ភ្នំ​ពេញៈ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ២៨ ​ខែមករា​ ថា ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហ្គោល​វែ​ល ត្រូវបាន​តុលាការ​រាជ​ធានី​ភ្នំពេញ ​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនា​គារ​ព្រៃ​ស ​ដោយ​ចោទ​ប្រកាន់​ពីបទ​«​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ដោយ​អភិ​បាល​»​។​​

លោក ​គុជ​ ​គឹម​ឡុង​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ជន​ជាប់ចោទ​ឈ្មោះ ​ស៊ិន​ ដា​វុ​ធ អាយុ​ ៤៦ ​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូ​ម៉ែត​លេខ ​៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មាន​តួនាទី​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ហ្គោល​វែ​ល ​(Gold Well)​។​

ជន​សង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​ ២៧ ​ខែ មករា​ ឆ្នាំ ​២០២១ ​តាម​បណ្ដឹង​ចោទ​ប្រកាន់​ពី​ជនជាតិ​ចិន​ ៣​ នាក់ ​ជុំវិញ​ករណី​ស៊ីដាច់​លុយ​រត់ការ​ច្បាប់​ឲ្យ​ពួកគេ​ចូល​សញ្ជាតិ​កម្ពុជា ចំនួន​ ៧៦ ម៉ឺន​​ដុល្លារ​អា​មេរិក​។​

លោក​ គឹម​ឡុង​ បាន​បញ្ជាក់​ថា ​ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​ចម្លើយ ​ជន​សង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពីបទ «​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ដោយ​អភិបាល​» ​តាម​ប​ញ្ញ​តិ​មាត្រា ​៣៩៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​បាន​បង្គាប់​ឲ្យ​មន្ត្រីនគរ​បាល​យុត្តិធម៌​នាំយក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនា​គារ​ព្រៃ​ស​ ដើម្បី​រង់ចាំ​ការ​ជំនុំ​ជំ​រះ​ទោស​នៅ​ពេល​ក្រោយ​។​

យោង​តាម​មាត្រា​នៃ​ច្បាប់​ខាង​លើនេះ ​ជន​ត្រូវ​ចោទ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី​ ២​ ឆ្នាំ ទៅ​ ៥​ ឆ្នាំ ​និងពិន័យ​ជា​ប្រាក់​ពី​ ៤​ លាន​រៀល​ ​ទៅ​ ១០ ​លាន​រៀល​​។​​

ជុំវិញ​ករណី​នេះ​ផង​ដែរ​ ​លោក ​ប៉ុល​ រតនា ​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា​ តាម​រយៈ​បណ្ដឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ​Chan kamfung Jane ជា​ថៅកែ​ក្រុមហ៊ុន Gold Well​ ក្នុង​អំឡុង​ខែ​សីហា ​ឆ្នាំ​ ២០១៩ ​គាត់​បាន​ពឹង​ពាក់​ ឈ្មោះ​ ស៊ិន​ ដា​វុ​ធ​ ដែលមាន​តួនាទី​ជានា​យក​គ្រប់គ្រង​ទូទៅ​នៅក្នុង​ក្រុមហ៊ុន​របស់​គាត់ ឲ្យ​ជួយ​រត់​ការដាក់​ពាក្យសុំ​ចូល​សញ្ជាតិ​ខ្មែរ​អោយ​បុរស​-​ស្ត្រីជន​ជាតិចិន ​៣​ នាក់ ​រួមមាន​ឈ្មោះ ​Y​am tak Chung, Lam Lai និង​ឈ្មោះ ​Qin zhewei​ ដែល​ពួកគេ​ទាំង​ ៣​ នាក់​ ជា​ក្រុម​ប្រឹក្សាភិ​បាល​ក្រុម​ហ៊ុន​ Gold Well​។​

នៅ​ពេលនោះ ​ដា​វុ​ធ ​បាន​តម្រូវ​ឲ្យ​គាត់​ប្រគល់​ប្រាក់​ចំនួន ​៧៦ ​ម៉ឺន​ដុល្លារ​ ដើម្បី​រត់ការ​ដោយ​សន្យា​ក្នុង​រយៈពេល​ ៩០ ​ថ្ងៃ​ ទើប​ទទួលបាន​លទ្ធផល​ ហើយ​គាត់​ក៏បាន​យល់ព្រមតាម​សំណើរ​របស់ ដា​វុ​ធ​ ដោយបាន​ប្រគល់​សែក​ ១០​ សន្លឹក​ របស់​ធនាគារ​សហ​ពាណិជ្ជ .​ក .​អ ​មាន​លុយ​សរុប​​ចំនួន ​៧៦ ​ម៉ឺន​ដុល្លារ​ ទៅ​ឲ្យ ដា​វុ​ធ​ ដើម្បី​ធ្វើ​កិច្ចការ​នោះ។​

លោក ​រតនា ​បាន​បន្តថា​ ក្នុង​បណ្ដឹង​នោះ​ លោក ​Chan kamfung Jane​ បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ ​ដា​វុ​ធ ​បាន​យកលុយ​ទាំងនោះ​ទៅប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់គាត់​ ដោយ​មិន​ខ្វល់​ពី​កិច្ច​ការ​ដែល​គាត់​បាន​ព្រមព្រៀង​ជាមួយ​យើង​ខ្ញុំ​នោះទេ​»​។​​

តាមរយៈ​ពាក្យ​បណ្ដឹង​នោះ​ នៅ​ថ្ងៃទី ​២៧ ​ខែ មីនា​ ឆ្នាំ ​២០២០ ​ដា​វុ​ធ បាន​ប្រាប់​ដល់​ថៅកែ​គាត់​ថា គាត់​មិនអាច​ធ្វើ​កិច្ចការ​នោះ​បាន​ទេ ​និង​សន្យាថា​ នឹង​សង​លុយ​ទាំងអស់​ដល់​ថៅកែ​គាត់​វិញ​។​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី ​២៧​ ខែ មករា​ ឆ្នាំ​២០២១​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ​ដា​វុ​ធ​ គ្មាន​លទ្ធភាព​សង​ប្រាក់​ ថៅកែ​របស់​គាត់​ក៏​បាន​សម្រេច​ដាក់ពាក្យ​ប្ដឹងទៅ​មន្ត្រី​នគរ​បាល​ជំនាញ​នៃ​នាយ​ក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ​ដើម្បី​ចំណាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់​៕