ភ្នំពេញ: នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃព្រមានឱ្យបញ្ឈប់សកម្មភាពអសីលធម៌ក្នុងកម្មវិធីបណ្តាញសង្គម TikTok ខណៈមន្ត្រីកត់សម្គាល់ឃើញយុវជនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាសប្រាសចាកពីក្រមសីលធម៌សង្គម ឬច្បាប់កម្ពុជា។
សារព្រមានរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃដែលបង្ហោះលើហ្វេសប៊ុករបស់ខ្លួនឱ្យដឹងពីម្សិលមិញថា កម្មវិធីកម្សាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា ដោយអ្នកប្រើប្រាស់ TikTok ព្យាយាមបង្កើតវីដេអូត្រាប់សំឡេង ឬការបញ្ចេញកាយវិការកំប្លែង។ល។
កន្លងមកក្រុមការងារ នាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញមានយុវជនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះប្រាសចាកពីក្រមសីលធម៌ ឬច្បាប់កម្ពុជាដូចជា ការបង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស ការបង្កើតវីដេអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ និងការបង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឱ្យមានចលាចលសង្គម។
នាយកដ្ឋានព័ត៌មានវិទ្យាបានក្រើនរំឭកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok ត្រូវតែបញ្ឈប់សកម្មភាពខុសឆ្គងដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឱ្យខ្លួនក្លាយជាជនសង្ស័យនៃបទល្មើសណាមួយដោយពុំបានដឹងខ្លួន។
លោក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃមិនអាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេពីម្សិលមិញ។
យុវជនម្នាក់ឈ្មោះ ដួង សីហា អាយុ ២០ ឆ្នាំដែលជាអ្នកចូលចិត្តលេងបណ្ដាញសង្គម TikTok ថ្លែងពីម្សិលមិញថា រូបគេចាប់ផ្ដើមលេង TikTok ជិត ១ ឆ្នាំហើយ ដោយសារឃើញមិត្តភក្តិនាំគ្នាលេងយ៉ាងសប្បាយ។
យុវជនរូបនេះបន្តថា នៅក្នុងបណ្ដាញ TikTok នេះរូបគេចូលចិត្តមើលវីដេអូខ្លីៗរបស់មិត្តភក្ដិសម្ដែងដែលមានការរាំច្រៀង និងធ្វើកាយវិការត្រាប់ ឬនិយាយតាមសំឡេងចម្រៀង និងការនិយាយបែបកប្លែង។ ចំណែករូបគេមិនដែលបានសម្ដែង ឬប្រព្រឹត្តអ្វីដែលប៉ះពាល់ដល់អ្នកដទៃទេ។
សីហា បញ្ជាក់ថា៖ «ខ្ញុំក៏បានឃើញមានវីដេអូខ្លះជេរប្រមាថគេឈ្លោះគ្នា បង្ហាញរូបភាពអាសអាភាស ដើម្បីឱ្យគេចូលមើលច្រើន។ ខ្ញុំគិតថា ក្នុងនាមយើងជាយុវជនគួរតែធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិ ហើយមិនគួរប្រព្រឹត្តអ្វីដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬខុសច្បាប់ទេ»។
លោក អ៊ឹម សុធី នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាបានថ្លែងពីម្សិលមិញថា លោកបានសង្កេតឃើញថា ពិតជាមានយុវជនមួយចំនួនបានប្រព្រឹត្តដូចការលើកឡើងរបស់នាយកដ្ឋានព័ត៌មានវិទ្យាមែន ដោយសារយុវជនទាំងនោះមិនទាន់បានយល់អំពីសិទ្ធិ និងយល់ដឹងអំពីច្បាប់ច្បាស់លាស់។ ពួកគាត់នៅតែមានគំនិតថា បណ្ដាញអ៊ីនធឺណិតជាកន្លែងបញ្ចេញមតិដោយសេរី ឬអាចប្រើប្រាស់ដោយសេរី និងគ្មានទោសពៃរ៍។
លោកបញ្ជាក់ថា៖ «ក្មេងៗសម័យថ្មីនេះគឺពួកគាត់ភាគច្រើនមិនបានយល់អំពីច្បាប់ទេ ពួកគាត់ធ្វើអ្វីៗ គឺជឿតាមគ្នា ឬឃើញគេធ្វើ ក៏ធ្វើតាមគេ។ ប្រសិនបើយើងមិនទាន់មានច្បាប់នេះ គឺគួរតែពន្លឿនអនុម័តឱ្យបានលឿនបំផុត ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា»។
លោក សុធី បានអំពាវនាវឱ្យយុវជនទាំងអស់គួរតែនាំគ្នាយកពេលវេលាខំសិក្សារៀនសូត្រ ពីក្រមសីលធម៌ និងច្បាប់ប្រទេសជាតិឱ្យបានច្រើន ដើម្បីចៀសវាងការប្រព្រឹត្តបទល្មើសណាមួយ ដោយមិនដឹងខ្លួន។ ជាក់ស្ដែង ត្រូវស្វែងយល់ពីរបៀបលេងទាក់ទងការប្រើប្រាស់បណ្ដាញសង្គម TikTok ប្រកបដោយក្រមសីលធម៌ ដើម្បីកែលម្អសីលធម៌សង្គម និងអប់រំណែនាំមិត្តភក្ដិដទៃទៀត៕