ភ្នំពេញៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលកំពុងផ្ទុះរាតត្បាតនៅខេត្តភាគខាងត្បូង នៃប្រទេសវៀតណាម ខណៈដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងតែប្រឈមនឹងជំងឺកូរ៉ូណាវីរុស ប្រភេទថ្មី។
ការប្រកាសឲ្យមានការប្រុងប្រយ័ត្នបានធ្វើឡើងជាបន្តបន្ទាប់ នៅលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្របពេលដែលនាយកដ្ឋាននេះ ក៏បានប្រាប់ពីរបៀបនៃការការពារខ្លួន ដោយមិនត្រូវប៉ះពាល់ជាមួយមាន់ឈឺ និងត្រូវសម្អាតខ្លួន និងដៃ ជាមួយសាប៊ូជានិច្ច។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវរាយការណ៍ទៅ ១១៥ ក្នុងករណីឃើញមាន់ ទា ឈឺ ឬងាប់ជាបន្តបន្ទាប់ហើយមិនត្រូវបរិភោគមាន់ ឬទា ងាប់ទាំងនោះទេ ដោយត្រូវកប់ចោលឲ្យបានត្រឹមត្រូវ ចៀសវាងការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺផ្តាសាយបក្សីនេះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លើកឡើងថា៖ «ក្នុងពេលយើងកំពុងប្រឈមនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី យើងក៏មិនត្រូវភ្លេចនៃការរាតត្បាតជំងឺផ្តាសាយបក្សី H5N1 ដែលកំពុងផ្ទុះរាតត្បាតនៅខេត្តភាគខាងត្បូងប្រទេសវៀតណាម»។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងនៅអំឡុងពេលធ្វើបាឋកថាស្តីពីចំណេះដឹង នៅទីស្តីការក្រសួង សុខាភិបាល កាលពីថ្ងៃអង្គារថា បើទោះបីជាកម្ពុជា ក្នុងពេលនេះ មិនទាន់ទទួលបានព័ត៌មាននៃការឆ្លងជំងឺផ្តាសាយបក្សីនេះក៏ដោយ ប៉ុន្តែលោកថា ប្រជាពលរដ្ឋ គួរតែចូលរួមការពារខ្លួន ដើម្បីចៀសវាងការឆ្លងជំងឺផ្តាសាយបក្សីនេះ។
លោកបន្ថែមថា រដ្ឋាភិបាល មានវិធីសាស្ត្រជាច្រើន ក្នុងការតាមដាន និងទប់ស្កាត់ជំងឺផ្តាសាយបក្សី ដោយបានត្រៀមវិធានការបន្ទាន់គ្រប់ពេល នៅពេលទទួលបានព័ត៌មានណាមួយពីករណីថា មានសត្វឈឺឬងាប់ ដើម្បីឲ្យក្រុមការងារចុះទៅតាមដាន ប៉ុន្តែប្រជាពលរដ្ឋ ត្រូវតែចូលរួមសហការក្នុងការរាយការណ៍ឲ្យបានទាន់ពេលវេលា។
លោកបញ្ជាក់ថា៖ «សុំយកឱកាសនេះសូមបងប្អូននៅពេលឃើញមាន់ ឬទា ឈឺ ឬងាប់ សុំយកទៅដុត ឬកប់ចោលទៅ កុំយកមកធ្វើជាអាហារ ព្រោះនៅពេលយើងបរិភោគ មេរោគនោះ អាចនឹងឆ្លងទៅមនុស្ស និងបក្សីដទៃទៀត ហើយត្រូវចាំថា ជំងឺផ្តាសាយបក្សី H5N1 មានអត្រា ឆ្លងខ្ពស់ណាស់»។
បើតាមលោក លី សូវ៉ាន់ រោគសញ្ញានៃការឆ្លងជំងឺផ្តាសាយបក្សីជាទូទៅបង្ហាញអាការ ដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើមភាគច្រើនមានជំងឺរលាកសួតធ្ងន់ធ្ងរ និងមួយចំនួនតូចមានរោគសញ្ញាដូចផ្តាសាយធម្មតា។
តាមឯកសាររបស់អង្គការសុខភាពពិភពលោក សរសេរថា ជំងឺផ្តាសាយបក្សី ឆ្លងតាមការប៉ះពាល់ទឹកសំបោរ ទឹកមាត់ និងលាមកសត្វឈឺ ឬងាប់ ដែលបណ្ដាលមកពីមេរោគ H5N1នេះ។ ឯកសាររបស់អង្គការសុខភាពពិភពលោកដដែលបានឲ្យដឹងបន្តថា ទោះបីជាជំងឺផ្ដាសាយបក្សី មិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្ដី ក៏វាអាចឆ្លងរាលដាលដូចគ្នានឹងជំងឺផ្ដាសាយតាមរដូវកាលដែរ ប្រសិនបើវាវិវត្តផ្លាស់ប្ដូរនោះ។
ចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤ ក្នុងប្រទេសកម្ពុជា ជំងឺផ្ដាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ ករណី ដែលក្នុងនោះមាន ៣៧ ករណីបានស្លាប់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។ ចំណែកនៅក្នុងឆ្នាំ ២០១៣ មានករណីមនុស្សឆ្លងជំងឺផ្ដាសាយបក្សីចំនួន ២៦ ករណី ហើយបង្កឲ្យស្លាប់ ១៤ ករណី និងនៅក្នុងឆ្នាំ ២០១៤ មានករណីមនុស្សឆ្លងជំងឺផ្ដាសាយបក្សីចំនួន ៩ ករណី និងបានបង្កឲ្យស្លាប់ចំនួន ៤ ករណី៕