ភ្នំពេញៈ នៅក្នុង​វេទិកា​ភាពងាយ​រងគ្រោះ​នៃ​អាកាសធាតុ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​បង្ហាញ​អំពី​ភាពងាយ​រងគ្រោះ​របស់​មនុស្ស​ទូទៅ​នៅក្នុង​ពិភពលោក​ដូចគ្នា​នឹង​ការរំខាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែរ​ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់ទុក​ការប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​សកល​ប្រទាក់ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព​។

លោក អង់តូនីញ៉ូ ហ្គុយតឺរេស ​(António Guterres) ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ទៅកាន់​អង្គ​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ​តាមរយៈ​វីដេអូ​កាលពី​ថ្ងៃទី​ ៧ ខែតុលា ​ថា វិបតិ្ត​ជំងឺ​កូវីដ​ ១៩ ​និង​ការរំខាន​នៃ​ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​មាន​ការខាតបង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅលើ​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច​។

លោក អង់តូនីញ៉ូ ហ្គុយតឺរេស ​បាន​បញ្ជាក់ថា​៖ «​វិបត្តិ​ទាំង​ ២ ​នេះ​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​សកម្មភាព​ពហុភាគី​ប្រកប​ដោយ​មហិច្ឆតា​។ នេះ​ជា​មូលហេតុ ដែល​ខ្ញុំ​ជំរុញ​ដល់​គ្រប់​បណ្ដា​រដ្ឋាភិបាល​ទាំងអស់​ចាត់វិធានការ​វិជ្ជមាន​ចំនួន ៦ ​ចំណុច ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​ទាំងអស់​គ្នា​»​។

វិធានការ​វិជ្ជមាន​ទាំង​ ៦ ​ចំណុច​នោះ​រួមមាន​ការវិនិយោគ​លើ​​ការងារ​បៃតង បញ្ឈប់​ការគាំទ្រ​ឧស្សាហកម្ម​ដែលមាន​ការបំពុល​ (​បរិស្ថាន​) ជាពិសេស ឧស្សាហកម្ម​ធ្យូងថ្ម បញ្ឈប់​ការឧបត្ថម្ភធន​ឥន្ធនៈ​ហ្វូស៊ីល ហើយ​ដាក់​តម្លៃ​លើ​កាបូន ត្រូវ​ធ្វើការ​ពិចារណា​លើ​ហានិភ័យ​អាកាសធាតុ​ក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ និង​គោលនយោបាយ​ទាំងអស់​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ហើយ​ចំណុច​សំខាន់បំផុត​នោះ​គឺ​មិនត្រូវ​ទុក​នរណាម្នាក់​ចោល​ឡើយ​។

ក្នុង​បរិបទ​នេះ លោក​អគ្គលេខា​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា​៖ «​ប្រទេស​ទាំងអស់​ត្រូវបាន​គំរាមកំហែង​ដោយ​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​ប្រទេស​ខ្លះ ងាយ​រងគ្រោះ​ជាង​ប្រទេស​ដទៃទៀត​។ ប្រទេស​ដែល​ងាយ​រងគ្រោះ ត្រូវការ​ការគាំទ្រ​។ ការគាំទ្រ​សម្រាប់​ការផ្ស៊ាំ និង​ភាពធន់​គឺ​ចាំបាច់​ដូចជា​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន ហើយ​គួរតែ​ត្រូវ​បានផ្តល់​មូលនិធិ​ស្មើគ្នា​ដោយ​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី និង​មូលនិធិ​អាកាសធាតុ​បៃតង​»​។

ជុំវិញ​ការជំរុញ​របស់​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គុយតឺរេស នូវ​ចំណុច​វិជ្ជមាន​ទាំង​ ៦ ​ខាង​លើ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​មន្ត្រី​របស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ក្នុង​វេទិកា​នេះ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​កាលពី​ព្រលប់​ថ្ងៃ​ពុធ​បាន​ថ្លែងថា ទោះបី​ជា​ធនធាន និង​សមត្ថភាព​កម្ពុជា​នៅ​មាន​កម្រិត​ក៏ដោយ តែ​កម្ពុជា​មាន​ការតាំងចិត្ត និង​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុង​ការរួម​ចំណែក​ដល់​កិច្ចប្រឹងប្រែង​សកល ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ផ្អែក​តាម​គោលការណ៍​គន្លឹះ​របស់​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​គោលការណ៍​ស្ដីពី​ការទទួល​ខុសត្រូវ​រួមគ្នា ប៉ុន្តែ​មាន​កាតព្វកិច្ច​ផ្សេងគ្នា​ផ្អែក​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​នៅក្នុង​កម្រិត​សកល ខ្ញុំ​យល់ឃើញ​ថា ការប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​ប្រទាក់ក្រឡា​គ្នា​ដែល​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព ទាំង​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​»​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន បាន​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ និង​ដាក់ជូន​នូវ​របាយការណ៍​រួមចំណែក​របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ប្រកប​ដោយ​មហិច្ឆតា​។ លើសពីនេះ​លោក​បាន​ជំរុញ​ឱ្យ​មាន​ការបង្កើន​ធនធាន​ហិរញ្ញវត្ថុ ជាពិសេស​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​ការផ្ស៊ាំ​ជា​ដុំកំភួន​ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​សន្យា​កន្លងមក និង​ផ្ទេរ​បច្ចេកវិទ្យា​ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ ប្រកបដោយ​ប្រសិទ្ធភាព​ទាំង​សម្រាប់​យន្តការ​គ្រប់គ្រង និង​ជំរុញ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​ឯកជន​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធ​ផល​ថាមពល ការការពារ​ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ការបណ្ដុំ​ជាដើម​។

លោក​ថ្លែង​បន្ត​ថា​៖ «​ជារួម​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​ការជំរុញ​ទៅមុខ និង​ការប្រកាន់ខ្ជាប់​ទៅនឹង​ក្របខ័ណ្ឌ​តំបន់​និយម និង​ពហុភាគី​និយម គឺជា​គោលការណ៍​ដ៏សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កំពុង​កើតមានឡើង​ក្នុង​គ្រប់​វិស័យ ជាពិសេស​បញ្ហា​ដែល​កើតចេញ​ពី​ការប្រែប្រួល​អាកាសធាតុ​» ។

ការលើកឡើង​របស់​លោក ហ៊ុន សែន និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ពី​អាកាសធាតុ​ទាំងអស់​នៅក្នុង​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ​តាមរយៈ​វីដេអូ​កាលពី​ថ្ងៃ​ពុធ​នោះ​ត្រូវ​បាន​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សាទរ​យ៉ាងខ្លាំង​នឹង​ចាត់ទុក​ថា ជា​មេដឹកនាំ​ឈានមុខ​លើ​មហិច្ឆតា​អាកាសធាតុ​៕