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ផង​ដែរ​»​។

លោក​ថា​កុមារ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ការធ្វេសប្រហែស​គឺ​ងាយ​រងគ្រោះ​ណាស់​ជាពិសេស​កុមារ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ធ្ងន់ធ្ងរ​ហើយ​ពួកគេ​ងាយ​ត្រូវ​បាន​បង្ខំ​ឲ្យ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ពួកគេ​ទាំងនោះ​ត្រូវការ​ជំនួយ​ផ្នែក​ច្បាប់​ចាំបាច់​ទោះបី​ជា​ពួកគេ​មិន​ដឹង​ថា ពួកគេ​បាន​និង​កំពុង​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ក៏ដោយ​៕