The Phnom Penh Post Search

Search form

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ជំហរ​កូរ៉េ​ទាំង​ពីរ និង​រិះគន់​អ្នក​រារាំង​ការ​ស្រុះ​ស្រួល

Content image - Phnom Penh Post
លោក នាយករដ្ឋមន្ត្រីនៅក្នុងពិធីចែកសញ្ញាបត្រកាលពីព្រឹកមិញ។ រូបថតៈ ហ្វេសប៊ុក

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ជំហរ​កូរ៉េ​ទាំង​ពីរ និង​រិះគន់​អ្នក​រារាំង​ការ​ស្រុះ​ស្រួល

ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ ១៣ កុម្ភៈ ​នេះ​ បាន​បញ្ជាក់​ពី​ជំហរ​ផ្លូវការ​របស់​កម្ពុជា ​ដោយ​សម្ដែង «ការ​អប​អរ​សាទរ» និង «លើក​ទឹក​ចិត្ត» ដល់​កិច្ច​ខិត​ខំ​​ស្វែង​រក «ការ​សម្រុះ​សម្រួល​ថ្មី» រវាង​កូរ៉េខាង​ត្បូង និង​កូ​រ៉​ខាង​ជើងជាមួយនឹងកា​របង្ហាញ​ពី​ការ «ធុញ​ទ្រាន់និង​ទើសទាល់​នឹង​ឥរិយា​បថ​» របស់​មហា​អំណាច​ខ្លះដែល «សម្ដែង​ការ​មិន​សប្បាយ​ចិត្ត» ​ចំពោះ​សញ្ញា​នៃ​ការ​ស្រុះ​ស្រួល​គ្នា​នេះ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សាក​លវិទ្យា​ល័យ​ វេ​ស្ទើ​ន ​ប្រមាណ​ជាង​ ៤០០០ នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ក្នុង​រាជ​ធានី​ភ្នំពេញ លោក​ហ៊ុន សែន​ បានលើ​កឡើងពី​វិ​ប​ត្តិនៅឧបទ្វីប​កូរ៉េ ដែល​ជា​រឿយៗបាន​កើន​កម្ដៅ​ដោយ​សា​រ​កា​រសាក​ល្បង​អាវុធ​នុយ​ក្លែ​អ៊ែរបស់​កូរ៉េខាង​ជើង​ដឹកនាំ​ដោយ​លោក​ គីម ជុង​អ៊ុន និង​ការធ្វើ​សម​យុទ្ធ​រួមគ្នា​រវាង​កូ​រ៉េខាង​ត្បូងនិងអា​មេរិក។

លោក​មានប្រសាសន៍​ថា៖ «…ក្នុង​នាម​រាជរដ្ឋា​ភិបាល​កម្ពុជា​សូម​សម្ដែង​នូវ​ការ​អប​អរ​សាទរ​ជា​មួយ​នឹង​ទំនាក់​ទំ​នង​ដែល​ត្រូវ​បាន​កែលម្អ ទោះបី​បាន​រយៈ​ពេល​ខ្លី​ក៏​ដោយ​ប្រសើ​រ​ជាង​​ភាព​តាន​តឹង។ នេះ​ជា​គោល​ជំហរ​ផ្លូវការ​​របស់​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ចំពោះ​សភាព​ការណ៍​ថ្មីៗនៅ​ឧប​ទ្វីប​កូ​រ៉។ យើង​អបអរ​សាទរ​ជា​មួយ​នឹង​ទំនា​ក់ទំន​ងថ្មីៗ ការ​ស្វះ​ស្វែងរក​ការសម្រុះ​សម្រួល​ថ្មីៗរវាង​កូរ៉េខាង​ត្បូង និង​កូ​រ៉​ខាង​ជើង»​។

ជា​មួយ​នេះ​ដែរ​​លោក​ក៏បាន​​សម្ដែងការ​ទាស់ចិត្តជា​មួយ​​«ប្រទេស​មហា​អំ​ណាច»ដែលលោកមិនបញ្ចេញឈ្មោះ តែ​ទំនង​សំដៅ​សហ​រដ្ឋអា​មេរិក​ជា​សម្ព័ន្ធ​ម​មិ​ត្ត​កូ​រ៉េខាង​ត្បូង​ថា​ បែ​រជា​សម្ដែង​កា​រមិន​សប្បាយ​ចិត្ត​និង​រក​វិធី​ដាក់​​គំនាប​កូ​រ៉​ខាង​ជើង​ទៅ​វិញ។

លោក​នាយក​រដ្ឋ​មន្ដ្រី​បញ្ជាក់​​ថា៖ «ខ្ញុំ​ពិតជា​មាន​ការ​ធុញ​ទ្រាន់ឮ និង​ទើស​ទាល់​នឹង​ឥរិយាបថ​ប្រទេស​ខ្លះដែល​ឃើញ​កូ​រ៉េខាង​ត្បួ​ង និង​ កូរ៉េ​ខាង​ជើង ​ត្រូវ​រ៉ូវ​គ្នា បែរ​ជា​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ហើយ​រក​វិធី​ដាក់​គំនាប​បន្ថែម​នោះ គួរ​ណាស់​ពេល​ហ្នឹង ​ឲ្យ​តែ​សភា​ពការណ៍​អ្នក​ទាំង​ពីរ​គេ​ត្រូវ​គ្នា​ទៅ យើង​ជួយ​អរ​ទៅ​វា​ម៉េច?​»។

សញ្ញា​​នៃ​ការស​​ម្រុះស​ម្រួល​រវាងកូរ៉េ​ទាំង ២ ​ត្រូវបាន​បង្ហាញ​បន្ទាប់ពី​របប​ក្រុង ​ព្យុង​យ៉ាង​ បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​នៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំ​ពិក​រ​ដូវ​រងាក្នុង​ទឹកដី​ កូរ៉េខាង​ត្បូង ដោយ​ លោក​ គីម ជុង​អ៊ុន ​តាម​រយៈ​ប្អូន​ស្រី​​បង្កើត​របស់​ខ្លួន​គឺ លោ​កស្រី​​ គីម យូចុង ក៏បាន​ប្រគល់​លិខិត​អ​ញ្ជើ​ញ​ប្រធា​នាធិ​បតី​កូ​រ៉​ខាង​ត្បូង​លោក​ មូន ជេ​អ៊ីន ​ទៅ​ធ្វើ​ទស្ស​កិច្ច​នៅ​កូ​រ៉​ខាង​ជើង​ផង​ដែរ។

លោក​ហ៊ុន សែ​ន បន្ថែម​ថា៖«ស​ង្ឃឹម​ថា ​ប្រទេស​នានា ​នឹង​បន្ត​ការ​លើក​ទឹក​ចិត្តឲ្យ​កូរ៉េ​ទាំង​ពីរ ​អនុវ​ត្តក្នុង​ដំណើរ​ឆ្លោះ​ទៅ​រក​ការ​ស្រុះ​ស្រួល ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង ​ហើយ​ប្រសិន​បើ ​ប្រធានា​ធិបតី​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​ធ្វើ​ទស្ស​កិច្ច​នៅ​កូរ៉េខាង​ជើង​ទៀត អាច​ចាត់​ទុកថា​ ជា​ដំណាក់​កាល​ទី ៣ នៃ​ប្រ​ធានា​ធិ​បតី ​កូរ៉េខាង​ត្បូង ​ទស្ស​កិច្ច​នៅ​កូ​រ៉​ខាង​ជើង។​ ទស្សនកិច្ច​លើក​ទី ១ ដោយ​អតីត​ប្រធា​នាធិ​បតី​ គីម​ ដេ​ជុង នៅ​ឆ្នាំ ២០០០ ​ទស្សន​កិច្ច​ទី ២ គឺ​ដោយ​​អតីត​ប្រធា​នាធិ​បតី រូ ម៉ូយុន (Roh Moo-hyun) ដូចជា នៅ​ឆ្នាំ​ ២០០៥ ហើយ​ប្រសិនបើ​លោក មូន ជេអ៊ីន​ ទៅ​ទស្ស​កិច្ច​លើក​នេះ​ទៀត​នឹង​ក្លាយជា​ប្រធា​នាធិ​បតី​ទី​៣​ដែលទស្ស​កិច្ច​នៅ​កូ​រ៉​ខាង​ជើង»​៕

អត្ថបទគួរចាប់អារម្មណ៍