ភ្នំពេញ: នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន ២៦ មកផ្ដល់អាសយដ្ឋានលេខទូរស័ព្ទទាក់ទង និងបំពេញឯកសារមួយចំនួនបន្ថែមទៀត ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ខណៈមន្ត្រីថ្លែងថា ក្រុមហ៊ុនសន្តិសុខទាំង ២៦ នេះគ្មានសកម្មភាពបម្រើសេវាកម្មទេ។
តាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី ២៦ ខែសីហា ឲ្យដឹងថា កន្លងមកនេះ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនចំនួន ២៦ ក្រុមហ៊ុន មិនមានសកម្មភាពបម្រើសេវាកម្មសន្ដិសុខឯកជនហើយនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនក៏មិនអាចទំនាក់ទំនងបានដែលធ្វើឲ្យតួលេខនៃការគ្រប់គ្រងសន្ដិសុខឯកជនមិនមានភាពសុក្រឹត។
សេចក្ដីជូនដំណឹងបានបន្តថា ដូច្នេះនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមជូនដំណឹងដល់លោកអគ្គនាយក លោកស្រីអគ្គនាយិកាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនដែលពុំមានសកម្មភាពបម្រើសេវាកម្មទាំងនេះ សូមទាក់ទងមកនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីផ្ដល់អាសយដ្ឋាន លេខទូរស័ព្ទទាក់ទង និងបំពេញឯកសារមួយចំនួនបន្ថែមទៀតចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០។
លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនបានថ្លែងពីថ្ងៃពុធថា មន្ត្រីជំនាញការជូនដំណឹងនេះដោយសារក្រុមហ៊ុនសន្ដិសុខដែលបានមកចុះបញ្ជីទាំង ២៦ នោះគ្មានសកម្មភាពអ្វីទាំងអស់ក្នុងកិច្ចការជួយការពារសន្ដិសុខសុវត្ថិភាពសង្គម។
លោកបន្តថា ដូច្នេះមន្ត្រីជំនាញត្រូវក្រើនរំឭកពួកគាត់ឲ្យចាត់តំណាងក្រុមហ៊ុនម្នាក់មកបង្ហាញខ្លួន ដោយនាំយកមកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួន។ លោកបញ្ជាក់ថា៖ «យើងមិនដឹងថា ក្រុមហ៊ុនគាត់បិទហើយឬនៅទេ? បើគាត់លែងមានសកម្មភាពអ្វី គឺយើងនឹងស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបិទ ឬលុបឈ្មោះក្រុមហ៊ុនគាត់តែម្ដង ប៉ុន្ដែបើគាត់មិនទាន់បិទទេ ត្រូវមកបង្ហាញខ្លួន ដើម្បីជជែកគ្នារកដំណោះស្រាយបន្តទៀត»។
បើតាមលោក សុខារស្មី វិស័យសន្តិសុខឯកជនមានសារៈសំខាន់ក្នុងការរួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសភ្នាក់ងារសន្តិសុខឯកជន ដែលឈរជើងនៅតាមតំបន់សេដ្ឋកិច្ចពិសេស ធនាគារ កន្លែងប្តូរប្រាក់ ទីតាំងលក់វត្ថុមានតម្លៃមាសពេជ្រ ផ្សារទំនើប ផ្សារសាធារណៈ សណ្ឋាគារទំនើបៗ ភោជនីយដ្ឋានរមណីយដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លិបកម្សាន្ដ និងទីកន្លែងកម្សាន្ដនានា។
លោក នុក ណេ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនសន្ដិសុខ ភី អិល (ខេមបូឌា) ស៊ីឃ្យួរីធី (P.L (Cambodia)Security Co ..,LTD) ដែលមានសន្តិសុខជិត ៣០០ នាក់បានថ្លែងកាលពីថ្ងៃពុធថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងបម្រើសេវាកម្មជូនអតិថិជនយ៉ាងសកម្ម ដើម្បីចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ហើយបុគ្គលិកសន្ដិសុខរបស់លោកតែងតែសហការជាមួយមន្ត្រីសមត្ថកិច្ចយ៉ាងល្អ។
លោកបន្តថា បុគ្គលិកសន្ដិសុខដែលបានផ្ដល់សេវាសន្ដិសុខឯកជនដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវបានក្រុមហ៊ុនពិនិត្យមើលទៅលើសាវតារ ប្រវត្តិរូបរបស់បុគ្គលិកម្នាក់ៗយ៉ាងច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការងារ។
លោកបញ្ជាក់ថា៖ «ពួកខ្ញុំកំពុងបម្រើការងារក្នុងវិស័យការពារសន្ដិសុខនេះជាច្រើនឆ្នាំហើយ ប៉ុន្ដែមិនដែលមានបញ្ហាអ្វីជាមួយសមត្ថកិច្ច និងអតិថិជនទេ គឺយើងបានជួយការពារទ្រព្យសម្បត្តិអតិថិជន ក៏ដូចជាអចលនទ្រព្យរបស់អតិថិជនបានយ៉ាងល្អ»។
ក្រុមហ៊ុន សុវត្ថិ ខេមបូ គ្រុប ខូ អិលធីឌី (SOWATHE CAMBO GROUP Co., LTD(S.C.G) ដែលមានឈ្មោះក្នុងបញ្ជីរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញសេចក្ដីជូនដំណឹងនេះទេ។
ចំណែកក្រុមហ៊ុនសន្តិសុខ អឹម.អេស.អឹម សិកឃ្យូរីធី (ខេមបូឌា) ខូអិលធីឌី (M.S.M) ក៏មានឈ្មោះក្នុងបញ្ជីដែរ ប៉ុន្ដែក៏មិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញការជូនដំណឹងនេះផងដែរ៕