ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ចំពោះល្បិចកលបោកប្រាស់មួយចំនួនរបស់ជនខិលខូច ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាល។
ល្បិចទាំងនោះមានជារូបភាពការជួយឧបត្ថម្ភថវិកា ឬម្ហូបអាហារ ការផ្ដល់ប្រាក់កម្ចីងាយៗ ឬបន្លំជាអាជ្ញាធរ មន្ត្រីមន្ទីរពេទ្យ ហើយទាមទារឱ្យបង់ប្រាក់ ដើម្បីជួយឧបត្ថម្ភ ឬជួយសង្គ្រោះ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ក្នុងពេលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ១៩ ក៏មានជនខិលខូចមួយចំនួនបានកំពុងរិះរកល្បិចកល ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយបន្លំក្រោមរូបភាពផ្សេងៗជាច្រើន។
លោកថ្លែងថា៖ «ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួន ដែលអាចឆ្លៀតឱកាសបោកប្រាស់បងប្អូនតាមរយៈទូរស័ព្ទ ឬបណ្ដាញទំនាក់ទំនងសង្គមក្រោមរូបភាពផ្សេង»។
បើតាមលោក ជា ពៅ ជនខិលខូចអាចប្រើវិធីមួយចំនួនដូចជា ការជួយឧបត្ថម្ភថវិកា ឬម្ហូបអាហារ ដែលវិធីនេះ ជនខិលខូចអាចផ្ញើសារ ឬផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមក្នុងន័យជួយឧបត្ថម្ភ ប៉ុន្តែទាមទារឱ្យបងប្អូនចុច Like ដើម្បីបង្កើនចំនួន Like ផេករបស់ពួកគេ ឬ Share ព័ត៌មាន ដើម្បីបំពុលសង្គមតែប៉ុណ្ណោះ។
វិធីបោកប្រាស់មួយទៀត គឺធ្វើជាការផ្ដល់ប្រាក់កម្ចីងាយៗ ដែលតាមរយៈកម្មវិធីនេះ ជនខិលខូចទាមទារឱ្យបង់កម្រៃសេវាកម្មជាមុន និងភ្ជាប់មកជាមួយនូវតំណរភ្ជាប់ (Link) ដែលមានផ្ទុកមេរោគ ដើម្បីលួចយកទិន្នន័យ។ ចំណែកវិធីមួយទៀត គឺគេក្លែងបន្លំជាអាជ្ញាធរ ឬមន្ត្រីមន្ទីរពេទ្យ ហើយទាមទារឱ្យបង់ប្រាក់ ដើម្បីជួយឧបត្ថម្ភ ឬជួយសង្គ្រោះបងប្អូន។
លោក ជា ពៅ បញ្ជាក់ថាការប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបែបនេះ មិនមែនមានន័យថា សកម្មភាពនោះបានកើតឡើង ហើយទើបធ្វើការប្រកាសប្រាប់ពលរដ្ឋនោះទេ។
លោកថា នេះជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាមុន ដើម្បីកុំឲ្យចាញ់ការឆបោក ដែលនាំឲ្យខាតបង់ពេលវេលា និងទ្រព្យសម្បត្តិ។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងធ្វើហ្នឹង គឺជាសារអប់រំ ដើម្បីការពារទុកជាមុន ឲ្យប្រជាជនប្រយ័ត្នប្រយែង ព្រោះប្រជាជនម្នាក់ៗរាល់ថ្ងៃនេះ កំពុងតែចង់បានស្បៀងអាហារអីចឹង មានអ្នកបន្លំ ព្រោះពីមុនមកធ្លាប់មានករណីបែបហ្នឹង អីចឹងយើងត្រូវតែបង្ការប្រជាពលរដ្ឋ ដោយសារតែការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្នឹងវាច្រើនឥឡូវហ្នឹង» ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ២២ ខែមេសា នេះថា ដើម្បីការពារពីការបោកបន្លំដោយជនខិលខូចមួយចំនួននោះ សូមប្រជាពលរដ្ឋអនុវត្តតាមការណែនាំមួយចំនួនដូចជា ធ្វើការបញ្ជាក់ប្រភពព័ត៌មាន ថាជាប្រភពផ្លូវការមុននឹងចុចលើតំណភ្ជាប់ (Link) ឬចុច Like ឬ Share ផេកណាមួយ។
ធ្វើការពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងការឧបត្ថម្ភម្ហូបអាហារ ឬការឧបត្ថម្ភផ្សេងៗទៀត ដើម្បីចៀសវាងកុំឱ្យជនខិលខូច អាចយកទិន្នន័យទាំងនេះទៅធ្វើការបោកបញ្ឆោតនៅពេលក្រោយ។
លោកបន្ថែមថា៖ «ក្នុងករណីដែលមានការសង្ស័យ បងប្អូនអាចធ្វើការទំនាក់ទំនងទៅលេខទូរស័ព្ទ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ដើម្បីទទួលព័ត៌មានលម្អិត។ ក្នុងករណីដែលមានការពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាល សូមទូរស័ព្ទទៅលេខ ១១៥ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសួរនាំបន្ថែម ឬបញ្ជាក់ពីព័ត៌មានទាំងនោះ»។
លោក ស៊ឹង សីហា ប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា តាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លោកសង្កេតឃើញថា មានករណីបង្ហោះបោកបញ្ឆោតដោយដាក់លុយធ្វើជានុយ ច្រើនបែបច្រើនយ៉ាងលើបណ្តាញសង្គមហ្វេសប៊ុក ។
លោកបញ្ជាក់ថា៖ «ខ្វះអីអាល្បិចអីចឹង គេលេងតាមហ្វេសប៊ុក គេសំញ៉ែងលុយគេរាប់ម៉ឺនដុល្លារគេចែកអីចេះ ចែកអីចុះ យើងទៅពាក់ព័ន្ធធ្វើអី ក្រឡាហ្នឹងចេញមកដឹងតែបោកហ្មង ទៅចំណាយពេលជាមួយពួកវា បានការអី»៕