ភ្នំពេញ៖ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ទៅ​វិញ​ទៅ​មក​ចំពោះ​ទំនាក់ទំនង​ជា​ប្រពៃណី និង​ជា​អ្នក​ជិត​ខាង​ល្អ ខណៈ​ភាគី​ទាំង ២ បាន​ឯកភាព​ជំរុញ​ឲ្យ​បញ្ចប់​បាន​ឆាប់​នូវ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាព​ជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ដូចជា​វិស័យ​នយោបាយ សន្តិសុខ ពាណិជ្ជកម្ម​វិនិយោគ​អប់រំ និង​វប្បធម៌។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​ស្រង់​ខ្លឹមសារ​នៃ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ថ្នាក់​ដឹកនាំ​ទាំង ២ មាន​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើន​ឡើង​ពី​ត្រឹម ១០ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៩ រហូត​ដល់ ១០៤ លាន​ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ ២០២០។ ជាមួយ​គ្នា​នេះ ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ទាំង ២ ថ្នាក់​ដឹកនាំ​ទាំង ​២ បាន​ឯកភាព​ពន្លឿន​ការ​ចរចា​លើ “កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ចៀស​វាង​ការ​យក​ពន្ធ​ត្រួត​គ្នា”។

ចំពោះ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡាវ​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​ជោគជ័យ។

នាយក​រដ្ឋមន្ត្រី​ទាំង ២ បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​កិច្ច​សហការ​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដី ១៩ និង​ដោះ​ស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​នេះ។

ក្រៅ​ពី​សហប្រតិបត្តិការ​ទ្វេ​ភាគី ថ្នាក់​ដឹកនាំ​ទាំង ២ ក៏​បាន​ផ្លាស់ប្តូរ​គំនិត និង​ប្តេជ្ញា​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​នានា។

ជាមួយ​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល ASEM លើកទី១៣ នៅ​ចុង​ឆ្នាំ ២០២១ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២២ ៕