ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ជា​សម្ភារ​ការពារ​កូវីដ​ ១៩ តាមរយៈ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្ដីពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម UNODC កាលពី​ថ្ងៃទី​ ២២ ធ្នូ ប៉ុន្តែ​មិនទាន់​សម្រេច​ចែក​ទៅ​អ្នក​ជាប់ឃុំ​នៅឡើយ​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ប្រាប់​ឱ្យដឹងពី​ថ្ងៃទី​ ២៣ ​ធ្នូ​ ថា សម្ភារ​ដែល​ទទួល​បាន​​រួមមាន​ម៉ាស់ សាប៊ូ​លាងចាន សាប៊ូ​ដុសខ្លួន និង​ម៉ាស៊ីនភ្លើង​ចំនួន​ ៣ ​គ្រឿង​។

លោក​ថ្លែងថា​៖ «​ជំនួយ​ឧបត្ថម្ភ​សម្ភារ​អនាម័យ​នេះ​មាន​មួយចំណែក​មកពី​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ UNODC ដែល​យើង​គ្រោង​សម្រាប់​ជន​ជាប់ឃុំ​ ៣ ៣៣៥ ​នាក់​ដែល​កាលនៅ​មាន​បញ្ហា​ទឹកជំនន់​នៅ​ ម២ និង​នៅ​បន្ទាយមានជ័យ​។ យើង​ត្រៀម​អីវ៉ាន់​អស់ហ្នឹង​សម្រាប់​គាត់ ប៉ុន្តែ​ដោយសារ​ឥឡូវ​វា​អស់​ទឹកជំនន់​ហើយ អ៊ីចឹង​សម្ភារ​នេះ​កំពុង​ពិចារណា​បែងចែក​ថ្មី​ថា​តើ​ត្រូវ​បែងចែក​ជន​ជាប់ឃុំ​ណាខ្លះ​?»​។

លោកស្រី ផូលីន ថា​មេស៊ីស អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​កាលពី​ថ្ងៃទី​ ២៣ ធ្នូ ​ថា អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បានផ្ដល់​ការគាំទ្រ​ដល់​ប្រព័ន្ធ ពន្ធនាគារ​កម្ពុជា​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មកហើយ តាមរយៈ​ភ្នាក់ងារ​ជាច្រើន និង​គ្របដណ្ដប់​លើ​ផ្នែក​នានា​។ ការគាំទ្រ​ទាំងនោះ​រួមមាន​ការអភិវឌ្ឍ ផ្នែក​ច្បាប់ និង​គោលនយោបាយ សម្ភារ ជំនាញ​ប្រព័ន្ធ​ពន្ធនាគារ និង​ការបណ្ដុះបណ្ដាល និង​ការតស៊ូ​មតិ​លើ​ការឃ្លាំមើល​ពន្ធនាគារ​»​។

លោកស្រី​ថ្លែងថា ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​បាន​ជួប​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ពន្ធនាគា​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​រង​ការប៉ះពាល់​ពី​ទឹកជំនន់​កាលពី​ខែតុលា​។ ជំនួយ​ពី UNODC ដែល​ត្រូវ​បាន​ប្រគល់​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ២២ ធ្នូ រួមមាន​ថ្នាំពេទ្យ​ដែល​ចាំបាច់ សម្ភារ​អនាម័យ និង​សម្ភារ​ផ្សេងទៀត​ដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ស្នើសុំ​។

លោកស្រី​បញ្ជាក់ថា ជំនួយ​សម្រាប់​ឆ្លើយតប​ទៅនឹង​ទឹកជំនន់​នៅ​ពន្ធនាគារ ក៏ត្រូវ​បាន​ផ្ដល់​ដោយ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ICRC ផងដែរ​។ ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស OHCHR ក៏បាន​ផ្ដល់​បាវ​ខ្សាច់​ចំនួន​ ៩៥០ ដល់​ពន្ធនាគារ​ខេត្តបាត់ដំបង និង​បានប្រគល់​សម្ភារ​អនាម័យ​ផ្សេងទៀត​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ រួមមាន​សាប៊ូ​ដុស​ខ្លួន សាប៊ូ​លាងចាន ថ្នាំ និង​ច្រាស​ដុសធ្មេញ​ដល់​ពន្ធនាគារ​ក្នុង​កិច្ចការពារ​ការឆ្លង​កូវីដ​១៩​។

អង្គការ​យូនីសេហ្វ​ក៏បាន​ផ្ដល់​សាប៊ូ​ចំនួន​ ១ ០០០ ​ដុំ​ ដល់​អនីតិជន និង​អ្នក​ជាប់ឃុំ​ស្ត្រី​ដែល​ត្រូវបាន​ជម្លៀស​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ទៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ក្នុងពេល​មាន​គ្រោះទឹកជំនន់​កាលពី​ខែតុលា​។ នេះ​បើតាម​លោកស្រី ផូលីន​។

លោកស្រី​ថ្លែងថា​៖ «​អង្គការសហប្រជាជាតិ​ចាត់ទុក​សុខភាព​នៅ​ពន្ធនាគារ​គឺជា​សុខភាព​សាធារណៈ ជាពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​នាពេល​បច្ចុប្បន្ន​។ វា​ជា​ការទទួល​ខុសត្រូវ​របស់​រដ្ឋ​ក្នុង​ការអនុវត្ត​ការផ្ដល់​សុខុមាលភាព​សម្រាប់​អ្នកទោស និង​អ្នក​ជាប់ឃុំ និង​ធានាថា ពួកគេ​ទទួល​បាន​នូវ​ស្តង់ដា​សុខុមាលភាព​ដូច​អ្វីដែល​សាធារណជន​ទូទៅ​នៅក្នុង​ប្រទេស​នេះ​អាច​ទទួលបាន​»​។

លោកស្រី​បន្តថា​៖ «​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ចូលរួម​ជាមួយ​អាជ្ញាធរ​ជា​បន្តបន្ទាប់ និង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ចាត់វិធានការ​ចាំបាច់​ដើម្បី​ធានាថា អ្នកទោស​និង​អ្នក​ជាប់ឃុំ​មិន​ត្រូវ​បាន​គេ​បំភ្លេចចោល ហើយ​ថា ពួកគេ​ទទួល​បាន​វិធានការ​សុខាភិបាល​ស្មើៗ​គ្នា​»​។

លោក នុត សវនា បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​មិនទាន់​បានកំណត់​ការបែងចែក​ជំនួយ​ឧបត្ថម្ភ​ពី​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ និង​ពី UNODC នៅឡើយ​ទេ​។

លោក នុត សវនា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អ៊ីចឹង អីវ៉ាន់​ ២ ​កញ្ចប់​នេះ យើង​អត់ទាន់​បាន​បែងចែក​ទៅតាម​គោលដៅ​នៅឡើយ​ទេ ដោយសារ​យើង​នៅ​រង់ចាំ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង លទ្ធភាព​ជាក់ស្ដែង​ថា​តើ​តម្រូវការ​នោះ​វា​យ៉ាងម៉េច​? ទើប​យើង​បែងចែក​តាម​តារាង​សម្រាប់​ចែក​ទៅតាម​គោលដៅ​នីមួយៗ​»៕