ភ្នំពេញៈ បន្ទាប់ពី​មាន​គ្រោះអគ្គិភ័យ​កើត​ឡើង​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ជំរុញ​ឲ្យ​គ្រប់​អង្គភាព​កង​ពន្លត់​អគ្គិភ័យ រាជធានី-ខេត្ត​បង្កើន​ការយកចិត្ត​ទុកដាក់ ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដល់​ប្រជាពលរដ្ឋ​ដល់​ថ្នាក់មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​មាន​ការយល់ដឹង និង​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

លោក​ វន្ថា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រាន់តែ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​ ១៤ ដល់ ថ្ងៃទី​ ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២០ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ និង ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ចំនួន ១០ ​ករណី​នៅក្នុង​រាជធានី-ខេត្ត​ចំនួន​ ៥ រួមមាន​រាជធានី​ភ្នំពេញ កំពង់ស្ពឺ តាកែវ កំពត សៀមរាប និង​កំពង់ធំ ដែល​សរុប​ការខូចខាត​អស់​ផ្ទះ​ជាង​ ២០ ​ខ្នង និង​ទ្រព្យសម្បត្តិ​គិត​ជា​ប្រាក់​អស់​រាប់សិប​ម៉ឺន​ដុល្លារ​។

លោក​និយាយ​ទៀត​ថា គ្រោះ​អគ្គិភ័យ​ទាំងអស់​ដែល​បាន​កើតឡើង នាពេល​កន្លង​មកនេះ​ភាគច្រើន​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែល​មិនបាន​យកចិត្ត​ទុកដាក់​ក្នុង​ការត្រួតពិនិត្យ និង​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ខ្សែបណ្ដាញ​អគ្គិសនី ទុយោហ្គាស ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ដាច់រលាត់ និង​លេចធ្លាយ​ដោយ​កន្លែង បន្ទាប់ពី​មាន​ការប្រើប្រាស់​យូរ​ឆ្នាំ​។ ម្យ៉ាងទៀត​ការបោះចោល​កន្ទុយបារី ឬ​ប្រភព​ភ្លើង​ពាសវាល​ពាសកាល នៅតែ​បន្ត​កើត​មាន​ក្នុង​តំបន់​ដាច់ស្រយាល​មួយចំនួន​ដែល​ការបោះចោល​ប្រភព​ភ្លើង ដោយ​ឥត​សណ្ដាប់ធ្នាប់​នា​រដូវប្រាំង​បែបនេះ បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ និង​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នកដទៃ​ក្នុងភូមិ​មួយចំនួន​ផងដែរ​។

លោក​ វន្ថា បញ្ជាក់​ថា​៖ «​កន្លងមក​មន្ត្រី​ជំនាញ​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ និង ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដល់​ថ្នាក់មូលដ្ឋាន​មួយ​ចំនួន​ដែរ ប៉ុន្តែ​ការយល់ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​យើង​នៅ​មាន​កម្រិត ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត​ដល់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​មាន​ការយល់ដឹង​ និង​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

លោក វន្ថា បាន ​បន្ថែម​ថា តាម​ការកត់សម្គាល់​នាពេល​កន្លងមក​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន មិន​ថា​នៅតាម​ទីប្រជុំជន​រាជធានី ខេត្ត​ ឬ​តំបន់​ដាច់ស្រយាល​នោះទេ​នៅពេល​មាន​អគ្គិភ័យ​កើតឡើង អ្នកភូមិ​ ឬ​ម្ចាស់ផ្ទះ នៅតែ​ប្រកាន់​ទស្សនៈ​ស្ដាយ​នេះ​ស្ដាយ​នោះ​មិន​ហ៊ាន កាត់ផ្ដាច់​ ឬ​វាយកម្ទេច​ផ្នែក​ណាមួយ​នៃ​ផ្ទះ ឬ​អគារ​របស់​ខ្លួន​ចោល ដើម្បី​ការពារ​ការឆេះ​ឆ្លង​រាលដាល​ទៅដល់​ផ្ទះ​អ្នកដទៃ​នោះទេ​។

លោក​បាន​បន្តថា ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្រេចចិត្ត​ទិញ​ឧបករណ៍​បំពង់​បង្ការ​ពន្លត់​អគ្គិភ័យ​មកប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ​របស់​គាត់​មាន​កម្រិត ដូច្នេះ​ពួកគាត់​មិន​ហ៊ាន​ចំណាយលុយ ទិញ​ផលិតផល​ដែល​ផលិត​ចេញពី​ក្រុមហ៊ុន​ដែលមាន​ស្ដង់ដា​ទទួលស្គាល់​ជា​អន្តរជាតិ​មកប្រើប្រាស់​នោះទេ​។ ការប្រើប្រាស់ បំពង់​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ដែល​គ្មាន​គុណភាព មិន​គ្រាន់តែ​បង់ខាត​លុយ​ឥតប្រយោជន៍​ក្នុង​ការទិញ​វា​នោះទេ តែ​ថែមទាំង​នាំឲ្យ​ចង្អៀត​ផ្ទះ ព្រមទាំង​មិនអាច​យក​ទៅ​ប្រើការ​ជា​ប្រយោជន៍​អ្វី​បានឡើយ​។

ជុំវិញ​ករណីនេះ​លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ចាប់ពី​ថ្ងៃទី​​ ២២ ​ដល់​ថ្ងៃទី​ ២៧ ​ខែ​កុម្ភៈ​ ខាងមុខ​នេះ ខេត្ត​របស់​លោក​នឹងមាន​ការរៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដល់​ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តកំពង់ធំ​ដែល​ក្នុងនោះ មន្ត្រី​ជំនាញ​នឹងមាន​ការបង្ហាញ​ពី​បច្ចេកទេស​មួយចំនួន​ក្នុង​ការពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ ដើម្បី​ឲ្យ​ពលរដ្ឋ​យកទៅ​ប្រើប្រាស់​ជួយ​គ្នា​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។

លោក កុសល បាន​ថ្លែងថា​៖ «​ជា​ការពិត ប្រជាពលរដ្ឋ​យើង​ភាគច្រើន​មិន​បាន​យល់​អំពី​បច្ចេកទេស ពន្លត់ភ្លើង​នោះទេ ពួកគាត់​ភាគច្រើន​បាត់បង់​ភាពម្ចាស់ការ នៅពេល​ឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​»​។

លោក កុសល បាន​លើកឡើង​ថា ពាក្យចាស់​បាន​ពោល​តៗ​គ្នា​ថា ស៊ូ​ឲ្យ​លិច​ទូក​កណ្ដាលទន្លេ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ ព្រោះ​លិច​ទូក​កណ្ដាលទន្លេ វា​បង់ខាត​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ភ្លើង​ឆេះ​ផ្ទះ គឺ​បង្ក​ឲ្យ​មាន​ខាតបង់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ហើយ​មនុស្ស​មួយ​គ្រួសារ​យ៉ាងតិច​ត្រូវ​ប្រឈម​នឹង​ភាព​ស្រេកឃ្លាន និង​គ្មាន​ទីជម្រក​៕