ភ្នំពេញៈ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ CDC នៃ​ក្រសួង​សុខាភិបាល​ចេញ​វីដេអូ​ខ្លី​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការជក់បារី​​ដែល​អាច​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​ជំងឺ​កូវីដ ១៩ ខណៈ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ព្រមាន​ពី​ការប្រើប្រាស់​​បារី​អេឡិចត្រូនិក​ (Vape) ​ក៏​​ប្រឈម​នឹង​ការឆ្លង​នូវ​ជំងឺ​នេះ​ផងដែរ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​ជាក់លាក់​។

តាមរយៈ​វីដេអូ​អប់រំ​ខ្លី បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ CDC ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ការជក់​ថ្នាំ ជក់​បារី បាន​ធ្វើឲ្យ​ប៉ះពាល់ និង​បំផ្លាញ​សួត និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​របស់​យើង​។ បន្ថែម​ពីនេះ​ការជក់​ថ្នាំ​ជក់បារី​ក៏​បង្កើន​ការ​ប្រឈម​ទៅនឹង​ជំងឺឆ្លង​ជំងឺ​កូវីដ​ ១៩ ធ្ងន់ធ្ងរ​ផង​ដែរ​។

ស្ថាប័ន​នេះ​បាន​អះអាងថា មាន​តែ​ការផ្តាច់​បារី​នោះ​ទេ​​ដែល​ជួយ​ឲ្យ​អ្នក និង​ក្រុមគ្រួសារ​ចៀស​ផុស​ពី​ជំងឺឆ្លង​ផ្សេងៗ​បាន ខណៈ​អ្នក​ជក់បារី​ប្រឈម​ការឆ្លង​ខ្លាំង​ជាង​អ្នក​មិន​ជក់​។​CDC ​បញ្ជាក់ថាៈ​ «​វា​គឺជា​ការត្រឹមត្រូវ​បើ​អ្នកសម្រេចចិត្ត​ដើម្បី​ឈប់​ជក់បារី​ពី​ពេលនេះ​តទៅ​។

ឈប់​ជក់បារី​ធ្វើ​ឲ្យ​សុខភាព​សួត​កើនឡើង​ ៣០ ​ភាគរយ​ក្នុង​រយៈពេល​ប្រមាណ​ ២ ​ទៅ ៣ ​សប្តាហ៍​បន្ទាប់ពី​ឈប់​ជក់​»​។

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នកទទួល​។

អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​សិស្សសាលា​ប្រឈម​នឹង​ការឆ្លង​កូវីដ​១៩ និង​ជំងឺ​ផ្សេងៗ​ដោយសារ​ការជក់​បារី​អេឡិចត្រូនិក ​(Vape) ​ថា​មាន​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​ (Vape) ​ជាច្រើន​ក្នុង​ចំណោម​យុវជន​វ័យក្មេង ជាពិសេស​សិស្សសាលា ហើយ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​ពួកគេ​តែងតែ​ធ្វើជា​ក្រុម​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​សង្កេត​ឃើញ​ថា ការប្រើប្រាស់​ឧបករណ៍​ជក់​រួមគ្នា​បែបនេះ ប្រឈម​ខ្លាំង​នឹង​ការឆ្លង​កូវីដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ព្រមទាំង​អាច​លើកទឹកចិត្ត និង​ងាយ​ជំរុញ​ឲ្យ​ពួកគេ​ឈាន​ទៅ​ប្រើ​គ្រឿងញៀន​​ផ្សេងៗ​ទៀត​។

អង្គការ​នេះ​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​ (Vape) ​បង្ក​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សួត ប្រសិន​បើ​អ្នកប្រើប្រាស់​បារី​អេឡិចត្រូនិក​ឆ្លង​ជំងឺ​កូវីដ​១៩ គាត់​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្ពស់​។ ក្រោម​ហេតុផល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​រឹតបន្តឹង​វិធានការ​ហាមឃាត់​ការលក់ និង​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវីដ​១៩ និង​ជំងឺ​ផ្សេងៗ ជាពិសេស​ក្នុងចំណោម​សិស្សសាលា​វ័យក្មេង​»​។

បារី​អេឡិចត្រូនិក និង​ Sisha ត្រូវបាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហាម​លក់ និង​មិន​ឲ្យ​មាន​ការប្រើប្រាស់​ឡើយ ក៏ប៉ុន្តែ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​លើកឡើង​ថា ទោះ​ជា​មាន​បម្រាម​​បែបនេះ​ក្តី ក៏​នៅតែ​មាន​ការផ្សព្វផ្សាយ​លក់​បារី​អេឡិចត្រូនិក​ (Vape) ​នៅលើ​បណ្ដាញសង្គម​ជាច្រើន ដោយ​ប្រើ​ឈ្មោះថា ម៉ាស៊ីន​ផ្ដាច់​បារី​។

តាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការចាត់វិធានការ​បង្ការ និង​បញ្ឈប់​ការប្រើប្រាស់​​ការធ្វើ​អាជីវកម្ម និង​នាំចូល​​ផលិតផល​ស៊ីហ្សា និង​បារី​អេឡិចត្រូនិក​បាន​ឲ្យ​ដឹងថា ផលិតផល​ទាំងនេះ​មិន​មាន​ផ្ទុក​ធាតុញៀន​ដែល​ត្រូវបាន​ហាម​ដោយ​​ច្បាប់​កម្ពុជា​ទេ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​នីកូទីន​សំយោគ​កម្រិត​ខ្ពស់ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ជាង​បារី​។ ដូច្នេះ​សេចក្តី​ណែនាំ​នេះ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​ការប្រើប្រាស់ និង​ធ្វើ​អាជីវកម្ម​គ្រប់​រូបភាព ប៉ុន្តែ​មិនមាន​បញ្ញត្តិ​ពី​ការដាក់ទោស​ក្រៅតែពី​ការដកហូត និង​ហាមឃាត់​នូវ​សារធាតុ​ទាំងនោះ​នោះទេ​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ប្រភេទ​បារី​អេឡិចត្រូនិក​មិនមាន​ការអនុញ្ញាត​ឲ្យ​នាំចូល​មក​កម្ពុជា​ទេ ប៉ុន្តែ​លោក​ថា ការ​មាន​ចរាចរណ៍ និង​ប្រើប្រាស់​បែប​នេះ គឺ​ធ្វើ​ឡើង​តាម​រូបភាព​លួចលាក់ និង​ខុសច្បាប់ ខណៈ​សមត្ថកិច្ច​ពាក់ព័ន្ធ​តែង​រួមគ្នា​ចាត់វិធានការ​។

លោក​បញ្ជាក់ថា​៖ «​ការលើកឡើង​ទាំងនេះ​គឺ​ក្តីព្រួយបារម្ភ​មួយ​សមហេតុ​សមផល​ដែល​ការប្រើប្រាស់​នូវ​ថ្នាំជក់​ទាំងនេះ ​វា​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។ យើង​បាន​ដាក់ចេញ​នូវ​ការទប់ស្កាត់​រួចហើយ​នូវ​ការចរាចរណ៍ ការជួញដូរ​នូវ​បារី​អេឡិចត្រូនិក​នេះ ហើយ​ជា​លទ្ធផល​ថ្នាំជក់​គ្រប់​ប្រភេទ​រួមទាំង​បារី ក៏​ទទួល​បាន​ការអនុញ្ញាត​ក្នុង​ការសហការ​គ្នា​​រឹតត្បិត ការចែក​ចាយ ផ្សព្វផ្សាយ និង​ការជក់​»៕