ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ប្រាប់​ពី​របៀប​ការពារ​ខ្លួន​ដោយ​ប្រើប្រាស់​នូវ​កម្មវិធី​ឈ្មោះ Hiya: Spam Phone Call Blocker ដែល​វា​មាន​សមត្ថភាព​អាចជួយ​ប្លុក​លេខ​ដែល​សង្ស័យថា ឆបោក​បាន​ដោយ​ស្វ័យប្រវត្តិ ខណៈ​លេខ​ឆបោក​ទាំងនេះ​អាច​នឹង​លួច​កាត់ប្រាក់​ពី​ទូរស័ព្ទ​របស់​អ្នក​ បន្ទាប់ពី​មាន​ការខល​ចេញ​ត្រឡប់​ទៅវិញ​។

ការប្រកាស​ឱ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​មាន​ការប្រុងប្រយ័ត្ន​យ៉ាងដូច្នេះ​បាន​ធ្វើ​ឡើង​ដោយសារ​តែមាន​ករណី​ខល​ទូរស័ព្ទ​ពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ដែលជា​លេខ​ទូរស័ព្ទ​សង្ស័យ (Spam) មានបំណង​ឆបោក​ប្រាក់​តាមរយៈ Callback Scam ទៅកាន់​ជន​ដែល​លេខ​របស់​ពួកគេ​អាច​ប្រើប្រាស់ International Premium Rate Number (IPRN) ដើម្បី​កាត់​ប្រាក់​ពី​ទូរស័ព្ទ​ជនរងគ្រោះ​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​រៀបរាប់ថា ដើម្បី​ការពារ​ពី​ការខល​ចូល​រំខាន ជនរងគ្រោះ​បាន​ធ្វើការ Block លេខ​ទូរស័ព្ទ​ដែល​បាន​ព្យាយាម​ខល​ចូល​ទាំងនោះ ប៉ុន្តែ​ជនល្មើស​បាន​ព្យាយាម​ប្រើប្រាស់​លេខ​ថ្មីៗ​បម្រើ​សកម្មភាព​ល្មើស​របស់​ពួកគេ​។ ដូច្នេះ​ដើម្បី​អាច​ការពារ​ខ្លួន​ពី​ការចាញ់បោក​នូវ​ល្បិចកល​ទាំងនេះ​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​ណែនាំ​អំពី​របៀប​ដំឡើង​កម្មវិធី​ជំនួយ ដែល​មាន​សមត្ថភាព​កំណត់​លេខ​ទូរស័ព្ទ​សង្ស័យ (Spam) រួច​ធ្វើការ Block ដោយ​ស្វ័យប្រវត្តិ​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​នេះ​បញ្ជាក់​ថា​៖ «​កម្មវិធី​ឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែ​ទទួលបាន​នូវ​ការពេញនិយម​ប្រើប្រាស់ ព្រោះ​បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​ទិន្នន័យ​លេខ​ទូរស័ព្ទ​សង្ស័យ (Spam) ប្រមាណ ២៨៧ ​លាន​លេខ​ទូរស័ព្ទ​ដែល​អាចជួយ​អ្នកប្រើប្រាស់​ក្នុង​ការ Block លេខ​សង្ស័យ​បាន​ច្រើន​។ កម្មវិធី​ឈ្មោះ Hiya អាច​ដំ​ឡើងលើ​ទូរស័ព្ទដៃ ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android»​។

បើតាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា Callback ឬ One-Ring Scam គឺជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា​ដែលមាន​ឈ្មោះថា International Premium Rate Number (IPRN)​។ ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង​បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ឬ​គេហទំព័រ​អនឡាញ រៀបចំ​បច្ចេកទេស​ផ្សេងៗ​តួយ៉ាង​ប្រើប្រាស់​លេខ​ទូរស័ព្ទ IPRN ធ្វើការ​ខល​ចេញ​ទៅ​កាន់​គោលដៅ​នានា​ជុំវិញ​ពិភពលោក (Missed Call) ដើម្បី​ឱ្យ​គោលដៅ​ទាំងនោះ​ខល​មកវិញ ជាមួយ​ការ​កាត់ទឹកប្រាក់​ដ៏ច្រើន​ខុសធម្មតា​។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា កាលពី​ពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​រកឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទទួល​ការតេ​ចូល​ពី​លេខ​ក្រៅប្រទេស ហើយ​ករណី​នេះ​មិនមែន​ទើបតែ​កើតឡើង​នោះទេ​។

តាម​ការស្រាវជ្រាវ​បឋម​ការរកឃើញ​នេះ ជា​ប្រភេទ​បោកប្រាស់ (Scam) ស្រដៀង​គ្នា​នឹង​ការបោកប្រាស់ call back ដែល​ទាមទារ​ឱ្យ​ជនរងគ្រោះ​យក​លេខ​ទូរស័ព្ទ​របស់ខ្លួន​តេ​ទៅ​លេខ​ក្រៅ​ប្រទេស​មួយចំនួន​នោះ ដែល​បញ្ហា​នេះ​ក៏​ធ្លាប់បាន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​យើង​រួចមក​ហើយ​។

ប៉ុន្តែ​លោក​បន្តថា រហូត​មក​ដល់​ពេលនេះ គឺ​មិនទាន់​មាន​ការរាយការណ៍​ថា មាន​ជនរងគ្រោះ​ដែល​បាន​ចាញ់បោក​ក្នុង​ករណី​នេះ​នោះទេ​។ លោក​បាន​បញ្ជាក់ថា​៖ «​រឿងនេះ​បាន​កើតឡើង​កន្លះ​ឆ្នាំ​ជាង​ហើយ ហើយ​យើង​បាន​ផ្សព្វផ្សយ​ជាថ្មីទៀត​។ តាំងពី​មាន​ហេតុការណ៍ យើង​មិនទាន់​ទទួល​បាន​ការប្តឹង​មក​សមត្ថកិច្ច​យើង​ថា មាន​ចាញ់បោក​ករណី​តែម្តង​គ្មាន​ផង ព្រោះ​ប្រជាពលរដ្ឋ​យើង​មាន​ការយល់ដឹង​ច្រើនណាស់​ពី​បញ្ហា​នេះ​»​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​តេ​ទៅ​លេខ​ក្រៅប្រទេស​ដែល​មិន​ស្គាល់ ជាពិសេស​ប្រសិនបើ​ទទួលបាន​សារ មានដូចជា ការឈ្នះ​រង្វាន់ ការលក់ទំនិញ​ថោក ក្រោម​តម្លៃ​ទីផ្សារ​ជាដើម​នោះ សូម​ប្រជាពលរដ្ឋ​កុំ​ឆ្លើយតប​ព្រោះនេះ​គឺជា​ការបោក​បញ្ឆោត​របស់​ក្រុម​ជនខិលខូច​តែប៉ុណ្ណោះ​។

ក្រៅពី​ករណី​ឆបោក​នេះ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុម​ការងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​ទទួល​ព័ត៌មាន​ពី​ការឆបោក​របស់​ក្រុម​ជនខិលខូច​នៅក្នុង​ប្រទេស​កម្ពុជា ក្រោមរូបភាព​ផ្សេងៗ​គ្នា ដូចជា​ធ្វើការ​ខល​ទូរស័ព្ទ​ទៅកាន់​ជនរងគ្រោះ​ថា​ឈ្នះ​រង្វាន់​ពី​ធនាគារ​ក្នុង​ស្រុក​មួយ​នូវ​ចំនួន​ទឹកប្រាក់​ផ្សេងៗ ឬ​ឧក្រិដ្ឋជន​ណែនាំ​ជនរងគ្រោះ​ដាក់​ប្រាក់​ក្នុង​គណនី​ទូរស័ព្ទ (Top Up) នូវ​ចំនួន​ទឹកប្រាក់​ចាប់ពី​ ១០ ​ដុល្លារ​អាមេរិក ហើយ​តម្រូវ​ឱ្យ​ជនរងគ្រោះ​ធ្វើការ​ខល​ទូរស័ព្ទ​ទៅកាន់​នាយក​ប្រតិបត្តិ​ធនាគារ ដើម្បី​សន្ទនា និង​ពិភាក្សា​អំពី​កម្មវិធី​រង្វាន់​នេះ​ជាដើម​។ នេះ​បើតាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​៕