ភ្នំពេញ៖ ក្នុង​ទិវា​វិទ្យុ​ពិភព​លោក​លើក​ទី១០ ឆ្នាំ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ចាត់​ទុក​បេសកកម្ម​របស់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​វិទ្យុ​ផ្សាយ​សំឡេង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការ​ផ្សាយ​ព័ត៌មាន​ពិត ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។

លោក ​ហ៊ុន សែន ផ្តល់​ជា​យោបល់​ដល់​អ្នក​សារព័ត៌មាន​ជាតិ/អន្តរជាតិ​ទាំង​អស់ ដែល​កំពុង​បំពេញ​ការងារ​លើ​វិស័យ​ព័ត៌មាន​នៅ​ទូទាំង​សកល​លោក ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩។ លោក​ក៏​បាន​អំពាវនាវ​សាជាថ្មី​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​វិទ្យុ​ក៏​ដូចជា​អ្នក​សារព័ត៌មាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញ​ភារកិច្ច ចៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ​ឬ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់។

ទិវា​វិទ្យុ​ពិភព​លោក​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់់​ឆ្នាំ​នៅ​ថ្ងៃទី ១៣ ខែ កុម្ភៈ។ ឆ្នាំ ២០២១ ជា​ខួប​លើក​ទី១១០ នៃ​ការ​បង្កើត​វិទ្យុ​ផ្សាយ​សំឡេង​នៅ​លើ​សកល​លោក ហើយ​ក៏​ជា​ខួប​លើក​ទី៧៥ នៃ​ថ្ងៃ​កំណើត​វិទ្យុ​អង្គការ​សហប្រជាជាតិ​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៤៦។ ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​វិទ្យុ​ពិភព​លោក ធ្វើ​ឡើង​ក្រោម​ប្រធានបទ «នវានុវត្តន៍​នៃ​វិទ្យុផ្សាយ​សំឡេង​ស្រប​តាម​ការ​វិវត្ត​នៃ​ពិភព​លោក»។

តាមរយៈ​សារ​លិខិត​លោក ​ហ៊ុន សែន ថ្លែង​ថា៖ «ស្ថាប័ន​វិទ្យុ​ផ្សាយ​សំឡេង​ក៏​ដូចជា​ស្ថាប័ន​សារព័ត៌មាន​ទាំង​អស់​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្ក​ឡើង​ដោយ​ពួក​ឱកាស​និយម​ប៉ុនប៉ង​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម ដើម្បី​រំខាន​ដល់​ការ​រស់​ឡើងវិញ និង​សេចក្តី​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា»។

លោក​ថា បេសកកម្ម​របស់​អ្នក​សារព័ត៌មាន ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ការ​អភិវឌ្ឍ​ប្រទេសជាតិ ប្រកប​ដោយ​ចីរភាព។ ការពារ​សេចក្តី​សុខសាន្ត ​និង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​ការ​យាយី​នៃ​ជំងឺឆ្លង​កូវីដ ១៩ ដ៏​កាច​សាហាវ​នាពេល​បច្ចុប្បន្ន។

ជាមួយ​​គ្នា​នេះ​ អង្គការ​យូណេស្កូ​នៅ​កម្ពុជា​ក៏​បាន​ចូលរួម​អបអរ​ទិវា​វិទ្យុ​ពិភព​លោក​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃទី ១៣ កុម្ភៈ ក្រោម​ប្រធានបទ «ពិភព​លោក​ថ្មី​វិទ្យុ​ថ្មី»។

លោក ​លៀ ស៊ីណា អ្នក​យក​ព័ត៌មាន​ប្រចាំ​វិទ្យុ​បាយ័ន ដែល​ធ្វើ​ការ​ក្នុង​ស្ថាប័ន​វិទ្យុ​ប្រមាណ​ជា ៨ ឆ្នាំ​មក​ហើយ នៅ​តែ​ថា វិទ្យុ​មាន​សារៈសំខាន់ សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក​និយាយ​ថា៖ «ការ​ស្តាប់​កម្មវិធី​វិទ្យុ គឺ​ចំណេញ​ពេលវេលា​ពេល​បំពេញ​ការងារ របស់​ពួក​គាត់ ដូចជា​ពេល ដែល​គាត់​ធ្វើការ គាត់​អាច​ស្ដាប់​វិទ្យុ​បាន»៕