
ក្មេងស្រីម្នាក់កំពុងមើលទូរស័ព្ទ។ រូបថត សហការី
ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានអំពាវនាវដល់អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យដែលជាបុគ្គលសំខាន់ត្រូវចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីលើការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតលើកុមារ និងយុវជនដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ។
យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា បញ្ជាក់ថា ក្រៅពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល អាណាព្យាបាលត្រូវអនុវត្តនូវវិធីសាស្ត្រដូចជាធ្វើការអប់រំបុត្រធីតាខ្លួនអំពីអំពើយាយី និងផលប៉ះពាល់ពីការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតលើកទឹកចិត្តបុត្រធីតាក្នុងការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា អាណាព្យាបាលពេលជួប ឬបានឃើញនូវអំពើយាយីមកលើខ្លួន ឬមិត្តរួមថ្នាក់ ណែនាំបុត្រធីតាឱ្យចេះលើកទឹកចិត្តមិត្តរួមថ្នាក់ ដែលរងគ្រោះដោយអំពើយាយី និងធ្វើការសង្កេត ស្វែងយល់ និងលើកទឹកចិត្តបុត្រធីតារបស់ខ្លួន និងធ្វើការរាយការណ៍ជូនគណៈគ្រប់គ្រងសាលានៅពេលរកឃើញអំពើយាយីផ្សេងៗ។
នាយកដ្ឋានព័ត៌មានវិទ្យាបន្ថែមថា សម្រាប់គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យក្នុងនាមជាមជ្ឈមណ្ឌលផ្តល់ការអប់រំក្នុងដំណើរការការពារ និងទប់ស្កាត់អំពើយាយីដោយអនុវត្តនូវវិធីសាស្ត្រដូចជាត្រូវបង្កើតនូវបទប្បញ្ញត្តិ បទបញ្ជាផ្ទៃក្នុងស្តីពីអំពើយាយី ធ្វើការបញ្ជ្រាបចំណេះដឹងដល់កុមារ និងយុវជនដោយបង្ហាញអំពីទោសទណ្ឌ និងផលប៉ះពាល់នៃអំពើយាយីធ្វើការអង្កេត និងស្រាវជ្រាវ នៅពេលជួបនូវករណីយាយីផ្សេងៗ និងសហការផ្តល់ដំណឹងដល់អាណាព្យាបាលនៅពេលដែលបុត្រធីតារបស់ពួកគាត់ជួបនូវបញ្ហានៃអំពើយាយី ឬជាអ្នកប្រព្រឹត្តអំពើយាយីផ្សេងៗ។
បើតាមការពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យាអំពើយាយី (Bully) បានកើតមានស្ទើរគ្រប់ទីកន្លែងតួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗដែលប្រព្រឹត្តដោយបុគ្គល ឬក្រុមមនុស្ស គោលដៅដាក់សម្ពាធផ្លូវចិត្តដល់ជនរងគ្រោះ។ ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា អំពើយាយីបានពង្រីកវិសាលភាពដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតជាមធ្យោបាយផ្តោតលើជនរងគ្រោះ។
លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងដែរថា ចំពោះករណីយាយីលើកុមារនិងយុវជន ទាំងកម្ពុជា និងពិភពលោកកំពុងតែព្រួយបារម្ភ និងលើកយកបញ្ហាការរំលោភបំពានគ្រប់រូបភាពដោយកុមារ និងយុវជនដែលប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតនេះ។
លោកស្រីបន្តថា នៅក្នុងបរិបទកម្ពុជាបច្ចុប្បន្នកំពុងតែជួបបញ្ហាជំងឺកូវីដ ១៩ ហើយបញ្ហានេះបានជំរុញឱ្យកុមារ និងយុវជនកម្ពុជាបានទាញយកពីផលនេះ តាមរយៈការសិក្សា និងទាញយកព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិត។
លោកស្រីបានទទួលស្គាល់ថា ចំពោះបញ្ហានេះ វាជះទាំងផលវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមកម្ពុជា ហើយលោកស្រីតែងណែនាំធ្វើយ៉ាងណាឱ្យកុមារ និងយុវជនកម្ពុជាចេះប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតនេះ ដោយរាយការណ៍ពីបញ្ហាប្រឈម។
លោកស្រីបន្តថា៖ «ទាំងកុមារ និងយុវជន បាត់បង់ការសិក្សាប្រព្រឹត្តអនាចារផ្តាច់ខ្លួននៅម្នាក់ឯងឆ្ងាយពីឪពុកម្តាយ ជារួមមានបញ្ហាច្រើន ហើយស្ថាប័នពាក់ព័ន្ធកំពុងតែធ្វើកិច្ចការនេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភតាមរយៈការកំណត់ជាយុទ្ធសាស្ត្រស្តីពីការរំលោភបំពាននេះដោយបានធ្វើការពិគ្រោះយោបល់ជាមួយយុវជន និងកុមារផងដែរ ដើម្បីឱ្យពួកគាត់ជួយ ព្រោះកិច្ចការនេះត្រូវចូលរួមទាំងអស់គ្នា»។
របាយការណ៍របស់អង្គការមូលនិធិសម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) កាលពីឆ្នាំ ២០១៩ បានបង្ហាញថា យុវជនកម្ពុជាដែលមានអាយុចន្លោះពី ១៥ ឆ្នាំ ដល់ ២៥ ឆ្នាំប្រមាណ ៨៥,៧% កំពុងជួបបញ្ហានៃការយាយីដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតក្នុងពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានប្រមាណ ៩,៧ លាននាក់ (៦០% នៃចំនួនប្រជាជនសរុប)៕