
រូបតំណាង។ នាយកដ្ឋានព័ត៌មានវិទ្យារំឭកពលរដ្ឋឲ្យប្រយ័ត្ន និងចេះផ្ទៀងផ្ទាត់ក្រុមសារអេឡិចត្រូនិករបស់អាជ្ញាធរ ដើម្បីចៀសវាងជនខិលខូចបន្លំ។ រូបថត ACCD
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃបានរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់អំពីក្រុមសារអេឡិចត្រូនិក (ChatGroup) របស់អាជ្ញាធរពាក់ព័ន្ធដែលបានបង្កើតឡើងក្នុងពេលនេះ ក្រែងមានជនខិលខូចអាចនឹងបន្លំ ដើម្បីចែកចាយព័ត៌មានមិនពិតក្នុងអំឡុងពេលជួបវិបត្តិកូវីដ ១៩។
ទំព័រហ្វេសប៊ុករបស់ស្ថាប័ននេះបានលើកឡើងថា ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានបន្តខិតខំដាក់ជូននូវវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍។ លើសពីនេះ ដើម្បីសម្រួលដល់បងប្អូនពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធបានបង្កើតនូវក្រុម (Group) ឆ្លើយឆ្លងសារអេឡិចត្រូនិកថ្នាក់ជាតិ និងក្រោមជាតិ រហូតដល់ស្រុក ខណ្ឌ តួយ៉ាងក្រុម Telegram ជាដើម។
ដើម្បីបង្កើនប្រសិទ្ធភាព និងរក្សាឯកជនភាពរបស់បងប្អូនពលរដ្ឋ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមចែករំលែកនូវយន្តការគាំពារមួយចំនួនដោយត្រូវផ្ទៀងផ្ទាត់អំពីក្រុមសារអេឡិចត្រូនិក (Chat Group) មុននឹងចូលជាសមាជិក និងធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានការសង្ស័យលើក្រុមសារអេឡិចត្រូនិកដែលមានគោលបំណងទុច្ចរិត (បង្ហោះព័ត៌មានបង្កចលាចល លួចព័ត៌មាន។ល។)។
នាយកដ្ឋាននេះបានបញ្ជាក់ថា៖ «សូមធ្វើការកំណត់គណនីអភិបាល ក្រុមសារអេឡិចត្រូនិក (Admin) និងធ្វើការបញ្ជូនឯកសារចាំបាច់ផ្សេងៗផ្ទាល់ទៅកាន់គណនីអភិបាល (Admin) ឬគណនីសម្របសម្រួល (Coordinator) ជាជាងការផ្ញើចូលក្នុងក្រុមដែលអ្នកដទៃ (ពុំមែនអាជ្ញាធរមានសមត្ថកិច្ច) អាចធ្វើការចូលមើល ឬទាញយកឯកសារសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួន។
បន្ថែមពីនេះ នាយកដ្ឋានក៏ស្នើដល់ពលរដ្ឋឲ្យចែករំលែកនូវព័ត៌មានដែលមានប្រភពច្បាស់លាស់ និងបង្ហោះនូវមតិយោបល់ប្រកបដោយសីលធម៌ និងមានការទទួលខុសត្រូវផងដែរ។
លោក ង៉ែត ម៉ូសេ ទីប្រឹក្សាឯករាជ្យផ្នែកសន្តិសុខបច្ចេកវិទ្យាបានលើកឡើងថា ការដាក់ចេញចំណុចណែនាំរបស់នាយកដ្ឋាននេះ គឺជាចំណុចមួយដែលល្អស្របពេលដែលប្រព័ន្ធតេឡេក្រាម កំពុងត្រូវបានប្រើប្រាស់ច្រើននៅក្នុងប្រទេស ជាពិសេសពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
លោកបានបន្តថា ពលរដ្ឋគួរតែទទួលបានចំណេះដឹងតាមរយៈការផ្សព្វផ្សាយព័ត៌មានជុំវិញការប្រើប្រាស់ និងទទួលបានព័ត៌មាននានាពីប្រព័ន្ធនេះ ខណៈអ្នកប្រើប្រាស់ខ្លួនឯង គួរតែស្វែងយល់បន្ថែមអំពីរបៀបនៃការប្រើប្រាស់ដែលមានសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «តាមពិតទៅបណ្តាញសង្គមវាដូចជាកាំបិតមុខ ២ អ៊ីចឹង។ តែក៏មិនមែនអាក្រក់ដែរ អាស្រ័យលើយើងយកវាមកប្រើដោយវិធីណា? ដូចអ្នកប្រើប្រាស់មួយចំនួនបានកេងចំណេញ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងណាមួយរបស់ក្រុមខ្លួន»។
យ៉ាងណាក្ដី លោក ង៉ែត ម៉ូសេ ចង់ឲ្យអាជ្ញាធរដែលប្រើប្រាស់បណ្តាញសង្គមនេះជាផ្លូវការ គួរបង្កើតគោលការណ៍ និងសេចក្តីណែនាំឲ្យបានត្រឹមត្រូវ ដើម្បីគ្រប់គ្រង ដោយចៀសវាងគ្រោះថ្នាក់ និងការប្រើប្រាស់ដែលបណ្តាលឲ្យមានហានិភ័យ ខណៈការទទួលបានព័ត៌មានពិតប្រាកដក្នុងអំឡុងពេលនេះ គឺជារឿងសំខាន់ ដើម្បីចូលរួមទប់ស្កាត់វិបត្តិកូវីដ ១៩ នៅកម្ពុជា៕