ភ្នំពេញ៖ ​នាយក​ដ្ឋាន​ព័ត៌​មាន​វិទ្យា​ នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ធំៗ​ចំ​នួន​៥ ​ដែល​កំ​ពុង​​កើ​ត​​មាន​នៅ​កម្ពុជា​ ក្នុង​នោះ​មាន​ការ​លួច​កាន់​កាប់​គណនី​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ​ការ​បរិ​ហារ​កេរ្តិ៍​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម ការ​បន្លំ​លួច​ប្រាក់​ពី​គណ​នី​ធនាគារ​ ការ​ចម្លង​មេរោគ​កុំព្យូ​ទ័រ​និង​ទូរ​ស័ព្ទ​ដៃ ​និង​ការជ្រៀត​ចូល​ប្រព័ន្ធ​ព័ត៌​មាន​។

នា​យក​ដ្ឋាន​ព័ត៌​មាន​វិទ្យា​ បាន​​ផ្សព្វ​ផ្សាយ​ប្រាប់​ប្រជា​ពល​រដ្ឋ​ ក្រោយ​ពី​បាន​​រកឃើញ​នេះ​កាល​ពី​ថ្ងៃ​ទី ​៥ ខែមិថុនា ​​ថា​ ដើម្បី​ការ​ពារ​ខ្លួន​ពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន​ ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​ និង​ស្វែង​យល់​អំ​ពី​ហា​និ​ភ័យ​នានា ​នៃ​បច្ចេក​វិទ្យា​។

នាយក​ដ្ឋាន​ព័ត៌​មាន​វិទ្យា​បញ្ជាក់​ថា​៖«​យោង​តាម​ការ​សិក្សាស្រាវ​ជ្រាវ​ អំពី​បទ​ល្មើស​បច្ចេ​ក​វិទ្យា​ព័ត៌​មាន​ ថ្ងៃ​នេះ​ក្រុម​ការងារ​បច្ចេក​ទេស ​នៃ​នាយក​ដ្ឋាន​ព័ត៌​មា​នវិទ្យា​ សូម​ធ្វើ​ការ​រៀប​រាប់​ អំពី​និន្នា​ការ​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន​ធំៗ​ទាំង​៥ ​ដែល​កំពុង​កើត​មាន​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុ​ជា​ រួ​មមា​ន ​១- ការ​លួច​កាន់​កាប់​គណនី​បណ្តាញ​ទំនាក់​ទំន​ង​សង្គម​ (Account Hijack) ​២-​ ការ​បរិ​ហារកេរ្តិ៍​ លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ (Social Media Defamation) ៣-​ ការ​បន្លំ​លួច​ប្រាក់​ពី​គណ​នី​ធនា​គារ ​(Money Fraud) ៤- ​ការ​ចម្លង​មេរោគ​កុំព្យូទ័រ ​និង​ទូរ​ស័ព្ទ​ដៃ ​(Malware Attack) ៥-​ ការ​ជ្រៀត​ចូល​ប្រព័ន្ធ​ព័ត៌​មាន ​(Systems Hacking)»។

នា​យក​ដ្ឋាន​នេះ​ បាន​អំពាវ​នាវ​ថា ​ដើម្បី​ការពារ​ខ្លួន​ពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន​ ដូច​បាន​រៀប​រាប់​ខាង​លើ សូម​បងប្អូ​ន​ប្រជា​ពល​រដ្ឋ​ត្រូវ​មា​នការ​ប្រុង​ប្រយ័​ត្ន​ និង​ស្វែង​យល់​អំពីហា​និភ័យ​នានា​នៃ​បច្ចេក​វិទ្យា។​ ប្រសិន​ប្រជា​ពល​រដ្ឋ​​មាន​ចម្ង​ល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ហា​និភ័យ​បច្ចេក​វិទ្យា​ អាច​ធ្វើ​ការ​សាក​សួរ​ក្រុម​ការ​ងារ​បច្ចេក​ទេស​តាម​រយ:​ប្រអប់​សារ​ទំព័រ ​Facebook Page របស់​នា​យក​ដ្ឋានព័​ត៌មា​ន​វិទ្យា​ផ្ទាល​់តែ​ម្ដង​។

លោក ហោ សំអាត អគ្គលេខា​ធិការ​រង នៃ​អគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា​មិន​អាច​​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​​បន្ថែម​បាន​ទេ​​នៅ​ថ្ងៃ​ទី ៧ ​ខែ​មិថុនា​​។​

ទាក់​ទិន​ទៅ​នឹង​ការ​គ្រប់​គ្រង​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​​នៅ​កម្ពុជា​នេះ ក្រសួង​មហាផ្ទៃ​ និង​អ្នក​ពាក់ព័ន្ធ​នានា​នឹង​បន្ដ​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​លើ​សេច​ក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ហើយ​កាល​ពី​ថ្ងៃ​​ទី ២ ខែ​មិថុនា​ ក្រ​សួង​​មហាផ្ទៃ​ អង្គភាព​ពាក់ព័ន្ធ ​រួម​នឹង​អគ្គនាយកដ្ឋាន​ព័ត៌មាន​វិទ្យា ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដោយ​បន្ត​ពិភាក្សា និង​ពិនិត្យ​លើ​សេ​ចក្តីព្រាង​ច្បាប់​នេះ​ផង​ដែរ​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា កិច្ចប្រជុំនេះ ​បន្តពិភាក្សា និង​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន ក្រោម​អធិប​តីភាព លោក ប៊ុន ហុន រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ទទួល​បន្ទុក​ក្រុម​ប្រឹក្សា​នីតិកម្ម និង​មាន​ការ​ចូល​រួមពី រដ្ឋលេខា​ធិការ អនុ​រដ្ឋ​លេខា​ធិការ​ក្រ​សួង​មហាផ្ទៃ និង​អង្គ​ភាព​ជំនាញ​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។​

លោក ប៊ុន ហុន ថ្លែង​ក្នុង​កិច្ច​ប្រជុំនេះ​​ថា​៖​«អង្គ​ប្រ​ជុំ​បាន​ពិនិត្យ​ពិភាក្សា និង​កែ​សម្រួល​បាន​ចំនួន ​១២ មាត្រា ហើយ​នៅ​ថ្ងៃ​នេះ​ កិច្ច​ប្រជុំ​នឹង​បន្ត​ពិនិត្យ ​និង​ពិភាក្សា​លើមាត្រា ១៣ ដល់​មាត្រា ១៦ ដែល​ជា​មាត្រា​ចុង​ក្រោយ​នៃ​ជំពូក​ទី​៤»។

បើ​តាម​ការ​ជូន​ដំណឹង​របស់ក្រសួង​មហាផ្ទៃ​​ក្នុង​កិច្ច​ប្រជុំ​នេះ​ ក្រុម​ការងារ​ពាក់ព័ន្ធ​កំពុង​បន្តពិភាក្សា និង​ពិនិត្យ​លើ​សេ​ច​ក្តី​ព្រាង​ច្បាប់​​ ស្តីពីបទ​ល្មើស​បច្ចេក​វិទ្យាព័ត៌មាន​នេះ ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​ ២០១៦ ដោយ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង និង​អន្ត​រ​អគ្គ​នាយ​ក​ដ្ឋាន​សរុប​ទាំង​អស់ ៥០ លើក​ ដោយ​ឡែក​កិច្ច​ប្រជុំ​ក្នុង​ក្រប​ខ​ណ្ឌ​អគ្គ​​នាយក​ដ្ឋាន ៧ លើក។

ក្រសួង​បញ្ជាក់​ថា​ ច្បាប់​នេះ​មាន​គោល​បំណង​ធានា​សុច្ច​រិតភាព នៃការ​ប្រើប្រាស់ ការគ្រប់​គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្ន​ន័យ​កុំព្យូ​ទ័រ និង​ការ​ការ​ពារសន្តិ​សុខ សណ្តាប់​ធ្នាប់​សាធា​រណៈ​ ព្រមទាំង​ការការ​ពារ​សិទ្ធិ​សេរីភាព​បុគ្គល ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្រ្កាប​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​ដែល​មាន ៧ ជំពូក ៤៨ មាត្រា៕