ព្រះសីហនុៈ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ថ្លែង​ថា​ការស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ដ​ព្រះសីហនុ​គឺជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​ខេត្ដ​នេះ​ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​សម្រាប់​ទាក់ទាញ​ទេសចរ​ និង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​បរទេស ខណៈ​ការស្ថាបនា​ផ្លូវ​នេះ​សម្រេច​ជិត​រួចរាល់​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ-ក្រុងព្រះសីហនុ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ការងារ​របស់​មន្ត្រីរាជការ​ក្នុង​ខេត្ត និង​ស្វែងយល់​ពី​ដំណើរការ​សាងសង់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្រោយ​ពេល​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្នុង​ខេត្ដ​/​ក្រុង​ព្រះសីហនុ​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ផែនការ​ក្នុងការ​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ខេត្ត​នេះ​ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​តាមរយៈ​ការអភិវឌ្ឍ​ខេត្ដ​នេះ​ជា​ទីក្រុង​ទំនើប​ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​​បរទេស ខេត្ដ​នេះ​ក៏​និង​បម្រើ​ដល់​ការរស់នៅ​ដ៏ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​»​។

ក្នុងពេល​ពិនិត្យ​សមិទ្ធផល​ផ្លូវថ្នល់​ដោយផ្ទាល់​នៅ​តំបន់​ឆ្នេរសមុទ្រ​រាម​លោក​ ហ៊ុន សែន បាន​ដើរ​ពិនិត្យ​ថ្នល់​បេតុង​ដែល​ទើបបាន​កសាង​រួច​ថ្មីៗ​នៅ​ជាប់​ដៃ​សមុទ្រ​រាម ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព​ជាប់​បានល្អ ដោយ​មាន​ប្រព័ន្ធ​បង្ហូរទឹក​ដែល​រៀបចំ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស និង​គម្រោង​សួន​លម្អ​ផ្លូវ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ តំបន់​ដែល​ដាក់​អក្សរ​ថា ខ្មែរ​ធ្វើបាន វា​មិនមែន​ត្រឹម​តែ​បច្ចេកទេស​ពុះ​ភ្នំ និង​ចិត​ភ្នំ ដើម្បី​នឹង​កសាង​ផ្លូវ​ចូលមក​ទេ តែ​មាន​ន័យ​ទៅ​ឆ្ងាយ​ពីនេះ​នៅ​ត្រង់​ថា ការគិត​ក៏​ខ្មែរ ការសាងសង់ ក៏​ខ្មែរ បច្ចេកទេស​គូរ​ប្លង់ និង​ការសាងសង់​ទាំងអស់​គឺ​បាតដៃ​កូនខ្មែរ ប្រាក់​ទាំងអស់​គឺ​ខ្មែរ​ចេញ​ទាំងអស់ គ្មាន​បរទេស​ចូលរួម​បន្តិច​។ ដូច្នេះ​យើង​អត់​ត្រូវ​រង់ចាំ​គេ​ទេ គ្រាន់​គូស​ប្លង់ យក​លុយ​ពី​យើង​រាប់​មិន​អស់​ទេ ហើយ​ទម្រាំ​តែ​សាងសង់​...​យើង​សង្កេតមើល​ទំហំ​នៃ​ការធ្វើ​របស់​យើង​វា​សម្បើម ពេក​កន្លែង​ខ្លះ​ចោះ​ថ្ម​រហូត​ទៅ​ដល់ ២ ​ម៉ែត្រ ៣ ​ម៉ែត្រ ១ ​ម៉ែត្រ​រួច​ទើប​ចាក់​បេតុង​ឡើង​។ គោលដៅ​ធំ​របស់​យើង​នៅទីនេះ គឺ​បង្កើត​ឲ្យ​ទៅ​ជា​ទីក្រុង​ពហុបំណង​»​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​ថា សមិទ្ធផល​ដំបូង​នៃ​ការស្ថាបនា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ​/​ក្រុងព្រះសីហនុ​ជា​ផ្លូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការធ្វើ​ឲ្យ​ខេត្ដ​នេះ​ក្លាយ​ជា​ប៉ូល​ពហុ​បំណង​ទី​ ៣ ​នៅ​កម្ពុជា​។ ជា​ទីក្រុង​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដ៏ស៊ីវិល័យ និង​អាច​ជា​ទីក្រុង​វៃឆ្លាត​ដំបូង​របស់​កម្ពុជា​ផងដែរ​។

លោក​បន្ថែមថា ផ្លូវថ្នល់​ទាំងអស់​នេះ​នឹង​ចាក់​កៅស៊ូ​ពីលើ​ថែម​ទៀត ហើយ​បន្ទាប់មក​នឹងមាន​រៀប​ជា​សួន​លម្អ​នៅ​តាម​ទ្រូងផ្លូវ និង​នៅតាម​ជាយ​សងខាង​ផ្លូវ​។ បើតាម​ទំហំ​ដ៏ធំ​ទូលាយ​នេះ​គឺ​អាច​ឲ្យ​រថយន្ត​បើកបរ​ម្ខាង​បាន​ ២ ​ដែល​មាន​សួនច្បារ​លម្អ​នៅ​ចំ​កណ្តាល​។ ផ្លួវ​ដែល​បាន​កសាង​នៅក្នុង​តំបន់​នេះ គឺមាន​កាត់​ពុះ​ច្រៀក​ភ្នំ​ដែល​មាន​កម្ពស់​ជាង​ ២០ ​ម៉ែត្រ​ធ្វើ​ទៅ​តាម​បច្ចេកទេស​ដែល​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ប្រមាណ ៣០០ ​លាន​ដុល្លារ​អាមេរិក ដើម្បី​កសាង​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ផ្លូវ​ប្រកប​ដោយ​ប្រណីតភាព​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

វីដេអូ៖

លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​បាន​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ដ្រី​ក្នុង​ការជួប​សំណេះសំណាល​នេះដែរ​ថា​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​ក្នុង​ខេត្ដ​/​ក្រុង​ព្រះសីហនុ ការស្ថាបនា​ផ្លូវ​ក្រុង​ដំណើរការ​ទៅ​បាន​ដោយ​រលូន​ទទួល​បាន​ការចូលរួម​សហការ​យ៉ាង​ល្អ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ មាន​ការយក​ចិត្ដ​ទុកដាក់​ខ្ពស់​ពី​ក្រុមហ៊ុន និង​អង្គភាព​ទទួល​ការស្ថាបនា​ផ្លូវ​ដោយ​គោរព​ទៅតាម​ប្លង់​សូរិយោ​ដី ប្លង់​ស្ថាបត្យកម្ម ប្លង់​គ្រឿង​ផ្គំ និង​បទដ្ឋាន​បច្ចេកទេស​ផ្លូវ​ដែល​សិក្សា ដោយ​ក្រុម​ការងារ​គណៈកម្មការ​ជាតិ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សោភណភាព​។

លោក​ថ្លែងថា​៖ «​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ថ្ងៃ​ ១៦ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​រហូត​មក​ដល់​បច្ចុប្បន្ន​ការងារ​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ សម្រេច​បាន​ប្រមាណ​ ៩៤ ​ភាគរយ ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត​កៅស៊ូ គំនូស​ចរាចរណ៍ ការដាំ​ដើមឈើ បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោល​ភ្លើង​បំភ្លឺ​ស្ដុប​ចរាចរណ៍ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ការងារ​រៀប​កម្រាល​ថ្ម​ក្រានីត​»​។

ជាមួយ​គ្នា​នេះ​ពី​ម្សិលមិញ​លោក​ ហ៊ុន សែន ថ្លែង​ជាថ្មី​ថា​មិន​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​ដូច​ការសង្ស័យ​របស់​បរទេស​ទេ ហើយ​លោក​ស្វាគមន៍​ដល់​ការធ្វើ​សមយុទ្ធ​យោធា​តាម​ការស្នើសុំ​។ លោក​លើកឡើង​បែបនេះ​បន្ទាប់ពី​មាន​មន្ត្រី​ទូត​បរទេស​ម្នាក់​ដែល​ទំនងជា​សំដៅ​ដល់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទៅ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ម្នាក់​ទៀតថា មាន​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​។

លោក​ថ្លែងថា បរទេស​អាច​មក​ចូលរួម​ធ្វើការ​រួមគ្នា​ដូចជា​ល្បាត​សមុទ្រ ប្រឆាំង​ភេរវកម្ម និង​ពួក​ជួញដូរ​មនុស្ស គ្រឿងញៀន និង​រត់ពន្ធ​ខុសច្បាប់​គឺ​សមយុទ្ធ​ជើងទឹក ចំណែក​ជើងគោក គឺ​ធ្វើ​សមយុទ្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ លោក​ថា លោក​ចង់​បាន​តែ​ ២ ​ទេ​គឺ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​សមយុទ្ធ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ហើយ​លោក​មិន​ចង់​ធ្វើ​សមយុទ្ធ​វាយកម្ទេច​សត្រូវ​នេះ​ឬ​សត្រូវ​នោះទេ​។

លោក​ថា​៖ «​យើង​គួរ​យល់​គ្នា​ហើយ តើ​ចិន​មាន​ផលប្រយោជន៍​អ្វី​ទៅ​ដែល​ចិន​ត្រូវយក​នាវា​ជើងទឹក​របស់ខ្លួន​យក​មក​ដាក់​នៅ​កំពង់សោម នៅពេល​ដែល​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ស្រាប់​នោះ នៅ​ស្រុក​ចិន​ហើយ​ហ្នឹង​។ តើ​ចិន​មាន​ត្រូវការ​យក​ទៅ​ដាក់​ក្នុងប្រទេស​ថៃ ឥឡូវ​ចោទ​ទៅ​ភូមា​ទៀត​ថា​កំពង់ផែ​ភូមា​នឹង​ក្លាយ​ជា​កំពង់ផែ​ដែល​ចិន​យក​កងទ័ព​ទៅ​ដាក់​ទៀតហើយ​»​។​លោក​ថា ការ​ចោទ​ប្រកាន់​កម្ពុជា​កាលពី​មុន​ថា មាន​មូលដ្ឋានទ័ព​ចិន​នៅ​តារា​សាគរ បន្ទាប់មក​នៅ​កំពង់សោម ហើយ​ពេលនេះ​ការចោទប្រកាន់​បាន​ធ្លាក់​ដល់​ព្រលានយន្តហោះ​កោះរ៉ុង​។

លោក​ថ្លែងថា​៖ «​ចុះ​ហេតុអ្វី​បាន​ជា​អស់លោក​ចូលចិត្ត​លាប​ពណ៌ ហើយ​ខ្ញុំ​យល់ថា បើសិន​អ្នកណា​ចូលចិត្ត​ធ្វើ​ចារកម្ម ហើយ​ផ្ដល់ព័ត៌មាន​ឲ្យ​អ្នកដឹកនាំ​ជឿ​បែប​នេះ អ្នកដឹកនាំ​នោះ​ក៏​គួរ​ត្រូវ​ពិនិត្យ​ម្ខាង​ពិនិត្យ​សមត្ថភាព​របស់​ចារកម្ម ឯ​ម្ខាង​ទៀត​ពិនិត្យ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការវិនិច្ឆ័យ​ព័ត៌មាន​ដែល​ចារកម្ម​ផ្ដល់​ឲ្យ​ត្រឹមត្រូវ​ឬ​អត់​»​។

ទោះបី​ជា​មិន​បញ្ចេញ​ឈ្មោះ តែ​លោក​បង្ហើប​ថា មន្ត្រី​ទូត​រូបនេះ​ធ្លាប់បាន​ស្នើសុំ​កម្ពុជា​ឲ្យ​កប៉ាល់​ចូល​ចត​កន្លងមក ដែល​នេះ​លោក​ទំនង​ជា​សំដៅ​ដល់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក Patrick Murphy ដែល​ធ្លាប់​ស្នើ​ឲ្យ​កប៉ាល់​ទេសចរណ៍ MS Westerdam ចូល​ចត​កាលពី​ខែកុម្ភៈ​។

លោក​ថា​៖ «​ឥឡូវ​បើ​មាន​ការលើក​សំណូមពរ​ស្អែក ទៀ បាញ់ ឆ្លើយ​អូខេ​ទៅ ព្រោះ​ខ្ញុំ​បាន​បើកចំហ​ហើយ បើ​គេ​លើក​សំណូមពរ​ធ្វើ​សមយុទ្ធ​ស្អែក​ឆ្លើយ​ថា Yes តែម្ដង​ទៅ ព្រោះ​នេះ​ចាត់ទុក​ថា​ជាគោលការណ៍​ហើយ​»៕