ភ្នំពេញ: លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​ចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ីអឺរ៉ុប និង​កិច្ចប្រជុំ​ផ្សេង​ទៀត​នៅ​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​ជា​ទី​ដែល​លោក​ត្រូវ​ប្រឈម​នឹង​បាតុកម្ម​ជាថ្មី​ពី​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង ប៉ុន្តែ​លោក​ថា​ «​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ​ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​» ជា​អ្វី​ដែល​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា ជា​សញ្ញា​នៃ​ភាព​ «​ប្រេះឆា​» ​នយោបាយ​ខ្មែរ​កាន់តែ​ខ្លាំង​។

លោក ហ៊ុន សែន បាន​ចាកចេញ​ពី​ភ្នំពេញ​កាលពី​យប់​ម៉ោង​ ១២ និង​ ២០ ​នាទី​ឈាន​​ចូល​ថ្ងៃទី​ ១៧ ខែ​តុលា​ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប លើក​ទី ​១២ ដែល​នឹង​ធ្វើ​ឡើង​ថ្ងៃទី​ ១៨ និង​ ១៩ ខែ​តុលា​ក្រោម​ប្រធានបទ​៖ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ​ដើម្បី​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៅ​ក្នុង​ឱកាស​នោះ លោក​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​បទ​អន្តរាគមន៍​ផង​ដែរ​ដោយ​ផ្តោត​លើ​ប្រធានបទ​«​របៀបវារៈ​ឆ្នាំ​ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​»​។

ក្នុង​អំឡុង​ស្នាក់នៅ​ប្រទេស​​បែលហ្ស៊ិក​លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ​​ឡែក​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev, នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban, នាយករដ្ឋមន្ត្រី​ន័រវែស​លោកស្រី Erna Solberg និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឆែក​លោក Andrej Babis ជាដើម​។

មុន​ពេល​ចេញ​ដំណើរ​លោក​ ​ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​បន្ទាប់ពី​កិច្ចប្រជុំ​អាស៊ីអឺរ៉ុប លោក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២២ ​តុលា​ហើយ​នៅ​​ថ្ងៃទី​ ២២ ​តុលា​ខាង​មុខ​លោក​នឹង​ចេញ​ពី​ប្រទេស​តួកគី​មក​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម មុន​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ២៤ ខែ​តុលា​។

លោក​ថ្លែង​ថា​៖ «​ក្រឡេក​មើល​កម្មវិធី​ការងារ​នៅ​ក្រៅ​ប្រទេស​លើក​នេះ​ពិតជា​មមាញឹក​ស្ទើរ តែ​រក​ពេល​បាយ​មិនឃើញ ប្រជុំ​ផង​ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​»​។

លើស​ពី​នេះ​ទៀត​លោក​ថា​ការងារ​មួយ​ដែល​លោក​មិន​អាច​បោះបង់ចោល​បាន​គឺ​ជួប​បងប្អូន និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​រៀនសូត្រ​នៅ​អឺរ៉ុប ដែល​លោក​ថា​កំពុង​រង់ចាំ​លោក​នៅ​ទី​នោះ​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ការងារ​យោធា កូនទាហាន​ដើរ​មុខ មេទាហាន​ដើរ​ក្រោយ ឯ​ការងារ​នយោបាយ​វិញ​គឺ​មេដឹកនាំ​ដើរ​មុខ អ្នក​ជំនួយការ​ដើរ​ក្រោយ​វិញ ហើយ​នេះ​ប៉ះ​លើ​រូប​ខ្ញុំ​តែ​ម្តង​គឺ​ដើរ​មុខ​ជានិច្ច​។ ​នេះ​ជា​ព្រហ្មលិខិត​ដែល​តម្រូវ​ឱ្យ​ខ្ញុំ​ធ្វើ​ក្នុង​ជាតិ​នេះ​មែន​ទេ​? ​តែ​បើ​ទោះ​ជា​ដោយ​មូលហេតុ​ណា​ក៏ដោយ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដើម្បី​សេចក្តីសុខ និង​ការរីកចម្រើន​របស់​ជាតិ​យើង​»​។

ទោះបី​ជា​យ៉ាង​ណា​តាម​ការគ្រោងទុក​អ្នក​គាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ពួកគេ​នឹង​ទៅ​ប្រមូលផ្តុំ​តវ៉ា​ដើម្បី​ប្រឆាំង​នឹង​វត្តមាន​គណៈប្រតិភូ​របស់​លោក ហ៊ុន សែន ​ដូច​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក និង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ខិត្តប័ណ្ណ​របស់​អតីត​​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក ហ៊ុន សែន មាន​សេចក្ដី​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្រៅ​ប្រទេស​ដែល​មាន​អម​ដោយ​អ្នកគាំទ្រ ប៉ុន្តែ​លោក​ថា ដំណើរ​ទស្សនកិច្ច​លើក​នេះ​ទិដ្ឋភាព​នឹង​ដូច​ទៅ​នឹង​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។

លោក​ថ្លែង​ថា​៖ «​វា​មិនមែន​ជា​រឿង​មានមុខ​មាន​មាត់​សម្រាប់​ប្រទេស​កម្ពុជា​ទេ វា​បាន​បង្ហាញ​ទៅ​ពិភពលោក​ថា យើង​មាន​វិបត្តិ​ផ្ទៃក្នុង​មាន​ន័យ​ថា ប្រទេស​កម្ពុជា​មាន​ភាព​ប្រេះឆា​...​ខ្ញុំ​ឃើញ​ថា​វា​មិន​ដែល​មាន​នៅ​ក្នុង​ពិភពលោក​អ្នក​ដែល​គាំទ្រ​ចេញ​ទៅ​ធ្វើ​បាតុកម្ម​គាំទ្រ វា​ចម្លែក​សម្រាប់​ប្រទេស​យើង​»៕