ភ្នំពេញៈ​ ​ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​ដក​ហូត​ឋាន​ន្តរ​ស័ក្ដិ​មន្ត្រី​នគរ​បាល​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ចំនួន​ ២០ ​នាក់ ​និង​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​នគរ​បាល​ជាតិ​ ​ដោយ​សារ​មូល​ហេតុ​ពួក​គេ​បាន​បោះបង់​ចោល​ការ​ងារ​។​ ​នេះ​បើ​តាម​សេច​ក្ដី​ប្រ​កាស​មួយ​របស់​ក្រសួង​មហា​ផ្ទៃ​ ​ចុះងៃ​ទី​ ១៧​ ​ខែ​ មិថុនា​ ដែល​ចុះ​ហត្ថ​លេខា​​ដោយ​​លោក​ ​ស​ ​ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។​

​សេច​ក្ដី​ប្រកាស​ដដែល​​នេះ​បាន​ឲ្យដឹងថា​ ​ប្រាក់​បៀវ​ត្សរ៍​ និង​របប​ឧបត្ថ​ម្ភ​ផ្សេងៗ​ ​របស់​មន្ត្រី​នគរ​បាល​ទាំង​ ២០ នាក់ ​​ដែល​មាន​ឋា​នន្តរ​ស័ក្ដិ​ជា​អនុសេនីយ៍​ឯក ​អនុ​សេនី​យ៍​ទោ​ ​និង​អនុ​សេនី​យ៍​ត្រី​ ​ត្រូវ​បាន​កាត់​ផ្ដាច់​ ​និង​លុប ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​នគរ​បាល​ជាតិ​ចាប់​ពី​ខែ ​សីហា​ ឆ្នាំ​ ២០១៩​ នេះ​តទៅ។​​

​លោក ​ស​ ​ថេត​ ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​​​ម្សិល​មិញ​ ​ដើម្បី​សុំ​អត្ថាធិប្បាយ​លម្អិត​អំ​ពី​មន្ត្រី​ទាំង​ ២០​ នាក់​នោះ។​

​លោក​ ​ឆាយ​ ​គឹម​ខឿន​ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ ​មិន​មែន​តែ​មន្ត្រី​នគរ​បាល​ជាតិ​ទេ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័​ណ្ឌ​ ក្នុង​នោះ​កន្លង​មក​ ​មន្ត្រី​​រាជ​ការ​ស៊ីវិល​ និង​កង​យោធ​ពលខេមរ​ភូមិន្ទ​ ក៏​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ដូច​គ្នា​ជា​បន្ត​បន្ទាប់​ដែរ​ ​ប្រសិន​បើ​ពួក​គេ​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​​ការ​ងារ ​ឬ​វិន័យ​ក្នុង​នាម​ជាម​ន្ត្រី​ទេ​​នោះ ​ហើយ​ការ​បណ្ដេញ​មន្ត្រី​នគរបាល​ទាំង​ ២០ ​នោះ​ក៏​មិន​មែន​ជា​ករណី​​ ទើប​ចាប់ផ្ដើម​ដែរ។​

​លោក​ ​គឹម​ខឿន​ ​ថ្លែង​​ថា​៖​ «​យើង​អនុវត្ត​ជា​បន្ត​បន្ទាប់​មក​ហើយ ​ប៉ុន្តែ​ដោយ​សារ​ការ​អនុ​វត្ត​កន្លង​មកវា​មាន​រូប​​ភាព​តូច​តាច​ ​ដល់​អ៊ីចឹង​វា​អត់​ផ្អើ​ល​ទេ​ ​ហើយ​ដល់​ពេល​ ២០ ​នាក់​អ៊ី​ចឹង​ទៅ ​នាំ​គ្នា​ផ្អើ​ល​។​ ​មិន​មែន​ទើប​ធ្វើ​ទេ​ ធ្វើ​រៀង​រាល់​ឆ្នាំ​ ធ្វើ​រាល់​ខែ​ហ្នឹ​»។​

លោ​ក​ ​ឆាយ​ ​គឹម​ខឿន​ ថ្លែង​ថា​ ​មន្ត្រី​នគរ​បាល​ដែល​ត្រូវ​បណ្ដេញ​កន្លង​មក​ មាន​ខ្លះ​បាន​បោះ​បង់​ចោល​ការ​ងារ​ដោយ​ខ្លួន​ឯង​ ​និង​ខ្លះ​ទៀត​ដោយ​សារ​ចង់​បាន​តួនា​ទី​ជា​​មន្ត្រី​នគរ​បាល​ដើម្បី​ប្រើ​ប្រាស់​ក្នុង​កា​រ​រក​ស៊ី​របស់​ខ្លួន​ ដែល​លោក​ថា​ មន្ត្រី​ប្រភេទ​នេះ តែង​បង្ក​ជា​បញ្ហា​នៅ​ក្នុង​សង្គម​ ​និង​នាំ​ឱ្យ​មាន​ការ​វាយ​ប្រហារ​ខូច​ឈ្មោះ​មក​លើ​មន្ត្រី​នគរបាល​ដែល​ត្រឹម​ត្រូវ​និង​ខិតខំ​ធ្វើ​ការ​ងារ​ពិត​ប្រា​កដ។​ ទោះ​ជា​យ៉ាង​ណា ​លោក​ ឆាយ ​គឹម​ខឿន​ បាន​អះ​អាង​ផង​ដែរ​ថា​មិន​មាន​តួ​លេខ​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ​ទេ។​

​លោក​ ​សន​ ​ជ័យ​ ​នាយក​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា ​(​A​N​S​A​)​​ បាន​អះ​អាង​ថា​ មូលហេតុ​នាំ​ឲ្យ​​មន្ត្រី​នគរបាល​ខ្លះ​បោះ​បង់​ចោល​កា​រងារ​រប​ស់​ពួក​គេ​រហូត​មាន​ការ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ ​អាច​ដោយ​សារ​មាន​ការ​បាក់​ទឹក​ចិត្ត នៅ​ពេល​ពួក​គេ​បាន​ខិតខំ​​ប្រឹង​ធ្វើ​កា​រ​​ងារ​រាប់​ឆ្នាំ​ ​ប៉ុន្តែ​បែរ​ជា​មិន​ទទួល​បាន​ការលើក​ទឹក​ចិត្ត​តាម​រយៈ​ការ​ដំឡើង​ឋានន្ត​រ​ស័ក្តិ​ឲ្យ​បាន​ស្មើ​គ្នា​ក្នុង​ចំណោម​មន្ត្រី​នគរបាល។​

​លោក ​ជ័យ​ ថ្លែង​ថា​ មន្ត្រី​ទាំង​នោះ​អាច​សុខ​ចិត្ត​បោះ​បង់​ការងារ​ជា​មន្ត្រី​រាជ​ការ​ដើម្បី​ទៅ​រក​ការ​ងារ​អ្វី​ផ្សេង​ធ្វើ​វិញ​ដែល​ពួក​គេ​គិត​ថា​ អាច​ជួយគ្រួសារ​ របស់​ពួក​គេ​បាន​រឹត​តែ​ប្រ​សើរ​ជាង​មុន។​

​លោក​ ​ជ័យ​ ថ្លែង​​ថា​៖​ «​យើង​នៅ​តែ​ឮ​សូ​រ​មន្ត្រី​មួយ​ចំនួន​គាត់​ត្អូញ​ត្អែ​រ​ថា​ អ្នក​ខំ​ធ្វើ​ការ​ពុំ​សូវ​ទទួ​ល​បាន​ការ​លើក​ទឹក​ចិត្ត​អី​ជា​ដើម​ វា​មិន​ទាំងអស់​ទេ ​ប៉ុន្តែ​គ្រាន់​តែ​ថា​ យើង​មើល​ទៅ​លើ​ទិដ្ឋភាព​​ជា​រួម​ ប្រសិន​បើ​មាន​ប្រព័ន្ធ​មួយ​ រៀប​ចំ​ គ្រប់​គ្រង​ ​និង​វាយ​តម្លៃ​ពី​ការ​ដំឡើង​ឋានៈ​បុណ្យ​ស័ក្ដិ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូ​វ​ វា​ក៏​ជា​ការ​លើក​ចិត្ត​មួយ​កុំឱ្យ​មាន​ភាព​អសកម្ម​ដែរ»៕