ភ្នំពេញៈ ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ ចំពោះ​ការចត​រថយន្ត​ និង​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់ប្រភេទ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​សាធារណៈ​ ពិសេស​រថយន្ត​ពាក់​ស្លាក​លេខ ន.ប ខ.ម និង​រដ្ឋ ។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក ចេវ ហាក់ ស្នងការរង​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​​ផ្នែក​ចរាចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាម​ការកត់សម្គាល់​កន្លង​មកនេះ​ការឈប់​ចត​យានជំនិះ​នៅតាម​ដងផ្លូវ​សាធារណៈ​គ្មាន​របៀបរៀបរយ បាន​បង្ក​ឲ្យ​ស្ទះចរាចរណ៍ និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សោភណភាព និង​សណ្ដាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែងថា​៖ «​ចាប់ពី​ពេលនេះ​តទៅ គ្រប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ឈប់​ចត​នៅលើ​ដងផ្លូវ​សាធារណៈ​ដោយ​គ្មាន​របៀបរៀបរយ ពិសេស​​នៅ​ទីតាំង​ដែល​មាន​ស្លាកសញ្ញា​ហាមឃាត់​នឹង​ត្រូវ​ស្ទូច​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ដើម្បី​ផាកពិន័យ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការយោគយល់​ទៀតឡើយ ពិសេស​រថយន្ត​មាន​ពាក់​ស្លាក​លេខ ន.ប ខ.ម និង រដ្ឋ​»​។

លោក​ ហាក់ ដែល​កាលពី​ម្សិលមិញ​កំពុង​ឈរ​សម្រួល​ចរាចរណ៍​បាន​ប្រាប់ថា អ្នកបើកបរ​រថយន្ត​ដែលមាន​ពាក់​ស្លាក​លេខ​ទាំង​ ៣ ​ខាងលើ​នេះ គប្បី​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​អ្នក​បើកបរ​ដទៃទៀត​ក្នុង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា​។

លោក​បាន​បន្តថា ពេលនេះ​ក្រុមមន្ត្រី​នគរបាល​ចរាចរណ៍​បាន​រៀបចំ​កម្លាំង​ចល័ត​ចុះល្បាត​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍ និង​ស្ទូច​អូស​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ចត​រំលោភ​លើ​ដងផ្លូវ​យកទៅ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​។

លោក គង់ រតនៈ នាយក​ស្ដីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​គាំទ្រ​ចំពោះ​វិធានការ​ខាងលើ​នេះ​​ដោយ​លោក​បាន​រំពឹងថា​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នកបើកបរ​យានយន្ត​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍ ខណៈ​កំណើន​យានយន្ត និង​មធ្យោបាយ​ដឹកជញ្ជូន​រួមទាំង​ដង់ស៊ីតេ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំង​មួយចំនួន​បាន​ចត​រថយន្ត​យ៉ាង​អនាធិបតេយ្យ​នៅលើ​ដងផ្លូវ​សាធារណៈ ដែល​បង្ក​ការកកស្ទះ​ចរាចរណ៍ និង​ខូច​របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង​»​។

ទោះជា​បែបណា​ក្ដី​លោក​បាន​ស្នើឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​សហការគ្នា​បង្កើត​ទីតាំង​ចំណត​សាធារណៈ​ ឬ​ចំណត​ឯកជន​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ចូល​ឈប់​ចត​ប្រកប​ដោយ​សុវត្ថិភាព​ជាមួយ​គ្នា​នេះ​​ត្រូវ​កំណត់​ចំនួន​យានយន្ត​ដោយ​ធៀប​ទៅនឹង​ចំនួន​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ចៀសវាង​ការ​នាំចូល​រថយន្ត​លើស​ពី​តម្រូវ​ការដែល​នាំឲ្យ​​កកស្ទះ​ចរាចរណ៍​៕