ភ្នំពេញ៖ ក្នុង​ថ្ងៃ​រំឭក​ខួប ​២៧ ​ឆ្នាំ ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ចាត់​ទុក​​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែលផ្តើម​ចេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១​ ស្តីពី​ដំណោះស្រាយ​រួម ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​កម្ពុជា ​ហើយ​បាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ដោយ​មានការ​ឯកភាព​ផ្ទៃ​ក្នុង​ និង​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ។

សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ ​លោក ​ហ៊ុន សែន ​ថ្លែង​ថា​ នៅ​ថ្ងៃទី ​២៤​ ខែ កញ្ញា ​ឆ្នាំ ​២០២០ ​នេះ ​គឺ​ជា​ខួប​ទី ​២៧ ​ឆ្នាំ​ ដែល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​លោក​បន្ត​ថា​៖ «ផ្តើម​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ដំណោះ​ស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៣​ ខែ ​តុលា ​ឆ្នាំ ​១៩៩១​ គឺ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ ដោយ​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​ ការ​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​ដោយ​កម្ពុជា​បាន​ឯកភាព​គ្នា​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ​ឆ្នាំ ​១៩៩៣ ​ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ អ៊ុនតាក់ ​(UNTAC)។ បន្ទាប់​មក​រដ្ឋ​ធម្មនុញ្ញ​ជាតិ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ឆ្នាំ ​១៩៩៣»។

លោក​នាយក​រដ្ឋមន្រ្ដី​រំឭក​ថា ​នៅ​​ថ្ងៃទី ២៤​ ខែ ​កញ្ញា ​ឆ្នាំ ​១៩៩៣ ​នៅ​ក្នុង​មហា​ប្រាសាទទេវា​វិនិច្ឆ័យ​នៅ​ក្នុង​ព្រះបរមរាជ​វាំង​ ព្រះ​ករុណា​​ ព្រះ​បាទ​សម្តេច​ព្រះនរោត្តម ​សីហនុ ​អតីត​មហា​វីរក្សត្រ ​ព្រះ​បរម​រតនកោដ្ឋ ​ព្រះអង្គ​បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវ​ការ​។

ដោយ​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​នាយក​រដ្ឋមន្រ្ដី​សង្កត់​ធ្ងន់​ថា​ ច្បាប់ ​និង​សេចក្តី​សម្រេច​ទាំង​ឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ត្រូវ​ស្រប​​ទៅ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​ជា​ដាច់​ខាត។ ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ដូច​ជា​ កម្ពុជា​ត្រូវ​គោរព​ដាច់​ខាត​នូវ​របប​រាជា​និយម​ ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ក៏​បាន​ចែង​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ដាច់​ដោយ​ឡែក​ពី​គ្នា ​គឺ​អំណាច​នីតិប្បញ្ញត្តិ ​នីតិប្រតិបត្តិ​ និង​តុលាការ​ ហើយ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ និង​គោល​ការណ៍​នីតិរដ្ឋ​ជា​ដើម។

ប្រធាន​រដ្ឋសភា​ លោក ​ហេង ​សំរិន ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ខួប​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ​ផង​ដែរ​ ដោយ​ចាត់​ទុក​រដ្ឋ​ធម្មនុញ្ញ​ជា​ដំបូល​នីតិ​រដ្ឋ។ ​រដ្ឋ​ធម្មនុញ្ញ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ​ ក្រប​ខ័ណ្ឌ​ច្បាប់ ​និង​ក្រប​ខ័ណ្ឌ​ស្ថាប័ន​ នៅ​លើ​ខឿន​ប្រជាធិបតេយ្យ ​សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ។ ​ច្បាប់​កំពូល​នេះ ​បាន​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ ​មាន​សុខ​សន្តិភាព​ពេញលេញ​ជា​រដ្ឋ​មាន​ស្ថិរភាព​ វិបុលភាព​ និង​វឌ្ឍនភាព។

លោក​បន្ថែម​ថា​៖ «ក្នុង​ន័យ​នេះ ​ចូរ​យើង​រួម​គ្នា​បន្ត​គោរព​ ការពារ ​និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ សំដៅ​កសាង​ និង​លើក​កម្ពស់​នីតិរដ្ឋ​ ជា​កោះ​សន្តិភាព​ មាន​ការ​អភិ​វឌ្ឍ​ និង​រុង​រឿង​រហូត​តទៅ»។

លោក ​ហេង សំរិន បាន​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​រយៈពេល ​២៧ ឆ្នាំ​កន្លង​​មក​នេះ ​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​។ រដ្ឋសភា​បាន​តាក់តែង​ និង​អនុម័ត​ច្បាប់​ សរុប​បាន​ចំនួន ​៥៧៥ ច្បាប់​ សំដៅ​ឆ្លើយ​​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម​ជាតិ​ ទាំង​ក្នុង​ផ្នែក​នយោបាយ​ សង្គមកិច្ច​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និង​ទំនាក់​ទំនង​អន្តរជាតិ​។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​ក្នុង​ថ្ងៃ​កម្ពុជា​ប្រារព្ធ​ខួប​រដ្ឋ​ធម្មនុញ្ញ​នេះ​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា​៖ «អង្គការ​សហប្រជាជាតិ​លើក​ទឹក​ចិត្ដ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ប្រកាន់​ខ្ជាប់​ និង​គោរព​សិទ្ធិ​មនុស្ស​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ (UDHR) ​សន្ធិសញ្ញា​អន្តរជាតិ​នានា​ ក៏​ដូចជា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ និង​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន»។

អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌ ​លោក ​ជិន ម៉ាលីន ​លើក​ឡើង​ ៣ ​ចំណុច ​អំពី​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ក្នុង​រយៈពេល ​២៧ ឆ្នាំ​កន្លង​​មក​នេះ ​ដោយ​បាន​ផ្អែក​លើ​គុណ​តម្លៃ​ទំនើប​ និង​គុណ​តម្លៃ​ខ្មែរ​។

លោក​ថ្លែង​ថា​ ចំណុច​ទី១ ​ក្នុង​រយៈពេល ​២៧ ឆ្នាំ​នេះ​កម្ពុជា​បាន​អនុវត្ត​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​រាល់​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​​បែប​ទំនើប​ដែល​មាន​បញ្ញត្តិ​​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ រួម​មាន​គោលការណ៍​សិទ្ធិ​ និង​សេរីភាព។​

គោលការណ៍​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ គោលការណ៍​បែង​ចែក​អំណាច​ និង​គោលការណ៍​នីតិរដ្ឋ។ល។

ចំណុច​ទី២ គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​បែប​ទំនើប​ដែល​មាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទាំង​អស់​នេះ​ត្រូវ​បាន​អនុវត្ត​​ ប្រកប​ដោយ​ភាព​បត់​បែន។ ផ្អែក​លើ​បរិបទ និង​គុណ​តម្លៃ​របស់​ខ្មែរ​​ទាំង​ស្រុង​ ដែល​រួមមាន​វប្បធម៌ ​ប្រពៃណី ​ប្រវត្តិសាស្រ្ត​ សង្គម ​និង​ផ្នត់​គំនិត​ខ្មែរ ​ដើម្បី​ធានា​បាន​នូវ​សុខដុមកម្ម​ និង​ប្រយោជន៍​ជាតិ​សាសន៍​ខ្មែរ​ទាំង​មូល។ ​

ចំណុច​ទី៣ ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម តែ​មិន​មាន​ស្តង់ដា​រួម​ ដែល​តម្រូវ​ឱ្យ​ប្រទេស​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ដូច​គ្នា​នោះ​ទេ។ ​ពោល​គឺ ​ការ​អនុវត្ត​​ ត្រូវ​មាន​ភាព​បត់បែន​ និង​ប្រែប្រួល​ទៅ​តាម​បរិបទ ​និង​គុណតម្លៃ​នៃ​ប្រទេស​ និង​តំបន់​នីមួយៗ​ ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជា​ធំ។​

លោក​ថ្លែង​ថា​៖ «ដូច្នេះ​ការ​វាយ​តម្លៃ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​មួយ​ ដែល​ប្រកប​ដោយ​ភាព​សុក្រឹត យុត្តិធម៌ ​ត្រឹមត្រូវ​ និង​គ្រប់​ជ្រុងជ្រោយ​មិន​លម្អៀង​នោះ ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោល​ការណ៍​រួម​ផង​ ព្រម​ទាំង​បរិបទ​ និង​គុណតម្លៃ​នៃ​ប្រទេស​ និង​តំបន់​នោះ​ផង​ដែរ»។

លោក ​អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្រ្ដ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់ ភ្នំពេញ ​ប៉ុស្ដិ៍ ​ពី​ម្សិលមិញ​​ថា ​តាំង​ពី​ឆ្នាំ ​១៩៩៣ ​មក រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​​ជា​បន្ត​បន្ទាប់ ដើម្បី​ជា​ការ​សម្របសម្រួល​នយោបាយ​។ ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​សម្រប​សម្រួល​ ​បម្រើ​ដល់​ផលប្រយោជន៍​នយោបាយ​នេះ ​គឺ​មិន​សូវ​បាន​បម្រើ​ដល់​ផលប្រយោជន៍​ប្រជារាស្រ្ដ​ប៉ុន្មាន​ទេ។

លោក​ថ្លែង​ថា​៖ «ដូច​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ ​នៅ​ពេល​ណា​មាន​ការ​ជាប់​គាំង​នយោបាយ​ គឺ​គេ​ [គណបក្ស​នយោបាយ]​ តែងតែ​ធ្វើ​ការ​កែ​រដ្ឋ​ធម្មនុញ្ញ។ ខ្ញុំ​មើល​ឃើញ​ថា​ ចំណុច​មួយ​ចំនួន​ធំ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង​បាន​អនុវត្ដ​ហើយ។

ប៉ុន្ដែ​នៅ​មាន​ចំណុច​ច្រើន​ទៀត​ណាស់ ​ដែល​យើង​មិន​បាន​អនុវត្ដ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ ​ទាំង​រឿង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ និង​នៅ​តែ​មាន​អំពើ​អយុត្ដិធម៌​សង្គម​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា​។ ក្នុង​នោះ​សិទ្ធិ​សេរីភាព​ដែល​ត្រូវ​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​​ក៏​មិន​ទាន់​ទទួល​បាន​ពេញ​លេញ​នៅ​ឡើយ»។

អតីត​តំណាងរាស្ត្រ​រូប​នេះ ក៏​បាន​លើក​ទឹក​ចិត្ដ​រដ្ឋាភិបាល​បច្ចុប្បន្ន ​ឬ​ក៏​អនាគត ​អាច​មាន​គណបក្ស​ណា​មួយ​ដឹកនាំ​រដ្ឋាភិបាល​ គឺ​គួរ​តែ​ពិនិត្យ​មើល​ថា​ តើ​អ្វី​ដែល​កម្ពុជា​គួរ​តែ​អនុវត្ដ​បាន ​និង​អ្វី​ដែល​មិន​អាច​អនុវត្ត​បាន​ចំពោះ​រដ្ឋធម្មនុញ្ញ​នេះ។ លោក​បន្ថែមថា ​ប្រសិន​បើ​ចង់​កែ​រដ្ឋធម្មនុញ្ញ គួរ​តែ​មាន​ការ​ធ្វើ​ប្រជាមតិ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​ មិន​ត្រូវ​ធ្វើ​ឡើង​តែ​រវាង​គណបក្ស​នយោបាយ ​ដើម្បី​តែ​ផ្ដល់​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​នោះ​ទេ។

ប៉ុន្តែ​លោក ​ប៉ា ​ចន្ទរឿន ​ប្រធាន​​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​មើល​ឃើញ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ស្ថានភាព​ដំណើរការ​ប្រជាធិបតេយ្យ​ និង​នយោបាយ ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​របស់​កម្ពុជា​ហាក់​បី​ដូចជា​ដាំ​ក្បាល​ចុះ។​ ស្ថានការណ៍​នេះ​ ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​បំពាន ​ភាព​អយុត្ដិធម៌​ និង​ការ​លើក​ឡើង​ពី​ដៃគូ​អភិវឌ្ឍន៍​សហគមន៍​អន្តរជាតិ ​ដែល​បាន​ជួយ​កម្ពុជា​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​រហូត​មក។

លោក ​ចន្ទរឿន បាន​ថ្លែង​ថា​៖ ​«ដូច្នេះ​វា​ជា​ពេល​វេលា​មួយ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ គុណភាព ​ប្រសិទ្ធភាព​នៃ​ការ​គោរព និង​ដើរ​តាម​រដ្ឋធម្មនុញ្ញ។ បើ​សិន​ជា​មាន​ចំណុច​ខ្វះខាត ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នេះ​ត្រូវ​ទាមទារ​ឱ្យ​អ្នក​បង្កើត​ច្បាប់​ដែល​ជា​តំណាង​របស់​ខ្លួន អ្នក​អនុវត្ដ​ច្បាប់ ​និង​តុលាការ ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​ដើម្បី​ជា​ប្រយោជន៍​របស់​សង្គម​ជាតិ»។

លោក​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «២៧ ឆ្នាំ​ក្រោយ​ការ​ប្រកាស​ឱ្យ​ប្រើ​មក​ រដ្ឋធម្មនុញ្ញ​ឆ្នាំ ​១៩៩៣ សឹង​តែ​បាត់បង់​ន័យ​ដើម​របស់​វា​អស់។​ នៅ​ពេល​ដែល​សឹង​តែ​អត់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​នយោបាយ ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នោះ អត់​មាន​ការ​បែង​ចែក​អំណាច​ និង​អត់​មាន​តុលាការ​ឯករាជ្យ​ ដើម្បី​ការពារ​សិទ្ធិ​ទាំង​នោះ ​និង​នៅ​ពេល​ដែល​គ្រប់​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​ស្ថាប័ន​នីតិរដ្ឋ​សឹង​តែ​អត់​មាន​ដំណើរការ​បំពេញ​តួនាទី​រៀងៗ​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ»៕