
បុរស ២ នាក់កំពុងដើរនៅមុខវិមាន ឈ្នះ-ឈ្នះ ដែលទើបតែត្រូវសាងសង់រួច នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារពីម្សិលមិញដែលគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ ប្រវត្តិតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម និងនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ហើយនាំមកនូវស្ថិរភាពនយោបាយ និងសន្តិភាពរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាដែលបានចងក្រងនៅក្នុងវិមានឈ្នះ ឈ្នះ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់កងយោធពលខេមរភូមិន្ទ ហើយគ្រោងបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំផងដែរ។
យោងតាមលោក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះបានអះអាងកាលពីថ្ងៃអង្គារទី ២៥ ខែធ្នូ ឆ្នាំ ២០១៨។
លោក ណឹម សុវត្ថិ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា៖ «(វា) មិនត្រឹមតែជាការលើកយកនូវប្រវត្តិ និងវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោទេ សំណង់មួយនេះគឺជាការបំពេញនូវចន្លោះប្រហោងនៃទំព័រប្រវត្តិសាស្ត្រដើម្បីឲ្យយល់ច្បាស់ថែមទៅលើអ្វីដែលជាសកម្មភាព និងការដឹកនាំរបស់សម្តេចតេជោ ពីព្រោះទៅជាមួយនឹងបញ្ហាទាំងអស់នេះយើងនឹងបានឃើញនូវការរៀបរាប់ពីរឿងរ៉ាវទាំងអស់នូវដំណាក់កាលនីមួយៗដែលនឹងត្រូវមានផងដែរនេះជាចំណុចសំខាន់»។
លោក សុវត្ថិ ថ្លែងថាកម្មវិធីសិក្សានយោបាយ ឈ្នះ ឈ្នះ ខាងអគ្គបញ្ជាការដ្ឋាន និងទីចាត់ការហ្វឹកហ្វឺនរួមទាំងសាកលវិទ្យាល័យការពារជាតិគឺបានរៀបចំកម្មវិធីសម្រាប់សិក្សាទៅក្នុងកងទ័ពវគ្គសិក្សានានាគឺនឹងមានរៀបចំសិក្សាអំពីអត្ថន័យយ៉ាងជ្រៅជ្រះ ពីព្រោះអត្ថន័យនៃចំណុចសំខាន់ៗទាក់ទងជាមួយរឿងយុទ្ធសាស្ត្រទាក់ទងជាមួយប្រតិបត្តិការទាក់ទងជាមួយរឿងរ៉ាវទាំងឡាយដែលនៅក្នុងចង្កោមរបស់មេរៀនខាងយោធា។
លោក សុវត្ថិ បន្ដថា៖ «ដោយឡែកនៅខាងកម្មវិធីប្រវត្តិសាស្ត្រខាងផ្នែកក្រសួងអប់រំ និងសិក្សាធិការ ខ្ញុំជឿជាក់ថាក៏មានការគិតគូរអំពីបញ្ហានេះ ដោយនឹងចែកទៅជាដំណាក់កាលតាមកម្រិតមធ្យម ឧត្តម យ៉ាងណាត្រូវរៀនកម្រិតណាដ៏មានសារៈសំខាន់តែគឺជាភាពចាំបាច់មួយដ៏ល្អដែលត្រូវតែដាក់បញ្ចូលទៅក្នុងកិច្ចការនេះផងដែរ»។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការលោក ហ៊ុន សែន កាលពីថ្ងៃអង្គារ ម្សិលមិញបានសរសេរពន្យល់ឲ្យដឹងថា វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។

មន្ត្រីយោធាដើរកាត់វិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។ហេង ជីវ័ន
លោកបានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ (រយៈពេល ៣ ថ្ងៃ) នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មីនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។ វិមានឈ្នះ ឈ្នះ គឺតំណាងឲ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍។
គួររំឭកថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្ដើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ លើទំហំដី ៨ ហិកតាស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី-ភ្នំពេញហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួន ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ នេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា នៅក្នុងកំណែទម្រង់ ៥ ឆ្នាំបន្ដទៅទៀតឆ្នាំ ២០១៩-២០២៣ កម្មវិធីសិក្សាគឺជាអាទិភាពមួយរបស់ក្រសួង ដើម្បីជួយពង្រឹងទៅក្នុងការរៀន និងការបង្រៀន។
លោក សុវាចា ថ្លែងថា៖ «កន្លែងប្រវត្ដិសាស្ដ្រដូចជា វិមានឈ្នះ ឈ្នះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ចំពោះការពង្រឹងស្មារតីនៅក្នុងជំនាញរឹងក៏ដូចជាជំនាញទន់របស់សិស្សានុសិស្សរបស់យើងដែរ»។
លោក សន ជ័យ នាយកប្រតិបត្ដិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា អះអាងថាកម្មវិធីសិក្សានៅក្នុងវិស័យអប់រំកម្ពុជាមានច្រើន ប៉ុន្ដែកម្មវិធីសិក្សាមួយចំនួនដូចជាប្រវត្ដិសាស្ដ្រជាដើមនៅមិនទាន់បង្ហាញការពិតបានច្រើនទេ។
លោកបន្ដថា៖ «យើងស្វាគមន៍រាល់ការដែលចង់ឲ្យអ្នកជំនាន់ក្រោយចេះដឹងក្នុងការអភិវឌ្ឍមនុស្ស។ អ៊ីចឹងអ្វីក៏ដោយឲ្យតែជាការរួមចំណែកដល់ការអភិវឌ្ឍមនុស្សវាមិនមែនអ្វីអាក្រក់នោះទេ»៕